Social Network

ត្បូងឃ្មុំ៖ ពលរដ្ឋនៅខេត្តថ្មី ចាប់ផ្តើមរង្គោះរង្គើ រឿងដីធ្លី

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋ ខេត្តត្បូងឃ្មុំ ប្រមាណ ១០០នាក់ បានដាក់ញ្ញត្តិ ទាមទារឲ្យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសមេ្តចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជួយអន្តរាគមន៍ ចេញប័ណ្ណ កម្មសិទ្ធិ ស្របច្បាប់ លើដីលំនៅដ្ឋាន នៅនឹងកន្លែង ។

ប្រជាពលរដ្ឋជាង ១០០នាក់មកពី ភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាខេត្តថ្មីនោះ សុទ្ធតែអះអាង ពីភាពស្របច្បាប់ របស់ខ្លួនលើដី ដែលខ្លួនកំពុងរស់នៅ។  ពួកគេទាមទារឲ្យ ប្រមុខរាជរដ្ឋាភិបាល និងភរិយា ផ្តល់យុត្តិធម៌ដល់ខ្លួន តាមរយៈ ការចេញបណ្ណកម្មសិទ្ធិស្របច្បាប់។

លោកស្រី ង៉ូវ ណៃអៀង តំណាងពលរដ្ឋ ដែលមកដាក់ ញ្ញត្តិបាននិយាយប្រាប់ គេហទំព័រថ្មីៗថា អ្នកស្រីបានរស់នៅ និង កាន់កាប់ដីនោះ ចាប់ពីឆ្នាំ ១៩៧៩ មកម្ល៉េះ។ ប៉ុន្តែលុះដល់ឆ្នាំ ២០០៨ រដ្ឋាភិបាលបានធ្វើ វិនិយោគអោយ ក្រុមហ៊ុនចំការកៅស៊ូ ឯកជនលើទំហំផ្ទៃដី សរុបជាង ១ ម៉ឺនហិចតា ហើយក្រុមហ៊ុន ក៏បានដាក់បញ្ចូល ភូមិអ្នកស្រីក្នុងគម្រោង ចំការកៅស៊ូ ផងដែរ។

លោកស្រីបាន បន្តនិយាយថា៖ « ក្រុមហ៊ុនចំការកៅស៊ូ មេមត់បានកាត់យកដី លំនៅដ្ឋានរបស់ខ្ញុំសរុប ១ ហិចតា ដោយក្រុមហ៊ុន បានផ្តល់សំណងជំងឺចិត្ត នូវទំហំផ្ទៃដី ចំនួន ១០ គុណនឹង ២០ ម៉ែត្រ និងថវិកា ចំនួន ៦០០ ដុល្លារសម្រាប់សាងសង់ ផ្ទះថ្មី »។ ទោះបីជាមាន សំណងជំងឺចិត្ត ច្រើនប៉ុណ្ណោះក៏ដោយ លោកស្រីនឹង មិនចាកចេញពី ដីកំណើតនោះទេ។

លោកស្រីបាន អះអាងថា៖ « ខ្ញុំត្រូវការ ការអភិវឌ្ឍន៍ នៅនឹងកន្លែង ដោយសារថាដីនោះ ជាកេរពីដូនតា ហើយការផ្លាស់ប្តូរ ទីតាំងថ្មីមានចំងាយឆ្ងាយ ពីទីតាំងចាស់ដល់ទៅ ១០ គីឡូម៉ែត្រឯណោះ »។ គួរបញ្ជាក់ថា នៅក្នុងញ្ញតិ្ត បានសរសេរថាពលរដ្ឋ ទាំងអស់នៅ ទីតាំងខាងលើ ត្រូវបានអាជ្ញាធរចុះ ធ្វើអត្តសញ្ញាណកម្ម រួចហើយ ដែលមានចំនួនសរុប ៣១១ គ្រួសារ និងផ្ទៃដីជាង ១៦ ហិចតាផងដែរ ៕

ដកស្រង់ពី៖ គេហទំព័រថ្មីៗ