Social Network

ការ​ពិត គ្រោងការ​ចិនតៃវ៉ាន់​នេះ គឺ​ចង់​ថត​វី​ដេ​អូ​ក្នុង​​រាជធានី​ភ្នំពេញ តែ​ធ្វើ​ទៅ​រួច !

ខេត្តព្រះសីហនុ ៖ យោងតាមការសួរចម្លើយ ជនសង្ស័យជាជនជាតិតៃវ៉ាន់ទាំងពីរនាក់បានអះអាងថា នៅពេលដែលពួកគេមកដល់ប្រទេសកម្ពុជា គឺគ្រោងផលិតវីដេអូនៅក្នុងរាជធានីភ្នំពេញទេ ប៉ុន្ដែអគារដែលបានទៅដល់នោះមិនស្របក្នុងការថតវីដេអូឡើយ ទើបប្ដូរទីតាំងមកខេត្តព្រះសីហនុវិញ ។

នេះបើតាមប្រសាសន៍របស់លោកគួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ នៅក្នុងសន្និសីទព័ត៌មាន កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ពាក់ព័ន្ធរឿង៖ បង្ហាញមុខជនជាតិចិនតៃវ៉ាន់ ២នាក់ ដែលផលិតវីដេអូប្រឌិត ធ្វើឲ្យប៉ះពាល់ដល់ខេត្តព្រះសីហនុ សូមបញ្ជាក់ថា លោកគួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បានធ្វើសន្និសិទព័ត៌មាន បង្ហាញអំពីប្រតិបត្តិការចាប់ខ្លួនជនជាតិចិនតៃវ៉ាន់២នាក់ ដែលផលិតវីដេអូរពីសកម្មភាពចាប់បង្ខាំងមនុស្សខុសពីការពិតនៅខេត្តព្រះសីហនុចេតនាញុះញង់ធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងភាពវឹកវរនៅក្នុងសង្គម និងប្រទេសកម្ពុជាយើងទាំងមូល ។

នៅចំពោះមុខអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ លោកគួច ចំរើន បានឲ្យដឹងថា ជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់នេះបានធ្វើដំណើរចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានផលិតវីដេអូរធ្វើសកម្មភាពចាប់បង្ខាំងមនុស្ស ហើយបង្ហោះនៅលើបណ្ដាញសង្គមរបស់ខ្លួន ដើម្បីទាក់ទាញអ្នកចូលទស្សនា និងដើម្បីផលប្រយោជន៍លក់ដូរផលិតផលនៅប្រទេសរបស់ខ្លួន ។

លោកអភិបាលខេត្តបានឲ្យដឹងបន្ថែមទៀតថា យោងតាមការសួរចម្លើយជនសង្ស័យទាំងពីរនាក់នេះ បានអះអាងថា នៅពេលដែលពួកគេមកដល់ប្រទេសកម្ពុជា គ្រោងផលិតវីដេអូនេះនៅរាជធានីភ្នំពេញ ប៉ុន្ដែអគារដែលបានទៅដល់នោះមិនស្របក្នុងការថតវីដេអូរឡើយ ទើបប្ដូរទីតាំងមកខេត្តព្រះសីហនុវិញ ។ក្រោយមកដល់ខេត្តព្រះសីហនុ ពួកគាត់បានទៅអគារមួយកន្លែងនៅម្ដុំឆ្នេរអូរត្រេះ ហើយរៀបចំថតជាវីដេអូ និងឡាយផ្ទាល់នៅលើបណ្ដាញសង្គមដោយប្រឌិតថា «រូបគេត្រូវបានគេចាប់បង្ខាំង និងធ្វើទារុណកម្ម ប៉ុន្ដែរូបគេលួចរត់ចេញមកក្រៅបាន» ។ បន្ទាប់ពីឃើញវីដេអូបែបនេះ លោកបានបញ្ជារកម្លាំងជំនាញធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗ។

លោក គួច ចំរើន បានបន្ថែមថា បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងសមត្ថកិច្ចជំនាញ កំណត់បានទីតាំងរបស់ពួកគេស្នាក់នៅ ហើយឈានដល់ការចាប់ខ្លួនតែម្ដង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងនេះ ។ លោកបានបញ្ជាក់ថា បើតាមផែនការរបស់ពួកគេ ក្រោយសម្ដែងរួចនៅខេត្តព្រះសីហនុ ពួកគេគ្រោងទៅផលិតខ្សែរវីដេអូរនៅខេត្តសៀមរាបបន្ដទៀត ប៉ុន្ដែមិនទាន់បានទៅផង ក៏ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង ។ លោក គួច ចំរើន បានគូសបញ្ជាក់ថា តាមរយៈវីដេអូដែលពួកគេសម្ដែងពីសកម្មភាពចាប់បង្ខាំងមនុស្សនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងមុខមាត់ប្រទេសកម្ពុជាតែម្ដង ខណៈដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរ កំពុងដើរកម្សាន្ដ និងរស់នៅប្រកបដោយសុវត្ថិភាព ក្រោមម្លប់នៃសុខសន្ដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។

តាមវិធានការច្បាប់ចំពោះជនសង្ស័យជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់នេះ ត្រូវបានលោកគួច ចំរើន អះអាងថា នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ដោយបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់របស់កម្ពុជា រួចទើបបណ្ដេញចេញទៅកាន់ប្រទេសដើមវិញ ។

ជាមួយគ្នានេះ លោក គួច ចំរើន ក៏បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលកំពុងដើរលេងកម្សាន្ដ ឬបម្រុងមកកម្សាន្ដនៅប្រទេសកម្ពុជា ពិសេសខេត្តព្រះសីហនុ សូមកុំមានការព្រួយបារម្ភ ពោលសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពត្រូវបានធានាយ៉ាងល្អប្រសើរ ហើយអាចដើរលេងកម្សាន្ដដោយគ្មានការភ័យខ្លាចអ្វីឡើយ។ បន្ថែមពីនេះ លោកក៏បានអំពាវនាវដល់អ្នកសារព័ត៌មាន ត្រូវចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសន្ដិសុខសណ្ដាប់ធ្នាប់ នៅក្នុងប្រទេសកម្ពុជាឲ្យបានទាំងអស់គ្នា ពោលត្រូវចូលរួមផ្សព្វផ្សាយនូវអ្វីដែលជាគោលដៅទេសចរណ៍ ទៅកាន់មជ្ឍដ្ឋានជាតិ និងអន្ដរជាតិ សំដៅទាក់ទាញភ្ញៀវទេសចរដើម្បីចូលមកកម្សាន្ដ ៕

ដកស្រង់ពី៖កោះសន្តិភាព