Social Network

អ្នកទោស ​៦​នាក់ ​ហែក​គុក​រត់ចេញពី ពន្ធនាគារ ខេត្តរតនគិរី សមត្ថកិច្ច ​ចាប់​បាន​ម្នាក់​ ​ត្រឡប់​មក​វិញ

រតនគិរី៖ អ្នកទោស ៦នាក់ ដែលជាប់ពាក់ព័ន្ធ នឹងករណីគ្រឿងញៀន ប្លន់ និងអំពើហិង្សា បាននាំគ្នា ហែកគុក រត់គេចខ្លួន ទាំងកណ្ដាលអធ្រាត្រ ប៉ុន្តែត្រូវបានសមត្ថកិច្ច តាមចាប់ខ្លួនបានម្នាក់ ត្រឡប់មកវិញ ហើយនៅសល់ ៥នាក់ទៀត កំពុងតាមប្រមាញ់។

ប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមអ្នកទោសទាំងនោះ បានលួចរត់គេចខ្លួន ចេញពីពន្ធនាគារ ខេត្តរតនគិរី កាលពីវេលាជិតភ្លឺ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ។ ប្រភពបន្តថា ពិរុទ្ធជនទាំង ៦នាក់នោះ មានឈ្មោះ អ៊ិន ចាន់ធូ ជាប់ពាក់ព័ន្ធ នឹងករណីលួច, ទី២-ឈ្មោះផាន់ សុភ័ក្រ្ត ជាប់ពាក់ព័ន្ធ នឹងករណីហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស, ទី៣-ឈ្មោះ ចាន់ សារស់ ជាប់ពាក់ព័ន្ធ នឹងករណីលួច,ទី៤-ឈ្មោះ ស៊ី ណូយ ជាប់ពាក់ព័ន្ធករណី ដឹកជញ្ជូនជួញដូរ សារធាតុញៀន, ទី៥-ឈ្មោះ លឹម ស៊ីថា ជាប់ពាក់ព័ន្ធ នឹងករណី កាន់កាប់រក្សាទុក សារធាតុញៀន និងទី៦-ឈ្មោះ លាស់ សារ៉េត ជាប់ពាក់ព័ន្ធ នឹងករណីលួច។

អ្នកទោសចំនួន ៦នាក់នោះ បានលួចហែកគុក រត់គេចខ្លួនតាម ប៉ុស្ដិ៍យាម ឆ្លងបន្លាលួស ប៉ុន្តែភ្លាមៗនោះ ត្រូវឆ្មាំគុក ចាប់ត្រឡប់មកវិញបានម្នាក់ នៅសល់ ៥នាក់ទៀត សមត្ថកិច្ចកំពុង តាមចាប់ខ្លួនបន្តទៀត៕

ដកស្រង់ពី៖ កម្ពុជាថ្មី