Social Network

ដីកា​កោះហៅ​៣​លើក និង​នាំ​ខ្លួន​១​លើក ប៉ុន្តែលោកស្រី​ម្ចាស់​បុរី ម៉​ន ដា​នី មិន​ចូលខ្លួន​! ទើប​តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន

រាជធានីភ្នំពេញ ៖ លោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានសម្រេចចេញដីកាបង្គាប់ឱ្យកម្លាំងសាធារណៈស្រាវជ្រាវ រកចាប់ខ្លួន និងនាំខ្លួនបុគ្គលឈ្មោះ ម៉ន ដានី ភេទស្រី អាយុ៣៩ឆ្នាំ ដែលមហាជនស្គាល់ថា ជាម្ចាស់បុរី KP Developer Land & House ជូនសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ បន្ទាប់ពីតុលាការចេញដីកាបង្គាប់ឱ្យចូលខ្លួនចំនួន ០៣លើក និងបានចេញដីកាបង្គាប់ឱ្យនាំខ្លួន ០១លើក ប៉ុន្តែជនត្រូវចោទរូបនេះ មិនបានចូលមកបង្ហាញខ្លួនតាមកាលកំណត់របស់តុលាការឡើយ ។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបានបែកធ្លាយ នាពេលថ្មីៗនេះ បានបង្ហាញថា ៖ បានឃើញដីកាបញ្ជូនឱ្យឆ្លើយលេខ ០៣៤ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ និងយោបល់របស់តំណាងអយ្យការ បានឯកភាពលើការស្នើសុំឱ្យចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលើជនត្រូវ ចោទឈ្មោះ ម៉ន ដានី ភេទស្រី កើតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ ។

ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់ ឃើញថា ៖ ជនត្រូវចោទឈ្មោះ ម៉ន ដានី ភេទស្រី កើតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីកន្លែងកំណើតនៅឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ ដោយមានអាសយដ្ឋានបច្ចុប្បន្នស្នាក់នៅ ផ្ទះលេខបេ៤៨ ផ្លូវបេតុង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជានីតិជន ប្តីឈ្មោះ ឃុនថាវង្ស ផងផាន់ ។

ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរពីបទ ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិឱ្យផ្ដន្ទាទោសតាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញគួរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់ លុយ៦០៨,២០០ ដុល្លារអាមេរិក ។ ជនត្រូវចោទឈ្មោះ ម៉ន ដានី ត្រូវបានតុលាការចេញ ដីកាបង្គាប់ឱ្យចូលខ្លួនចំនួនបីលើក និងបានចេញដីកាបង្គាប់ឱ្យនាំខ្លួនរួចហើយ ប៉ុន្តែជនត្រូវចោទរូបនេះមិនបានចូលមក បង្ហាញខ្លួនតាមកាលកំណត់របស់តុលាការឡើយ ដូច្នេះតុលាការគប្បីចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទរូបនេះ មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការពិតក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ ។

ហេតុដូច្នេះ សម្រេច ៖ ១. បង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ម៉ន ដានី ភេទស្រី កើតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ ដែលមានអត្ត សញ្ញាណខាងលើនេះ ។ ២.បង្គាប់ឱ្យកម្លាំងសាធារណៈស្រាវជ្រាវរកចាប់ខ្លួន និងនាំបុគ្គលឈ្មោះ ម៉ន ដានី ភេទស្រី កើតនៅថ្ងៃទី១៣ ខែ សីហា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ ដែលមានអត្តសញ្ញាណខាងលើនេះ ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ ៣.បង្គាប់ឱ្យភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់នៅពេលត្រូវបានទទួលការបង្ហាញ ត្រូវសហការអនុវត្តឱ្យ បានល្អក្នុងករណីចាំបាច់ ៕

ដកស្រង់ពី៖កោះសន្តិភាព