Social Network

តុលាការ​សម្រេច​ឃុំខ្លួន​បុរស​ប្រឌិត​រឿង​ប៉ូលិស​ចរាចរណ៍​ផាកពិន័យ​ស្ត្រី​ឈ្មោះ​ម៉ូ​លី​កា ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ យឹម សុផាណា ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់ ករណីប្រឌិតអង្គហេតុ នៃការទារប្រាក់ផាកពិន័យ ចំពោះមន្ត្រីនគរបាលចរាចរណ៏ គោលដៅស្ដុបក្ដាន់ពីរ ។

អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងថា កាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ មានបុគ្គលជាជនសង្ស័យមួយក្រុម បានប្រើប្រាស់បណ្តាញសង្គមគណនីឈ្មោះ គង់ ម៉ូលីណា បានដាក់ពាក្យបណ្តឹងផ្ញើចូលទៅក្នុងគ្រុបសុវត្ថិភាពចរាចរណ៍យើង បានប្ដឹងទៅលើឈ្មោះ ខៀវ សុខឡាយ ជាមន្ត្រីនគរបាលចរាចរណ៍ប្រចាំការនៅស្តុបក្ដាន់ពីរ អំពីរឿងហេតុ នៃការទារប្រាក់ផាកពិន័យ ទៅស្នងការនគរបាលរាជធានីភ្នំពេញ។ តាមលទ្ឋផលស្រាវជ្រាវ និងស៊ើបអង្កេតរបស់សមត្ថកិច្ច បានកំណត់មុខសញ្ញាជនសង្ស័យឈ្មោះ យឹម សុផាណា ដែលបានប្រឌិតអង្គហេតុ បរិហារបង្កាច់កេរ្តិ៍ និងក្លែងបន្លំ ទៅលើឈ្មោះ ខៀវ សុខឡាយ ដែលការពិតក្នុងអង្គហេតុនេះ ឈ្មោះ ខៀវ សុខឡាយ ពុំបានប្រព្រឹត្តនោះឡើយ។

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បាននិងកំពុងចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ១០៥៦ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ទាក់ទិននឹងករណីប្តឹងបរិហារបង្កាច់កេរ្តិ៍ និងក្លែងបន្លំ ដែលមានជនត្រូវចោទ ឈ្មោះ ឃឹម សុផាណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ត្រូវបានចោទប្រកាន់ពីបទ ប្តឹងបរិហារបង្កាច់កេរ្តិ៍ និងបទក្លែងបន្លំ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣១១ មាត្រា៣១២ មាត្រា៦២៦ និងមាត្រា៦២៧ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ឈ្មោះ យឹម សុផាណា និងបានពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ យឹម សុផាណា ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់ ។ គួរជម្រាបថា កាលពីថ្ងៃទី១៦ កុម្ភៈ ម្សិលមិញនេះ ជនត្រូវចោទឈ្មោះ យឹម សុផាន់ណា ភេទប្រុស ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ហើយ ចំនួន០២បទល្មើស រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ។

បទល្មើស ចំនួន ២ រួមមាន ៖ ១. ការប្តឹងបរិហារបង្កាច់កេរ្តិ៍ ទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០ម៉ឺន ទៅ២លានរៀល ។ ២. បទក្លែងបន្លំ ទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ៦លានរៀល ។ សូមបញ្ជាក់ដែរ ជនសង្ស័យ ត្រូវបាននគរបាលរាជធានីភ្នំពេញ បញ្ចូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ពាក់ព័ន្ធចូលរួមរៀបចំផែនការប្រឌិតរឿងក្លែងក្លាយចោទប្រកាន់មកលើមន្ត្រីនគរបាលចរាចរណ៍ នៅគោលដៅស្តុបក្ដាន់២ ធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិ ។

ករណីនេះដែរ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ជនសង្ស័យរូបនេះ ស្ថិតក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ដែលកំពុងរត់គេចខ្លួន ខណៈសមត្ថកិច្ច កំពុងបន្តការស្រាវជ្រាវក្នុងការតាមចាប់ខ្លួនផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព