Social Network

កម្លាំង​នគរបាល​ខណ្ឌ​បឹង​កេងកង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​ម៉ាស៊ីន​ទឹកក្រឡុក​

កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចឆ្កឹះកូនសោរយកសម្ភារៈ នៅចំណុចដីឡូតិ៍គេទុកចោល ផ្លូវ២០៩ ភូមិ៤ ក្រុមទី២៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។

ជនសង្ស័យឈ្មោះ ជា ដាវីដ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ មុខរបរគ្មាន (មានសារធាតុគ្រឿងញៀន) បានប្រព្រឹត្ដបទល្មើសនៅចំណុចតូបលក់កហ្វេយីហោដឹភីង ផ្ទះលេខ៧២ ផ្លូវលេខ២៧១ ភូមិ៤ ក្រុមទី២៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ។ វត្ថុតាងចាប់យក រួមមាន ៖ ម៉ាស៊ីនទឹកក្រឡុកពណ៌ស ម៉ាកសូកានី ចំនួន០១គ្រឿង និងបំពុងទឹកក្តៅ ចំនួន០១គ្រឿង ជារបស់ជនរងគ្រោះឈ្មោះ កែវ សំណាង ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ៦ ភូមិព្រែកព្រើងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញតាមពាក្យស្នើសុំ ។ ចំណែកឯ ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព