Social Network

កសិករម្នាក់ បានស្លាប់ដោយរថយន្ត បុកនៅស្រុកកៀនស្វាយ

កណ្តាល ៖ បុរសជា កសិករម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជួប គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត និងម៉ូតូ នៅម៉ោង ០៨៖១៥នាទី យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅចំណុចចន្លោះគីឡូម៉ែត្រ លេខ៤៥-៤៦ ភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក ព្រុំ សំណាង អធិការរង ទទួលផែន សន្តិសុខសណ្តាប់ធ្នាប់ ចរាចរណ៍ស្រុក កៀនស្វាយ បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ អឿន ស៊ីនឿន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ ចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ ។ ចំណែកអ្នកបើកបរ រថយន្តបង្កប្រភេទ តូរីស ពណ៍សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2R.1939 បើកបរ មិនស្គាល់អត្តសញ្ញាណ ព្រោះក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ ។

រថយន្តបើកក្នុង ទិសដៅពីភ្នំពេញ អ្នកលឿង មកដល់ចំណុច កើតហេតុបាន បុកម៉ូតូសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CD.9688 បើកដោយឈ្មោះ អឿន ស៊ីនឿន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ ចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ។ ក្រោយសមត្ថកិច្ច ចុះធ្វើការវាស់វែង បានបញ្ជាក់ថា ចំពោះករណី ចរាចរណ៍ខាង លើនេះបង្កឡើង ដោយរថយន្តបាន បើកក្នុងស្ថានភាពលឿន មិនប្រយ័ត្នក៏ជ្រុល ចង្កូចមកបុកលើម៉ូតូ (បុកក្នុងចំណែកផ្លូវរបស់ម៉ូតូ) បណ្ដាលអោយស្លាប់ អ្នកបើកម៉ូតូនៅ កន្លែងកើតហេតុ។

ចំពោះ ករណីនេះ ជំនាញបាន បន្តនីតិវិធី ប្រមូលយក មធ្យោបាយ មកកាន់ អធិការដ្ឋាន ដើម្បីស្រាវជ្រាវ រកម្ចាស់ រថយន្តបង្ក អោយចូល ខ្លួនមក ដោះស្រាយ តាមច្បាប់៕

ដកស្រង់ពី៖ ដើមអម្ពិល