Social Network

ជើង​ខ្លាំង​ជួញដូរ​គ្រឿងញៀ.ន ប្រចាំ​តំបន់​ស្រុក​ប​សេដ្ឋ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​ហើយ

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរថ្នាំញៀនដ៏សកម្ម និងជាជើងខ្លាំងប្រចាំតំបន់ នៃស្រុកបសេដ្ឋ ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបព្រមទាំងដកហូតវត្ថុតាងបានមួយចំនួន។

ការបង្ក្រាបនេះ ត្រូវបានប្រភពប្រាប់ថា កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ ផ្ទាល់តែម្តង ។

ការបង្ក្រាបមុខសញ្ញាជាជើងខ្លាំងប្រចាំតំបន់ ធ្វើឡើងកាលពីថៃ្ងទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយបានទទួលព័ត៌មានថា នៅភូមិបឹងតាមុំ ឃុំផុង ស្រុកបសេដ្ឋ មានមុខសញ្ញាជើងខ្លាំង ខាងចែកចាយគ្រឿងញៀនដ៏សកម្ម ឈ្មោះ អ៊ុក សាវ៉ុន ភេទប្រុស អាយុ៣២ឆ្នាំ ។

អនុវត្តតាមវិធានការជំនាញធ្វើការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញា និងភូមិសាស្ដ្រ ។ ក្រោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ ជាក់ស្តែង កម្លាំងនគរបាល បានឡោមព័ទ្ធជនសង្ស័យជាមុខសញ្ញា បានរត់គេច តែត្រូវបានកម្លាំងដេញតាមឃាត់ខ្លួនបាន ឈ្មោះអ៊ុក សាវ៉ុន នៅចំណុចវាលស្រែខាងលិចភូមិបឹងតាមុំ និងដកហូតវត្ថុតាង រួមមាន ៖ -ម្ស៉ៅក្រាមពណ៍សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន ០៥កញ្ចប់ (ធំ០៤កញ្ចប់ និងមធ្យម០១កញ្ចប់) -ទូរសព្ទដៃ០១គ្រឿង លុយរៀល ៧,០០០,០០០ លានរៀល លុយដូល្លារ $4,000 កម្លាំងជំនាញបានឆែកឆេរ ដកហូតបានម្ស៉ៅក្រាម ពណ័សថ្លា សង្ស័យជាគ្រឿងញៀន ០១កញ្ចប់មធ្យម កាំភ្លើងខ្លីជ័រ ចំនួន១ដើម និងម៉ូតូ១គ្រឿង ម៉ាក Honda XR BAJA ពាក់ស្លាកលេខភ្នំពេញ 1FM-4981 ព្រមទាំងឃាត់ខ្លួនមុខសញ្ញា០១នាក់ទៀត (បក្ខពួក) ឈ្មោះ ញ សុខខេម ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ,ឃុំខាងលើ ។

ករណីនេះ មន្ត្រីជំនាញ កំពុងធ្វើការសាកសួរមុខសញ្ញា ដើម្បីកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព