Social Network

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្តី​ប្រពន្ធ​២​នាក់​ចេញពី​ផ្សារ​ដើម​គ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ជួប​មនុស្ស​១​ក្រុម ផ្អើល​ទល់មុខ​វត្ត​ស្ទឹង​មាន​ជ័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្តីប្រពន្ធ២នាក់បានជិះម៉ូតូ២គ្រឿងចេញពីកន្លែងលក់ផ្លែឈើនៅផ្សារដើមគ ត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែត្រូវជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីបុរសជាប្តី ហើយក៏នាំគ្នាជិះរត់គេចដោយសុវត្ថិភាព បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីនៅវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ទល់មុខវត្តស្ទឹងមានជ័យផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

 សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើសុំមិនបញ្ចេញឈ្មោះ ហើយចំពោះសម្ភារៈដែលបាត់បង់ក្នុងកាបូបនោះរួមមាន ៖ ទូរស័ព្ទ 13pro mix មួយគ្រឿង លុយខ្មែរជាង១០លានរៀល រួមទាំងឯកសារពាក់ព័ន្ធជាមួយនឹងរបស់មានតម្លៃមួយចំនួនថែមទៀតផងដែរ ។

 បើតាមសម្តីស្ត្រីជាប្រពន្ធបានអោយដឹងថា មុនពេលកើតហេតុ រូបគាត់រួមនឹងប្តីបានជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាក ធូរដេរ រូបគាត់ជាអ្នកជិះ ហើយមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ប្តីរបស់គាត់ជាអ្នកជិះ ដោយធ្វើដំណើរចេញពីកន្លែងលក់ផ្លែឈើនៅផ្សារដើមគ ត្រឡប់ទៅផ្ទះវិញនៅម្តុំក្រោយវត្តស្ទឹងមានជ័យ។

លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានក្រុមជនសង្ស័យមួយក្រុម មានគ្នាប្រហែល៤នាក់ ជិះម៉ូតូ២គ្រឿង មិនចាំម៉ាក បានជិះមកកៀរ រួចក្រុមជនសង្ស័យទាំងនោះក៏បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីប្តីរបស់គាត់បានសំរេច ហើយក៏នាំគ្នាបន្ថែមល្បឿនម៉ូតូជិះរត់គេចខ្លួន។ ពេលនោះប្តីរបស់គាត់បានជិះម៉ូតូដេញតាមដែរ តែពេលតាមដល់ម្តុំច្រមុះជ្រូកស្ទឹងមានជ័យ ក៏បានបាត់ក្រុមជនសង្ស័យអស់តែម្ដងទៅ។  ក្រោយពេលកើតហេតុ ទាំង២នាក់ប្តីប្រពន្ធបានត្រឹមតែទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ ក៏ដូចជាយករបស់ទ្រព្យរបស់គាត់មកវិញផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព