Social Network

អាជ្ញាធរ​ខណ្ឌមានជ័យ ចុះ​បង្ក្រាប​ទីតាំង​បើក​លេងល្បែង​ខុសច្បាប់ ក្នុង​អគារ R&F

រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចុះបង្ក្រាបទីតាំងលេងល្បែង ចុះបង្ក្រាបល្បែងហ្គេមខុសច្បាប់ ១កន្លែង ក្នុងអគារ R&F ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់ ខណ្ឌមានជ័យ នេះបើតាមលោក សេង គន្ធ អភិបាលរង ខណ្ឌមានជ័យ ។

ប្រតិបត្តិការណ៍នេះ ធ្វើឡើងបន្ទាប់ពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាប្រធានផ្សារទាំង២៥ គឺមិនអនុញ្ញាតឲ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មាននៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ ។ ការដាក់បទបញ្ជាបែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយអភិបាលខណ្ឌទាំង១៤ និងប្រធានផ្សារទាំង២៥ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ពោលគឺក្រោយពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាភ្លាម ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ចំពោះអាជីវកម្មឆ្នោតផ្សងសំណាង ចំនួន១០ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនឆ្នោតផ្សងសំណាងចំនួន៦ ស្មើនឹងជាង៦០ទីតាំង ដែលហួសសុពលភាព គឺមិនអនុញ្ញាតឲ្យបន្តបើកអាជីវកម្មទៀតទេ។ ប៉ុន្តែបើក្រុមហ៊ុនទាំងនោះ នៅតែបន្តអាជីវកម្មរបស់ខ្លួន អាជ្ញាធររាជធានីភ្នំពេញ និងធ្វើការបង្ក្រាបជាបន្ទាន់ ព្រោះជាទីតាំងដែលខុសច្បាប់ ហើយចំពោះទីតាំងថ្មី គឺមិនអនុញ្ញាតឲ្យមានទៀតទេ ។

លោក ឃួង ស្រេង បានបន្តទៀតថា តាមជុំវិញផ្សារ សាលារៀន គឺមិនអោយមានដាច់ខាត ចំពោះល្បែងស៊ីសងខុសគ្រប់ប្រភេទ បើមានលួចបើកល្បែងស៊ីសងខុសច្បាប់ទាំងនេះ គឺត្រូវតែបង្ក្រាបភ្លាមតែម្តង ។ បន្ថែមពីនេះទៀត លោក ឃួង ស្រេង ជម្រុញអោយបន្តបង្កើត Group Telegram ក្រុមការងារត្រួតពិនិត្យ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅរាជធានីភ្នំពេញ ដោយក្រុមការងារនេះ ត្រូវមានរបាយការណ៍ប្រចាំថ្ងៃជូន អភិបាលរាជធានីភ្នំពេញ ។

ចំពោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងខណ្ឌទាំង១៤ ត្រូវរៀបចំប្រជុំបន្ទាន់ ដើម្បីដាក់ផែនការចុះត្រួតពិនិត្យលិខិតអនុញ្ញាតទីតាំងអាជីវកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅភ្នំពេញ ទីតាំងដែលលិខិតអនុញ្ញាតផុតសុពលភាពត្រូវបិទជាបន្ទាន់ ទីតាំងដែលមានអាជ្ញាបណ្ណពី គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា តែគ្មានលិខិតអនុញ្ញាតទីតាំងក៏ត្រូវបិទ ទីតាំងដែលនៅសល់សុពលភាព លិខិតអនុញ្ញាតទីតាំង ត្រូវរង់ចាំដល់ផុតសុពល រួចចុះបិទដែរ បញ្ឈប់ការបន្តសុពលភាពលិខិតអនុញ្ញាតទីតាំង និងចេញលិខិតអនុញ្ញាតទីតាំងថ្មី ។ គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នាព្រឹថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចបានចេញបទបញ្ជាឱ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណ ឬការផ្ដល់សិទ្ធិបើកទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន ។ ជាមួយគ្នានេះ សម្ដេចធិបតី បានណែនាំឱ្យគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងកម្ពុជា ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ ជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ រួមទាំងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញ នូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានា នៅទូទាំងប្រទេស ។

ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់អភិបាលរាជធានីខេត្តទាំងអស់ ចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាននៃដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីមានបន្តបើកថ្មីៗទៀត សូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍មកសម្ដេច ដើម្បីចាត់វិធានការបន្ត ដែលអាចឈានដល់ការដកអាជ្ញាបណ្ណនៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្ដង ៕

ដកស្រង់ពី៖កោះសន្តិភាព