Social Network

ចាប់ខ្លួនចិនតៃវ៉ាន់៤​នាក់ នៅ​ភ្នំពេញនិង​កំពង់ស្ពឺ រឹបអូស​គ្រឿងញៀ.ន​ជាង​១,៤០០​គីឡូក្រាម និង​សារធាតុ​គីមី​ផ្សំ​ជាង​១១​តោន

សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបមន្ទីរពិសោធន៍លួចលាក់ កែច្នៃផលិតគ្រឿងញៀន ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ចំនួន ៤នាក់ រឹបអូសសារធាតុញៀនជាង ១,៤០០គីឡូក្រាម និងសារធាតុគីមីជាង ១១តោន នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ។

ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងជំនាញ”ក១០” របស់មន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា លោកវរសេនីយ៍ឯក យឹម សែនឧត្ដម នាយករងមន្ទីរ លោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដោយមានការដឹកនាំសម្របសម្រួលពីលោក អ៊ុំ សុភក្តិ៍ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បន្ទាប់ពីធ្វើការស្រាវជ្រាវ អស់រយៈពេលជាង ០២ខែ រួចមក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទី សមត្ថកិច្ចយើង បានបើកប្រតិបត្តិការបង្ក្រាបមន្ទីរពិសោធន៍លួចលាក់កែច្នៃ ផលិតសារធាតុញៀន នៅ០៣ទីតាំងផ្សេងគ្នា ជាបន្តបន្ទាប់ រួមមាន ៖

ចំណុចទី១ ៖ នៅបន្ទប់លេខ៨០២ ក្នុងខុនដូ J CITY ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ចំណុចទី២ ៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ចំណុចទី៣ ៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រតិប្រត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន (តៃវ៉ាន់) ចំនួន ០៤នាក់ រួមមាន ៖

-ឈ្មោះ TIEN CHAN FU ភេទប្រុស អាយុ២៨ឆ្នាំ (មេការ)

-ឈ្មោះ KHOU PO WEN ភេទប្រុស អាយុ២៨ឆ្នាំ (អ្នកបច្ចេកទេស)

-ឈ្មោះ TENG KUO CHING ភេទប្រុស អាយុ៣៩ឆ្នាំ (អ្នកបច្ចេកទេស)

-ឈ្មោះ LIN YI CHHENG ភេទប្រុស អាយុ៣១ឆ្នាំ (អ្នកបច្ចេកទេស) ។

វត្ថុតាងដែលសមត្ថកិច្ចរឹបអូស រួមមាន ៖

-ម៉ាស៊ីន ឧបករណ៍ សម្ភារសម្រាប់កែច្នៃ ផលិត វេចខ្ចប់មួយចំនួនធំ

-សារធាតុញៀនប្រភេទកេតាមីន ទម្ងន់ 40 kg 51.7g

-ល្បាយសារធាតុញៀនកេតាមីន ទម្ងន់ 1,425 kg

-ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ 0.9g

-សារធាតុគីមីផ្សំ 11 tone 525 kg

បច្ចុប្បន្ន ក្រុមជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានមន្ត្រីជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព