Social Network

លោក ជួន ណា​រិ​ន្ទ បង្ហាញ​មុខមាត់​ពិត បុគ្គល​ដែល​និពន្ធ​រឿង​នារី​ឈ្មោះ ម៉ូ​លី​កា ត្រូវ​ប៉ូលិស​ចរាចរណ៍ (​ស្តុ​ប​ក្តាន់​២) ផាកពិន័យ

រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបង្ហាញមុខមាត់ពិត បុគ្គលជាតួស្ត្រីឈ្មោះគង់ ម៉ូលីកា ហើយក៏ជាអ្នកនិពន្ឋរឿងប៉ូលិសចរាចរណ៍(ស្តុបក្តាន់២) ផាកពិន័យ និងបា.ញ់លុយឲ្យជនស៊ីវិល ។

លោកស្នងការ ជួន ណារិន្ទ បានជម្រាបថា បុគ្គលរូបនេះ ក៏ជាជនស៊ីវិលដែរ។ លោកបន្តថា សាច់រឿងខាងលើនេះ អាចនៅមានបន្តទៀត។ យ៉ាងណា សូមឲ្យអ្នកនិយមលេងបណ្ដាញសង្គមមួយចំនួនតូច ពិចារណាគ្រប់ជ្រុងជ្រោយ មុនធ្វើការវាយប្រហារ ព្រោះប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នដែលស្អាតស្អំ ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកបានបញ្ជាក់ថា ករណី (ស្ត្រីឈ្មោះម៉ូលីកា មិនមែនជាជនរងគ្រោះទេ) គឺជាការប្រឌិតរឿង ដោយគណនីហ្វេសប៊ុកក្លែងក្លាយ។ ទាំងនុស្ស ទាំងប្រព័ន្ធតេឡេក្រាម ឆ្លងឆ្លើយគ្នា គឺជាបុគ្គលផ្សេងរៀបចំ មិនមែនជារឿងពិតទេ។ ករណីនេះ សមត្ថកិច្ចជំនាញ កំពុងធ្វើការជាបន្តហើយ ។

គួររម្លឹកថា មានបណ្ដាញព័ត៌មានមួយចំនួន បានផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ដោយដកស្រង់សំណេររបស់ស្ត្រីឈ្មោះ គង់ ម៉ូលីកា យ៉ាងដូច្នេះថា ៖ «នាងខ្ញុំឈ្មោះ ម៉ូលីកា សូមប្តឹងទៅលោកពូៗ មេប៉ូលិសក្រសួងមហាផ្ទៃ លោកពូ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកអ៊ុំ ជួន ណារិន្ទ ដែលជាស្នងការរាជធានីភ្នំពេញ កាលពីម្សិលមិញថ្ងៃព្រហស្បត៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០២រសៀល នាងខ្ញុំ បានចេញពីផ្ទះនៅស្ទឹងមានជ័យ ដែលនាងខ្ញុំ បើកឡាន ជូនម្តាយទៅពេទ្យបន្ទាន់ ដោយសារម្តាយថប់ដណ្ហើម ដោយសារគាត់មានជំងឺបេះដូង ហូបអត់ទៀងទាត់ គាត់ក៏បានធ្វើទុក្ខខ្លាំង ។

លុះពេលមកដល់ចំណុច ស្តុបក្តាន់២ នៅវេលាម៉ោង ២និង៥៣នាទីរសៀល នាងខ្ញុំឃើញ ភ្លើងស្តុបពណ៌លោត(ក្រហម)ហើយ ឡានខ្ញុំជ្រុល ក៏បានឈប់ គោរពច្បាប់ មិនទៅមុខទៀតទេ ខ្ញុំឈប់លើគំនូស.ស ហើយពេលភ្លើងលោតបៃតង ខ្ញុំក៏ទៅមុខទៀត ឆ្លងកាត់ចូលផ្លូវបឹងកក់ ពេលនោះមាន ប៉ូលិសគ្នា៣នាក់ មានគ្នា២នាក់ ចុះមកចាប់ឡាននាងខ្ញុំ ហើយបានអញ្ជើញនាងខ្ញុំចុះ ខ្ញុំសួរថា ពូចាប់ តើខ្ញុំខុសអី ?

