Social Network

រយៈពេល១០ ក្នុងខែមករា គ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យមនុស្សស្លាប់ និងរបួស ជាង ២៥០នាក់

ភ្នំពេញ៖ រយៈពេល ១០ថ្ងៃ នៃខែមករា ដើម ឆ្នាំ២០១៦នេះ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានបណ្តាលឲ្យមនុស្សចំនួន ជាង ៥០នាក់ស្លាប់ និងជាង ២០០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល។

យោងតាមរបាយការណ៍ របស់នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទាំង ១០ថ្ងៃ បានកើតឡើងចំនួន ៩៧លើក ថយចុះ ២៦លើក ស្មើនឹង ២១ភាគរយ, ស្លាប់ចំនួន ៥២នាក់ ថយចុះ ៦នាក់ ស្មើនឹង ១០ភាគរយ និងរបួសធ្ងន់-ស្រាលចំនួន ២១៦នាក់ កើនឡើងចំនួន ២៤នាក់ ស្មើនឹង ១៣ភាគរយ។

សរុបលទ្ធផល ១០ថ្ងៃ ឃាត់យានយន្ត ល្មើសបានចំនួន ៦២.៧៨៣គ្រឿង ក្នុងនោះម៉ូតូ ចំនួន ៥៦ភាគរយ, ធ្វើការអប់រំចំនួន ៣៣.២២៥គ្រឿង ស្មើនឹង ៥៣ភាគរយ និងពិន័យបានចំនួន ២.៧៦៣គ្រឿង បានបង់ប្រាក់ចំនួន ៧៤ភាគរយ។

 ចំពោះគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ម្សិលមិញនេះ បានកើតឡើងចំនួន ៩លើក, បណ្តាលឲ្យមនុស្សចំនួន ៥នាក់ស្លាប់, របួសធ្ងន់ ១៣នាក់ និងរបួសស្រាល ៥នាក់។

 មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍មានដូចជា ជិះលឿន ២លើក, ស្រវឹង ២លើក, មិនគោរសិទ្ធិ ២លើក, ប្រជែងគ្រោះថ្នាក់ ២លើក និងបត់គ្រោះថ្នាក់ ១លើក។ ខេត្តដែលមានគ្រោះថ្នាក់ និងរងគ្រោះច្រើន មានខេត្តកំពង់ស្ពឺ ៣លើក , កំពង់ចាម ១លើក, បាត់ដំបង ១លើក, ស្វាយរៀង ១លើក និងខេត្តតាកែវ ១លើក។

 លទ្ធផលត្រួតពិនិត្យ អនុវត្តន៍ច្បាប់ ចរាចរណ៍ ឃាត់យានយន្ត ល្មើសបានចំនួន ៤.៧៤៥គ្រឿង ក្នុងនោះមានម៉ូតូ ៥៩ភាគរយ, អប់រំចំនួន ១.៩៨២គ្រឿង ស្មើនឹង ៤២ភាគរយ និងពិន័យចំនួន ២.៧៦៣គ្រឿង បង់ប្រាក់បានចំនួន ៧៤ភាគរយ៕

ដកស្រង់ពី៖ ដើមអម្ពិល