Social Network

ស្ត្រី​ម្នាក់ ​​​ត្រូវ​ឪម៉ាល់​ទិច​​​ ជា​ច្រើន​មេ បាន​ស្លាប់​ ខណៈកំពុងដឹក​មកសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត

កំពង់ឆ្នាំង៖ ស្ត្រីម្នាក់ត្រូវបាន សត្វឪម៉ាល់ទិច រាប់សិបមេ នៅពេលប្តី ប្រពន្ធ គាត់បើកកាណូត ទៅដាក់មង នៅបឹងទន្លេសាប និងបានបើកកាណូត បុកចំសំបុក ឪម៉ាល់ នៅក្នុងព្រៃ ហើយបានស្លាប់ នៅតាមផ្លូវ ពេលពេទ្យ ស្រុកបរិបូណ៌ ដឹកមកសង្គ្រោះ នៅក្នុងមន្ទីរពេទ្យខេត្ត ។

គ្រោះថ្នាក់ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ នៅចំណុចបឹងទ្វារ ទឹកដីខេត្តកំពង់ធំ ។ បុរសឈ្មោះ លាង គឹមឡុង ជាប្ដីរបស់ស្ត្រីរងគ្រោះ រស់នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ បាននិយាយ ឲ្យដឹងថា ប្រពន្ធរបស់ខ្លួនជាជនរងគ្រោះ មានឈ្មោះ គី ចំរើន អាយុ ២៧ឆ្នាំ មានកូន ៣នាក់ កូនធំអាយុ ៧ឆ្នាំ និងកូនតូចអាយុ ៤ឆ្នាំ មានមុខរបរជាអ្នកនេសាទត្រី ។

មុនពេលកើតហេតុ ពួកគាត់ទាំង ២នាក់ ប្តីប្រពន្ធ បាននាំគ្នា ទៅដាក់មង នៅចំណុចខាងលើ ពេលនោះក៏បានបើក កាណូត ក្នុងព្រៃលិចទឹក ចៃដន្យ ក៏បានបុកសំបុក ឪម៉ាល់ធំមួយ ហើយសត្វ ឪម៉ាល់ ក៏បានផ្អើល មកទិចប្រពន្ធ របស់គាត់ជាច្រើនមេ ចំណែកគាត់បានហក់ ទឹកគេចផុតពី គ្រោះថ្នាក់។

ក្រោយពេលកើតហេតុ រូបគាត់បានដឹក ប្រពន្ធមកដល់ មន្ទីរពេទ្យ ស្រុកបរិបូណ៌ នៅវេលាម៉ោង ៨យប់ ដើម្បីឲ្យក្រុម គ្រូពេទ្យជួយសង្គ្រោះជីវិត។ ក្នុងពេលប្រពន្ធ គាត់មានសភាពធ្ងន់ធ្ងរ គាត់និងបងថ្លៃឈ្មោះ ធារ៉ា បានសំណូម គ្រូពេទ្យឲ្យដឹកបញ្ជូន មកកាន់មន្ទីរពេទ្យខេត្ត ប៉ុន្តែគ្រូពេទ្យ ដែលនៅប្រចាំការ ព្យាបាល ឆ្លើយថាមិនអីទេ ចាំមើលបន្តិចសិន ។

ដោយមានសភាព ធ្ងន់ធ្ងរ នៅម៉ោង៧ ព្រឹកថ្ងៃទី២៣ ខែតុលានេះ ក្រុមគ្រូពេទ្យ របស់មន្ទីរពេទ្យ ស្រុកបរិបូណ៌ បានបញ្ជូន មកកាន់មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង តែអកុសលប្រពន្ធ គាត់បានដាច់ខ្យល់ស្លាប់ នៅលើរថយន្តសង្គ្រោះតែម្តង ។ លោកគ្រូ និងអ្នកគ្រូពេទ្យជាអ្នកព្យាបាល នៅក្នុងអាគារ សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យខេត្ត បាននិយាយឲ្យ អ្នកយកព័ត៌មាន យើងដឹង នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤នេះថា ពួកគាត់ បានទទួលស្ត្រីរងគ្រោះ ខាងលើនេះ នៅវេលាម៉ោង៧ និង៤៥នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ តែពេលមកដល់ស្ត្រីរងគ្រោះ ខាងលើបានដាច់ខ្យល់ស្លាប់ បាត់ទៅហើយ គឺពួកគាត់មិនអាច ជួយសង្គ្រោះ ជីវិតបានឡើយ។

ក្រុមគ្រួសារស្ត្រីរងគ្រោះ បានត្អូញត្អែរ ប្រាប់អ្នកយកព័ត៌មាន យើងឲ្យដឹងថា ការបាត់បង់ជីវិត ប្រពន្ធគាត់ ធ្វើឲ្យគាត់សោកស្ដាយខ្លាំងណាស់ គាត់គិតថាប្រសិន បើលោកគ្រូអ្នកគ្រូពេទ្យ របស់មន្ទីរពេទ្យ ស្រុកបរិបូណ៌ បញ្ជូនប្រពន្ធ គាត់មកមន្ទីរពេទ្យខេត្តភ្លាមៗ នោះប្រពន្ធគាត់ ប្រហែលជាមិនស្លាប់ទេ រឿងនេះគាត់ក៏ មិនអាចប្តឹងផ្តល់អ្នកណាដែរ ព្រោះជាកម្មផលរបស់គាត់។

លោកវេជ្ជបណ្ឌិតម្នាក់ ក្នុងមន្ទីរពេទ្យខេត្ត បាននិយាយឲ្យដឹងថា ថ្នាំបន្សាបពិសមាន នៅតែក្នុងមន្ទីរពេទ្យខេត្ត តែប៉ុណ្ណោះ ហេតុនេះអ្នករងគ្រោះ ដោយសារពិសទាំងអស់ គួរតែបញ្ជូនជនរងគ្រោះ មកមន្ទីរពេទ្យខេត្ត ឲ្យទាន់ពេលវេលា៕