Social Network

ទោះរបងខ្ពស់ប៉ុណ្ណា ក៏​ប៉ូលិស​​​លោត​​រត់​រួចដែរ​ ដើម្បីសុវត្ថិភាព​ខ្លួន​

ខេត្តស្វាយរៀង ៖ មិនចាំបាច់ថ្លែងក៏ដឹងដែរថា ព្រលឹងនៅចុងសក់បែបណា ទោះបីមុននេះរបងខ្ពស់ពិបាកលោតរំលងក្តី តែពេលនេះបានក្លាយទៅជាអ្នកចេះក្បាច់គុនសម្រាលខ្លួន ដែលតួកុនចិនក៏សុំសរសើរដែរ ។

នេះគឺជារឿងរ៉ាវហិង្សាក្នុងគ្រួសារមួយរវាងបុរសជាប្តីពេលត្រឡប់ពីភ្នំពេញ មកជួបប្រពន្ធនៅឯស្រុកកំណើត ស្រាប់តែផ្ទុះជម្លោះគ្នាយ៉ាងខ្លាំង រហូតបុរសជាប្តីបានគំរាមអារ.កសម្លាប់ប្រពន្ធធ្វើឱ្យប្រពន្ធភ័យក៏រត់ទៅប្តឹងមេភូមិ ។

លោកមេភូមិដែលមានស្មារតីការពារនិងដឹងពីសុខទុក្ខអ្នកភូមិ ក៏មកសួរនាំដើម្បីសម្របសម្រួល តែបុរសជាប្តីកំណាច បែរជាទាញពូថៅកាប់លោកមេភូមិចំនួន៦ពូថៅបណ្ដាលឱ្យរងរបួសស្ទើរស្លាប់ស្ទើរ រស់ ។

ទោះជាបែបណា លោកមេភូមិបានព្យាយាមរត់ចេញពីជនកំណាចទាំងឈាមហូរដាបខ្លួន ។ បន្ទាប់មក បុរសខ្មោចចេញខ្មោចចូលនេះ បានដុតម៉ូតូ១គ្រឿងនិងដុតផ្ទះខ្លួនឯង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចមកធ្វើអន្តរាគមន៍ ជួយបាញ់ទឹកពន្លត់ហើយបានដាក់កម្លាំងឡោមព័ទ្ធជនសង្ស័យដើម្បីចាប់ខ្លួនផងដែរ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិត្របែកប្រហោងឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។បើតាមលោក ពិន អាន អធិការនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថា ជនកំណាចខាងលើមានឈ្មោះ កែវ ធូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ហើយក៏ទើបត្រឡប់មកពីភ្នំពេញ ។

រីឯលោកមេភូមិដែលរងគ្រោះឈ្មោះ សួស សារី ភេទប្រុស អាយុ៧០ឆ្នាំ ជាមេភូមិ រស់នៅក្បែរគ្នាត្រូវជនកំណាចព្រៃផ្សៃរូបនេះទាញយកពូថៅកាប់ត្រូវ៦កន្លែង ហើយត្រូវបានដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ។

ចំណែកសមត្ថកិច្ចខ្លះទៀត ដែលទៅជួយបានរត់ផ្លោះរបងយករួចខ្លួនសិន ព្រោះបុរសកំណាចនេះដូចដំរីចុះព្រេង កាន់ពូថៅនៅដៃ ។ប្រភពបន្តថា ចំណែកសម្ភារខូចខាតរួមមានម៉ូតូហុងដា ធុនសេ១២៥ ស៊េរីឆ្នាំ២០១៣ មួយគ្រឿង ឆេះអស់ទាំងស្រុង និងសម្ភារផ្សេងៗមួយចំនួនទៀត ។

ចំណែកផ្ទះត្រូវបានអ្នកភូមិជួយពន្លត់ទាន់ពេល ។ លោកបន្តថា មុនកើតហេតុជនកំណាចរូបនេះ បានធ្វេីដំណេីរមកពីភ្នំពេញមកលេងស្រុកកំណើតក្នុងភូមិ-ឃុំកើតហេតុខាងលើ ។

បន្ទាប់ពីមកដល់ផ្ទះ ស្រាប់តែជននេះបានរករឿងប្រពន្ធរហូតមានការឈ្លោះប្រកែកគ្នា និងបានគំរាមរកអារ.កសម្លាប់ប្រពន្ធ ។ ដោយសារតែការប្រមាថយ៉ាងឃោឃៅនេះបានធ្វើឱ្យប្រពន្ធភ័យក៏បានរត់ចេញពីផ្ទះ ទៅប្តឹងលោកមេភូមិដែលមានផ្ទះនៅក្បែរគ្នា ។ ក្រោយ មក លោកមេភូមិបានជិះម៉ូតូមកដល់ ស្រាប់តែបុរសជាប្តីបានយកពូថៅកាប់និងវាយត្រូវក្បាល ដងខ្លួន លោកមេភូមិបណ្ដាលឱ្យរងរបួសធ្ងន់ហើយក៏បានយកដែកកេះដុតផ្ទះបង្កការភ្ញាក់ផ្អើលឡើងតែម្ដង ។

លោកបន្ថែមថា រហូតមកដល់វេលាម៉ោង៤រសៀល ថ្ងៃដដែលនេះសមត្ថកិច្ចទាំងនគរបាល និងកងរាជអាវុធហត្ថស្រុក រួមកម្លាំងគ្នាឡោមព័ទ្ធដោយជនកំណាចមានពូថៅជាប់ខ្លួន មិនព្រមប្រគល់ខ្លួនឱ្យសមត្ថកិច្ចចាប់ តាមសម្រួលនោះទេ ។ ចំណែកផ្ទះកំពុងត្រូវភ្លើងឆេះក៏ត្រូវសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យពន្លត់បានទាន់ពេលវេលា ។

ការព័ទ្ធចាប់ជនកំណាចនេះបាននៅវេលាម៉ោង៦និង៣០នាទីរសៀល បញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តចាត់ការតាមនីតិវិធី ។ ចំណែកជនរងគ្រោះត្រូវសមត្ថកិច្ចហៅរថយន្តសាមុយដឹកបញ្ជូនមកមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ ។ មិនទាន់មានការប្រាប់ឱ្យដឹងពីមូលហេតុនៃជម្លោះប្តី-ប្រពន្ធឈានដល់ផ្អើលមនុស្ស១ស្រុកបែបនេះទេ ។

ប៉ុន្តែអ្នកភូមិខ្លះថា គ្មានរឿងអ្វីក្រៅពីការប្រចណ្ឌនឹងប្រពន្ធនោះទេ ដោយសារតែជននេះឡើងមករកស៊ីនៅភ្នំពេញឆ្ងាយពីប្រពន្ធកូនដែលនៅឯស្រុកកំណើតយូរៗទើបមកអើតផ្ទះម្តង ៕

ដកស្រង់ពី៖កោះសន្តិភាព