Social Network

ប៉ូលីសឃាត់ខ្លួន បេក្ខជនជាប់ឆ្នោត បក្សសង្គ្រោះជាតិ ចំនួន៣រូប ក្រោយផ្ទុះហិង្សា

ភ្នំពេញ៖ មិនមែន មានតែលោកស្រី មូរ សុខហួរ តែម្នាក់ទេ ដែលត្រូវបានកម្លាំងប៉ូលីស ឃាត់ខ្លួន ក្រោយផ្ទុះហិង្សា ក្បែរទីលាន ប្រជាធិបតេយ្យ នៅព្រឹកនេះ។

ពោលគឺ លោក មែន សុថាវរីទ្ធ និង លោក កែវ ភាររម្យ ដែលជាតំណាងរាស្ត្រ ជាប់ឆ្នោតគណបក្ស សង្គ្រោះជាតិ ដែរនោះ ក៏ត្រូវបាន កម្លាំងប៉ូលីសចាប់ឃាត់ខ្លួន ជាមួយគ្នានោះផងដែរ។ លោក នី ចរិយា មន្ត្រីផ្នែកច្បាប់នៃសមាគមអាដហុក ដែលបាន ឃ្លាំមើលសកម្មភាព តវ៉ា និងការផ្ទុះហិង្សា នៅព្រឹកមិញនេះ បានអំពាវនាវឲ្យ អាជ្ញាធរដោះលែងមន្ត្រី បក្សប្រឆាំង ទាំងបីរូប នោះ ហើយថា អាជ្ញាធរគួរតែ ឃាត់ខ្លួនមនុស្ស ដែលប្រើហិង្សា។

លោកបន្តថា អ្នកទាំងបីដែលចាប់ខ្លួននោះ គឺដឹកនាំបាតុកម្ម ដោយអហិង្សា តែប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងការផ្ទុះ អំពើហិង្សា ក្នុងពេល ដែលក្រុម អ្នកតវ៉ាដឹកនាំ ដោយមន្ត្រី គណបក្សសង្គ្រោះជាតិ ទាមទាររំដោះ ទីលានប្រជាធិបតេយ្យ នោះដែរ ទំព័រហ្វេប៊ុក ផ្លុវការរបស់ សាលារាជធានីភ្នំពេញ បានបង្ហោះរូបភាព ក្រុមសន្តិសុខ ពាក់មួកសុវត្ថិភាព ដែលរងរបួស បែកក្បាលធ្ងន់ធ្ងរ ពីការប៉ះទង្កិចនោះ ។ សាលារាជធានី បញ្ជាក់ថា មានសន្តិសុខ ជាច្រើននាក់បានរងបួស៕

ដកស្រង់ពី៖ គេហទំព័រ ថ្មីៗ