Social Network

ឆ្លង​ចរន្តអគ្គិសនី ឆេះ​ផ្ទះ និង​ទ្រព្យសម្បត្តិ​អស់​សន្ធឹកសន្ធាប់ នៅ​ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ផ្ទះឈើ២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ឋោសន្ឋៅ ត្រូវបានសមត្ថកិច្ចចេញអន្តរាគមន៍ បាញ់ទឹកពន្លត់ដែរ តែមិនអាចឈ្នះ កម្លាំងព្រះអគ្គីបានឡើយ ។

ហេតុការណ៍អគ្គិភ័យខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១៦និង៤៥នាទីថ្ងៃទី១២ ខែកុម្ភុៈ ឆ្នាំ២០២៤ នៅភូមិព្រៃមិច១ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ច បានអោយដឹងថា ករណីអគ្គិភ័យឆេះផ្ទះចំនួន ២ខ្នង ផ្ទះទី១ ទំហំ ៧មx៨ម ធ្វើអំពីឈើ ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង បេតុងក្រោម និងផ្ទះបាយ ទំហំ ៤មX៦ម ធ្វើអំពីឈើ ជញ្ជាំងក្តារ ដំបូលប្រកស័ង្កសី ជាកម្មសិទ្ធិរបស់ ឈ្មោះ អ៊ុក វឿន ភេទស្រី អាយុ៦៥ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ បណ្តាលឲ្យឆេះខូចខាតសម្ភរៈ ទាំងស្រុងដូចខាងក្រោម ៖ -ឆេះគ្រែដេកចំនួន ៣ -ឆេះទូរចំនួន ៣ -ឆេះពូកដេកចំនួន ៣ -ឆេះអង្ករ ១០០ គីឡូក្រោម -ឆេះស្រូវ ៣,៥០០ គីឡូក្រោម -ឆេះអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ៥សន្លឹក -ឆេះសៀវភៅស្នាក់នៅចំនួន ២ក្បាល -ឆេះប័ណ្ណសម្គាល់ម៉ូតូចំនួន ៣ សន្លឹក -ឆេះប័ណ្ណសម្គាល់រថយន្ត ចំនួន ១ សន្លឹក -ឆេះប្រាក់ដុល្លារចំនួន ៥,១០០ ដុល្លារ -ឆេះប្រាក់រៀលចំនួន ៩,០៥០,០០០ រៀល -ឆេះមាស ៧ ជី -ឆេះផ្លាកទីន ៣ ជី -ឆេះម៉ាស៊ីនបូមទឹក ១ គ្រឿង -ឆេះម៉ាស៊ីនបាញ់ថ្នាំផ្ទះ ១ គ្រឿង -ឆេះទូរទឹកកក ១ គ្រឿង -ឆេះបង្កាន់ដៃប្លង់ដី ៩ សន្លឹក -ឆេះឈើទុកធ្វើផ្ទះ ១២ម៉ែត្រគូប -ឆេះសំលៀកបំពាក់ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងស្រុង ។ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីចេញពីផ្ទបាយ ។

គ្រោះអគ្គិភ័យនេះ សមត្ថកិច្ចបានជួយអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿង អស់ទឹកចំនួន ២រថយន្ត ទើបអគ្គិភ័យរលត់ទាំងស្រុង មិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរគ្នា និងមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សសត្វឡើយ ៕

ដកស្រង់ពី៖កោះសន្តិភាព