Social Network

លួច​នាំ​ជ្រូកចូល​​ពី​ថៃ លក់​បន្លំ​ជាជ្រូក​កណ្តុរ សមត្ថកិច្ច​ចុះបង្ក្រាប ម្ចាស់​ដឹងមុនគេចខ្លួន​បាត់

សត្វជ្រូកកណ្តុរ ដែលអ្នកលក់បានខ្វៃរួចហើយ អ្នកទិញពិបាកមើល និងមិនដឹងទេថា ជាជ្រូកព្រៃភ្នំរបស់បងប្អូនជនជាតិដើមភាគតិច ឫមួយជាជ្រូក ដែលជនខិលខូចបន្លំលួចនាំចូលមកពីប្រទេសថៃ នោះទេ ខណៈដែលមានការពេញនិយមខ្លាំង ជាពិសេសក្នុងចំណោមប្រជាពលរដ្ឋដែលមានជីវភាពធូរធារ ។

ការពេញនិយមនេះ គឺគេល្បីថា រសជាតិវាមិនទ្រលាន់ ហើយមិនសូវមានខ្លាញ់ដូចជាជ្រូកខ្វៃធម្មតា ដោយសារតែពពួកសត្វជ្រូកកណ្តុរនេះ ត្រូវបានបងប្អូនជនជាតិដើមភាគតិចនិយមចិញ្ចឹម លែងចោលនៅតាមភូមិស្រុក ហើយវាក៏កាត់ជាមួយនឹងពពួកជ្រូកព្រៃ នៅក្នុងដែនធម្មជាតិ នៅជិតតំបន់ព្រៃភ្នំ ។ ជ្រូកនេះតូចៗ មិនសូវធំទេ ជាពូជធននឹងជំងឺ ហើយងាយស្រួលនឹងចិញ្ចឹម ដោយគ្មានការថែទាំគត់មត់ ។ ប៉ុន្តែដោយសារតែវាល្បីថាឆ្ងាញ់ និងលក់បានតម្លៃថ្លៃថែមទៀតនោះ ក៏មានជនខិលខូចមួយចំនួន លួចនាំចូលកូនជ្រូកពីប្រទេសថៃ ជាជ្រូកខូចគុណភាពដែលគេក្លាសេ ហើយអាចត្រាំថ្នាំគីមីផងដែរ ហើយពេលសមត្ថកិច្ចបង្ក្រាបបានម្តងៗគឺតែងតែយកមកកម្ទេចចោល ព្រោះថាជ្រូកទាំងនេះ គ្មានប្រភពផ្គត់ផ្គង់ គ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញពាក់ព័ន្ធ នៅពេលអ្នកទទួលទានវា អាចប្រឈមមុខនឹងបញ្ហាសុខភាព ផងដែរ ។

ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ជ្រូកកណ្តុរ ដែលកំពុងពេញនិយមខាងលើនេះ ត្រូវបានក្រុមឈ្មួញយកមកពីប្រទេសថៃ លួចនាំចូលមកកម្ពុជា តាមច្រករបៀងមួយចំនួន ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់ ។ ជាក់ស្តែងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២ សមត្ថកិច្ចចម្រុះ មានមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលស្រុកអូរជ្រៅ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ និងកម្លាំងយោធាស្រុកអូរជ្រៅ និងលោកមេឃុំអូរបីជាន់ ដឹកនាំសម្របសម្រួលដោយ លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារងខេត្ដបន្ទាយមានជ័យ រួមសហការគ្នា បង្ក្រាបទីតាំងនាំសត្វជ្រូកចូលខុសច្បាប់ពីប្រទេសថៃ ដែលមានទាំងជ្រូករស់ និងជ្រូកធ្វើរួច ដោយចុះបង្ក្រាបដល់ទីតាំងតែម្តង នៅចំណុចភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម និងរុក្ខាប្រម៉ាញ់ ខេត្ដបន្ទាយមានជ័យ បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការលួចនាំចូលផលិតផល មានដើមកំណើតពីសត្វដោយខុសច្បាប់ពីប្រទេសជិតខាង មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបជាក់ស្ដែងទីតាំងមួយកន្លែង ដែលលួចនាំចូលសត្វជ្រូកដោយខុសច្បាប់ ពីប្រទេសថៃ និងផលិតផលដើមកំណើតពីសត្វ ដែលមានម្ចាស់ឈ្មោះ តាំ ជ័យ ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន នៅភូមិអូរបី ជាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយបន្ទាយមានជ័យ ។

លោកបានបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ ដោយម្ចាស់ទីតាំង បានដឹងខ្លួនមុន ហើយបានគាស់ទ្រុង ប្រលែងសត្វជ្រូករស់ប្រមាណជា៧០ក្បាល ឲ្យរត់ចូលក្នុងព្រៃអស់ ទំនងជាដើម្បីបំបាត់ភស្តុតាង ហើយម្ចាស់ទីតាំងឈ្មោះតាំ ជ័យ ក៏បានរត់គេចខ្លួនបាត់ស្រមោលដែរ ។ ជាមួយគ្នានោះ សមត្ថកិច្ចចម្រុះ បានឆែកឆេរទីតាំងនោះ រកឃើញសត្វជ្រូកដែលធ្វើរួច ចំនួន០៩ក្បាល បន្លំធ្វើជាជ្រូកកណ្តុរ ដែលកំពុងពេញនិយមបរិភោគ ។ លោក ហ៊ុយ ទូច ក៏បានបញ្ជាក់ដែរថា តាមការណែនាំពីលោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដបន្ទាយមានជ័យ ចំពោះម្ចាស់ទីឈ្មោះ តាំ ជ័យ ឲ្យមន្ត្រីជំនាញផលិតកម្ម និងបសុព្យាបាលខេត្ត រៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព