Social Network

ឃាត់ខ្លួន ភេទទី៣ ពីបទលួច កាបូបលុយ អ្នករត់តាក់ស៊ីឆយ និងបក្ខពួកម្នាក់ទៀត គេចខ្លួនបាត់

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ៥និង៣០នាទី មានករណីលួចកាបូបលុយ អ្នករត់តាក់ស៊ីឆយ នៅមុខហាង ៧ប្រាយ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមរបាយការាណ៍ ពីនគរបាលរដ្ឋបាលប៉ុស្តិ៍ទឹកថ្លា បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ កែម រស្មី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរបើករថយន្តតាក់ស៊ីម៉ែត្រឆយ មានទីលំនៅម្តុំរោងចក្រ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានឈប់រថយន្តមុខ ហាង៧ប្រាយ

 ដែលមានទីតាំងស្ថិតនៅផ្លូវសហព័ន្ធរុស្ស៊ី ក្រុម៤ សង្កាត់ទឹកថ្លា ដោយពេលនោះ ជនរងគ្រោះមានការងងុយដេក ក៏បានដេកលក់មួយភាំង នៅក្នុងរថយន្ត ស្រាប់តែមានជនសង្ស័យ ២នាក់ ជិះម៉ូតូមកក្បែរ ហើយបើកទ្វាររថយន្តខាងឆ្វេង ខាងមុខ លួចយកកាបូប និងទូរស័ព្ទ ក្នុងរថយន្ត ពេលនោះជនរងគ្រោះបានភ្ញាក់ឡើង ហើយជនសង្ស័យម្នាក់ ក៏បានរត់ឡើងជិះម៉ូតូ គេចខ្លួនបាត់ នៅសល់ជនសង្ស័យម្នាក់ទៀត ដែលជាភេទទី៣ ចាប់ឃាត់ខ្លួនប្រគល់ ឲ្យសមត្ថកិច្ចធ្វើការ សាកសួរ។

ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន ទី១ ឈ្មោះ ហេន ហាន់នី ជាភេទទី៣ អាយុ ២៤ឆ្នាំ មុខរបរមេកាខារ៉ាអូខេ ដាយមិនស្តារ (កែវផ្លូវលេខ២០០៤) មានទីលំនៅផ្ទះជួល ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី២ ឈ្មោះ មាន ចន្តា ភេទប្រុស ត្រូវបានគេចខ្លួនបាត់។ នៅក្នុងកាបូបដៃពណ៌ខ្មៅ របស់ជនរងគ្រោះ មានលុយចំនួន ២០០.០០០រៀល , ប័ណ្ណបើកបររថយន្ត, ទូរស័ព្ទចំនួន ២គ្រឿង ម៉ាកណូគា ស៊េរីចាស់។

បច្ចុប្បន្នជនសង្ស័យ ដែលជាភេទទី៣ កំពុងឃាត់ខ្លួនសួរនាំនៅប៉ុស្តិ៍ទឹកថ្លា ដើម្បីឈានទៅចាប់ខ្លួន ជនសង្ស័យម្នាក់ទៀត៕

ដកស្រង់ពី៖ ដើមអម្ពិល