Social Network

បង្ហាញមុខ​ជនជាតិ​ចិនតៃវ៉ាន់ ២​នាក់ ដែល​ផលិត​វី​ដេ​អូ​ប្រឌិត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខេត្ត​ព្រះ​សីហ​នុ

ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើសន្និសីទសារព័ត៌មានលម្អិត ដើម្បីបង្ហាញអំពីជនសង្ស័យចំនួន ២នាក់ ជាជនជាតិចិនតៃវ៉ាន់ ដែលផលិតមាតិកាវីដេអូប្រឌិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សណ្ដាប់ធ្នាប់ និងសន្តិសុខ នៅខេត្តព្រះសីហនុ ។

សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ ចំនួន ២នាក់ នៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេ រួមគ្នាផលិតវីដេអូក្លែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ និងចុចឡាយ រហូតដល់ជាង៥លាននាក់ ។

វីដេអូ ដែលពួកគេផលិតនោះ មានដូចជា ការរត់គេចពីការតាមចាប់ខ្លួន ធ្វើទារុណកម្ម វីដេអូខ្មោចលង និងវីដេអូផ្សេងៗទៀត នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។ តាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ដែលមានបំណងមកលេងកម្សាន្ដ ក៏ដូចជាមកទេសចរណ៍ក្នុងខេត្តព្រះសីហនុ។ ដែលធាតុពិតមិនមានហេតុការណ៍នេះកើតឡើងទេ ដោយជនសង្ស័យធ្វើដើម្បីទាក់ទាញការចូលមើល ឬដើម្បីបាន View ច្រើនតែប៉ុណ្ណោះ ។

ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតស្រោមមុខខ្មោច, កាំភ្លើងជ័រ, សំលៀកបំពាក់ទាហានប៉ារ៉ា, ទូរសព្ទដៃ, សម្ភារឧបករណ៍ផលិត Video Live និងសម្ភារៈ បម្រើឲ្យការថតវីដេអូមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព