Social Network

ប្តី និងកូនតូច បាត់បង់ជីវិត រីឯប្រពន្ធរងរបួសធ្ងន់ ដោយសាររថយន្តតូច​បុកជាមួយរថយន្តស្ទូច នៅស្រុកចុងកាល់

ឧត្តរមានជ័យៈ រថយន្តតូយ៉ូតា កាមរី (ឆ្លាម) និងរថយន្តស្ទូច បានបុកគ្នា ពេញទំហឹង បណ្តាលឱ្យបុរស ជាឪពុក និងកូនស្រីតូចម្នាក់ បានបាត់បង់ជីវិត នៅកន្លែងកើតហេតុ ចំណែកភរិយា បានរងរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់ នេះ បានកើតឡើង នៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៦ និងលេខ៥៧ ក្នុងភូមិពង្រ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ច បានបញ្ជាក់ថា៖ មុនពេលកើតហេតុ រថយន្តតូយ៉ូតា កាមរី (ឆ្លាម) ពណ៌ខ្មៅ ពាក់ស្លាកលេខ 2j.1665 បើកបរដោយបុរសម្នាក់រួមដំណើរមានប្រពន្ធនិងកូនតូច ក្នុងទិសដៅពីខាងត្បូង ទៅខាងជើង ។

ចំណែករថយន្តស្ទូច ម៉ាកហុីយ៉ាន់ដាយ ពាក់ស្លាកលេខ សៀមរាប 3A.2191 បើកបរពីួិសខាងជើងទៅខាងត្បូង ក្នុងទិសដៅ បញ្រ្ចាសទិសគ្នា ។ លុះដល់កន្លែងកើតហេតុ រថយន្តតូយ៉ូតា កាមរី (ឆ្លាម) ក៏រេចង្កូតទៅបុករថយន្តស្ទូច ចំពីមុខ បណ្តាលឱ្យតៃកុងរថយន្តតូយ៉ូតា (ឆ្លាម) និងកូនស្រីតូចម្នាក់ បានស្លាប់នៅកន្លែងកើតហេតុតែម្ដង ។

ចំណែកប្រពន្ធ រងរបួសធ្ងន់ រីឯរថយន្តខូចខាត ផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ។ ជនរងគ្រោះ ជាអ្នកបើកបររថយន្ត តូយ៉ូតា កាមរី (ឆ្លាម) មានឈ្មោះ ញឹម វ៉ាន់ថាយ ភេទប្រុស អាយុ ២៥ ឆ្នាំ (ស្លាប់) មុខរបរកងទ័ព ក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករង ខេត្តឧត្តរមានជ័យ និងកូនស្រីតូចម្នាក់ អាយុ ២ ខួប ។

ចំណែកប្រពន្ធឈ្មោះ ពៅ ផាន់ម៉ៃ អាយុ ២២ ឆ្នាំ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យខេត្តសុរិន្ទ ប្រទេសថៃ ។ ជនរងគ្រោះទាំង ៣ នាក់ រស់នៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ៕

ដកស្រង់ពី៖រស្មីកម្ពុជា