Social Network

១​ស​ប្ដា​ហ៍ នគរបាល​ចាប់ខ្លួន​មនុស្ស ២១៥​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀ.ន

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលជាតិ ក្រសួងមហាផ្ទៃ ទាំងកម្រិតអគ្គស្នងការដ្ឋាន ស្នងការដ្ឋាន អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល ទូទាំងប្រទេស បានក្រសោបចាប់ខ្លួន ជនសង្ស័យចំនួន ២១៥នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ក្នុងរយៈពេលពេញមួយសប្ដាហ៍កន្លងទៅ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានបញ្ជាក់ឱ្យដឹងនៅថ្ងៃ ទី២០ខែកុម្ភៈ ឆ្នាំ២០២៤ថា ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនក្នុងករណីគ្រឿងញៀន ផ្សេងៗគ្នា សរុបចំនួន ១២២ករណី ដែលមានការថយចុះធៀប នឹងសប្ដាហ៍កន្លងទៅ។

សប្ដាហ៍កន្លងទៅ នគរបាលចាប់ខ្លួនមនុស្ស ២៩៤នាក់ ក្នុងករណីគ្រឿងញៀន សរុប១៣៣ករណី ទូទាំងប្រទេស។ លោក បន្តថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ស្ថិតក្នុងកញ្ចប់ការងារអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសបង្កើនការយកចិត្តទុកដាក់អនុវត្តចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា ។ បើតាមអ្នកនាំពាក្យរងដដែល បានលើកឡើងថា គ្រាន់តែក្នុងខែមករាកន្លងទៅ នគរបាលជាតិបាន បង្ក្រាបករណីគ្រឿងញៀនចំនួន ៥៤៣ករណី ឃាត់ខ្លួនមនុស្ស ១.២៧៨នាក់ ៕

ដកស្រង់ពី៖កោះសន្តិភាព