Social Network

កម្មករជាង ៣០០នាក់ បួងសួងមុខ តុលាការ ខេត្ដកំពង់ស្ពឺ សុំដោះលែង មន្រ្តីសហជីព ៥រូប

កំពង់ស្ពឺ៖ ក្រុមកម្មករ-កម្មការិនី បម្រើការងារ នៅរោងចក្រ អ៊ែជ្យាយស៍ ស្វេតថឺ ជាង៣០០នាក់ នៅម៉ោង ប្រមាណជា ១០ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នេះ បាននាំគ្នាអុជធូបបួងសួង នៅមុខសាលាដំបូងខេត្ត ដើម្បីបន់ស្រន់សុំឲ្យ តុលាការដោះលែងមន្រ្តី សហជីពទាំង ៥រូប ដែលត្រូវបានចាប់ខ្លួន ក្នុងករណីផ្ទុះហិង្សា ជាមួយសមត្ថកិច្ច និងសហជីពកាងរោងចក្រ កាលពីព្រឹកថ្ងៃម្សិលមិញ។

តំណាងសម្ព័ន្ធ សហជីពចលនាកម្មករ លោក ទួន សារ៉ែន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ថា កម្មករ-កម្មការិនី កំពុងដុតធូបបន់ស្រន់ សុំឲ្យមានការដោះលែងមន្រ្តី សហជីពដែលត្រូវបានចាប់ខ្លួន ដោយគ្មានកំហុស និងសុំឲ្យទេវតា បរាមុខសមត្ថកិច្ចដែលចាប់ខ្លួនជនល្មើស មិនបានបែរជាមកចាប់ ជនគ្មានកំហុសទៅវិញ។

លោក ទួន សារ៉ែន បានលើកឡើងថា “ខ្ញុំគិតថា វាអយុត្តិធម៌ណាស់សម្រាប់បងប្អូន កម្មករដែលខាងបងសមត្ថកិច្ចបានឈរ ឱបដៃសើចមើល ក្រុមជនពាលកាង ផលប្រយោជន៍រោងចក្រ វាយដំទៅលើកម្មករ និងមន្រ្តីសហជីព ដែលខ្លួន មានភារកិច្ចក្នុងការថែរក្សា សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ក្រោយមានការដើរដង្ហែរក្បួន របស់កម្មករនៅមុខ សាលាដំបូងខេត្ត ខណៈនេះព្រះរាជអាជ្ញាអម សាលាដំបូងខេត្ដកំពង់ស្ពឺ បានអនុញ្ញាឲ្យតំណាងកម្មករ និងសហជីពចំនួន ១០រូបជួបចរចាគ្នា ដើម្បីស្វែងរកដំណោះស្រាយ៕

ដកស្រង់ពី៖ ដើមអម្ពិល