គាត់ថា មីអូនឯង មិនបាច់និយាយច្រើនទេ ចុះទៅដឹងហើយ។ នាងខ្ញុំប្រាប់ថា ពូ! ខ្ញុំប្រញាប់ជូនម្តាយទៅពេទ្យ គាត់ថប់ដណ្ហើម តែពួកគាត់អត់ព្រមទេ ហើយនិយាយថា ហ្អែងចុះសិនមក បើគាត់ដកចង្កាមាន់ ចាំអញហៅឡានពេទ្យ ដឹងទៅពេទ្យ។ ពេលខ្ញុំ ទៅជួបពូប៉ូលិសម្នាក់ទៀត នៅអង្គុយក្បែរម៉ូតូ គាត់សុំត្រួតពិនិត្យប័ណ្ណបើកបរ ពេលនោះ ខ្ញុំអោយគាត់មើល ហើយគាត់ថា ចុះឯណា ឆៀក និងកាតគ្រី ? គាត់ថា ឡានមីអូនឯង ផុតឆៀកហើយ ចឹងមាត្រ៨០ គេពិន័យ ឆៀក ២០ម៉ឺនរៀល មួយទៀត ឈប់លើគំនូស ១៥ម៉ឺនរៀលទៀត។ ខ្ញុំថាពូ ខ្ញុំសុំ ជូនពូ 20$ ទៅបានហើយ ព្រោះប្រញាប់ជូនម្តាយទៅពេទ្យ។ ប៉ូលិសគាត់ថា បើប្រញាប់ បង់គំនូសជាក់ស្តែងទៅ.. បញ្ចុះតំលៃអោយសល់ ២៥ម៉ឺនរៀល។ ចុងក្រោយគាត់ថា បើអត់លុយ យកឡានទៅទុកចោលនៅខណ្ឌសិន ខ្ញុំសួរថា ខណ្ឌនៅឯណា ?

គាត់ថា នៅខណ្ឌដូនពេញ។ ខ្ញុំថា ឥឡូវពូយកប៉ុន្មាន ? តែមាន តែក្នុង(គណនីធនាគារ) ១៧ម៉ឺនរៀលទេ។ គាត់ថា ទៅជួបមេគាត់ ដែលពាក់ស៊ីវិលទៅ..។ នៅពេលទៅជួបបងជនស៊ីវិលនោះ គាត់ឲ្យបាញ់ ABA មក..។ ហើយគាត់យក 20$ ទៅអោយកូនចៅគាត់ ដែលចាប់ឃាត់មិញទៅ។ គាត់អង្គុយជិតម៉ូតូ ខ្ញុំមើលឈ្មោះព្រិលៗ ឈ្មោះ ខៀ សុខឡាយ ។ នាងខ្ញុំសួរ គាត់ថា ចុះឯណា ប័ណ្ណផាកពិន័យ គាត់ថា បើចង់បានប័ណ្ណផាកពិន័យ យកឡានទៅខណ្ឌសិន រឺ យកទៅក្រោយព្រះបរមរាជវាំង ។ ហើយជនស៊ីវិលនេះ ឆ្លៀតយកលុយខ្ញុំហើយ សុំលេខមកញ៉ែ នាងខ្ញុំទៀត ថោកណាស់! សូមសំណូមពរលោកពូ ជួន ណារិន្ទ ណែនាំពួកគាត់ផង ចេះអនុគ្រោះដល់អ្នកជំងឺ ក្នុងឡានផង» ៕

អត្ថបទពាក់ព័ន្ធ ទី១៖ «លោក ជួន ណារិន្ទ ស្នើឲ្យស្ត្រីម្នាក់ចូលបំភ្លឺ ដើម្បីរកយុត្តិធម៌ជូន ករណីប៉ូលិសចរាចរណ៍(ស្តុបក្តាន់២) ផាកពិន័យ និងបា.ញ់លុយឲ្យជនស៊ីវិល» ។ អត្ថបទពាក់ព័ន្ធ ទី២៖ «លោកស្នងការ ជួន ណារិន្ទ ថាស្ត្រីឈ្មោះម៉ូលីកា មិនមែនជាតួអង្គក្នុងរឿងនេះទេ ស្នើឲ្យអ្នកនិពន្ធចេញមកសារភាពជាបន្ទាន់!» ។ អត្ថបទពាក់ព័ន្ធ ទី៣៖ «លោកស្នងការ ជួន ណារិន្ទ បញ្ជាក់ច្បាស់ថា ករណីស្ត្រីឈ្មោះម៉ូលីកាអះអាងខ្លួនថាជាជនរងគ្រោះនោះ ជារឿងមិនពិតទេ» ។

ដកស្រង់ពី៖កោះសន្តិភាព