Social Network

ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​គាស់​បន្ទប់​ខុន​ដូរ​ក្នុង​ខណ្ឌទួលគោក

រាជធានីភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់បន្ទប់ខុនដូរ) ។

កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីវេលាម៉ោង១៥និង៤៥នាទីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យរូបនេះ កម្លាំងជំនាញ បានអោយដឹងថា ជាមុខសញ្ញាចាស់ និងមិនរៀងចាល ជនសង្ស័យឈ្មោះ កែវ បញ្ញារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ៤០z បន្ទប់លេខ១៣ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះ ធ្វើឡើងតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញ បាននាំខ្លួនជនសង្ស័យ ទៅឆែកបន្ទប់ស្នាក់នៅ ហើយបានរកឃើញឯកសារសំខាន់ៗមួយចំនួនរបស់ជនរងគ្រោះ ដែលលួចបាននាពេលកន្លងទៅ ក្នុងនោះ មានដូចជាអត្តសញ្ញាណប័ណ្ណ សញ្ញាបត្រ និងឯកសារមួយចំនួនទៀត។ កម្លាំងជំនាញបានព្យាយាមទាក់ទងទៅជនរងគ្រោះ ហើយបានប្រគល់ជូនម្នាក់ផងដែរ ។ បន្ទាប់ពីបញ្ចប់ការសួរនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព