Social Network

ក្រុមជួយសង្គ្រោះ ប្រើពេលជាង ៨ម៉ោង ក្នុងប្រតិបត្តិការ រាវរកឧទ្ធម្ភាគចក្រ និងសពជនរងគ្រោះ ទាំង៤នាក់

ភ្នំពេញ៖ ព្រឹត្ដិការណ៍ ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើង និងកម្រកើតឡើង នោះគឺកង កម្លាំងទ័ព អាកាស របស់ប្រទេសកម្ពុជា ពេលកំពុងហ្វឹកហាត់ ដូចសព្វ មួយដង ស្រាប់ តែខុស បច្ចេកទេស ក្នុងការបើកបរបណ្ដាល ឱ្យឧទ្ធម្ភាគចក្រ មួយគ្រឿង ដាំក្បាលចូល ទៅរណ្ដៅដី ដែលជម្រៅ ជិត៤០សិបម៉ែត្រ នៅខាងក្រោយ សាលាសង្កាត់ព្រៃស ខណ្ឌដង្កោ។

បណ្ដាលឱ្យមន្ដ្រី យោធាទ័ព អាកាស៤នាក់ ស្លាប់បាត់បង់ជីវិត ក្នុងនោះ ថ្នាក់ឧត្ដមសេ នីយ៍ ទោ ម្នាក់ជាមេបញ្ជាការ ហ្វឹកហ្វឺនខាង ជំនាញបើក ឧទ្ធម្ភាគចក្រ ថ្នាក់ឧត្ដមសេនីយ៍ត្រី ម្នាក់ និងថ្នាក់វរសេនីយ៍ពីរនាក់ ខណៈដែលមន្ដ្រី យោធាម្នាក់ទៀត បានរួចផុត ពីគ្រោះថ្នាក់ តាមរយៈការជួយ សង្គ្រោះរបស់ ប្រជាពលរដ្ឋ ប៉ុន្ដែរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យរុស្ស៊ី ។

ប្រតិបត្តិការ បានធ្វើឡើងអស់រយះពេល ជាង៨ម៉ោង ដើម្បីស្វែងរក ឧទ្ធម្ភាគចក្រ និងរាវរកសព ជនរងគ្រោះទាំង៤នាក់ ។ ព្រឹត្ដិការណ៍ធ្លាក់ ឧទ្ធម្ភាគចក្រ ដែលកម្ពុជាទើបបានទិញពី ប្រទេសចិន និងបានសម្លាប់ទ័ព អាកាសរបស់ខ្មែរ ៤នាក់ខាងលើនេះ បានធ្វើ ឱ្យមានការភ្ញាក់ផ្អើល ទូទាំងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដ នៅវេលា ម៉ោងប្រមាណ ៩និង២០នាទី ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ ដែលមន្ដ្រីយោធាទាំង នេះ ត្រូវបានគេអះអាងថា បម្រើការងារ នៅអង្គភាព ៩០៤ នៃទ័ពអាកាស ។

ក្រោយពី ទទួលបាន ព័ត៌មានធ្លាក់ ឧទ្ធម្ភាគចក្រ ចូលទៅក្នុង រណ្ដៅដីដ៏ជ្រៅ និងធំខាង លើនេះ នាយករដ្ឋមន្ដ្រី សម្ដេចតេជោ ហ៊ុន សែន ចេញបទបញ្ជាភ្លាមៗ ទៅកាន់រដ្ឋមន្ដ្រី ក្រសួងការពារជាតិ នាយឧត្ដមសេនីយ៍ ទៀ បាញ់ បណ្ដារដ្ឋមន្ដ្រី និងអាជ្ញាធរពាក់ព័ន្ធបើក ប្រតិបត្ដិការជួយ សង្គ្រោះ ដោយរាវរក សពជនរងគ្រោះទាំង ៤ នាក់ នៅក្នុងរ រណ្ដៅទឹកដ៏ជ្រៅ ។

ប្រតិបត្ដិការ បានធ្វើការភ្លាមៗ ក្នុងនោះ មានកម្លាំងអន្ដរាគមន៍ របស់កងដឹកជញ្ជូន លេខ៩៩ ដឹកនាំដោយបញ្ជាផ្ទាល់ពី សំណាក់ លោកឧត្ដមសេនីយ៍ អ៊ុល សំអុន កងកម្លាំង កងពលតូចលេខ៧០ ដឹកនាំដោយលោក ឧត្ដមសេនីយ៍ ម៉ៅ សុផាន់ លោកឧត្តមសេនីយ៍ សូយ ណារិទ្ធ កងទ័ពអាកាស កម្លាំងស៊ីម៉ាក ក្រុមជំនាញ ខាងមុជទឹក អាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធ ជាច្រើននាក់ ចុះទៅកាន់ កន្លែងកើតហេតុ ដើម្បីទាញយក បំបែកឧទ្ធម្ភាគចក្រ ស្រង់ដាក់លើគោក និងជំហានបន្ដរាវ រកសពជនរងគ្រោះ ព្រមទាំងអ្នក ជំនាញមុជទឹក ជនជាតិចាម (ខ្មែរឥស្លាម) ដែលលោកឃ្លាំង ហួត អភិបាលខណ្ឌ ជ្រោយចង្វារ បញ្ជូនមកចំនួន១៥នាក់។

ប្រតិបត្ដិការបានធ្វើឡើង តាំងពីម៉ោងកើតហេតុ រហូតទៅដល់ម៉ោង៥និង៤៥នាទី ល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ ពោលសពជនរងគ្រោះ ទាំង ៤ នាក់ ត្រូវបានកម្លាំង ជួយសង្គ្រោះ រាវរកឃើញ និងស្រង់ចេញពី ក្នុងទឹកជាបន្ដបន្ទាប់តាំង ពីម៉ោង ជាង ៣ រសៀលរួចសព ត្រូវបានដឹកបញ្ជូន តាមរថយន្ដ សង្គ្រោះបន្ទាន់ ទៅតម្កល់ទុកនៅមន្ទីរពេទ្យ ព្រះកេតុមាលា ។

មន្ដ្រីយោធារបស់ ក្រសួងការពារ បាននិយាយថា ជនរងគ្រោះទាំង៥នាក់ ដែលស្លាប់ និងរងរបួសនោះ រួមមាន ទី១ លោកឧត្ដម សេនីយ៍អ៊ុក វ័ន្ដហា ទី២ លោកឧត្ដម អៀង ចាន់រិទ្ធ ទី៣ លោកវរសេនីយ៍ ចេង សុខសំបូរ ទី៤ លោកវរសេនីយ៍ខាំ ប៊ុនណាន ដែលជនរងគ្រោះទាំង៤នាក់នេះ បានស្លាប់ ពេលឧទ្ធម្ភាគចក្រធ្លាក់ចូល ទៅក្នុងរណ្ដៅដី ដោយឡែក ជនរងគ្រោះ ដែលរងរបួសធ្ងន់ ហើយត្រូវប្រជាពលរដ្ឋជួយស្រង់ យកមកលើ គោក ឈ្មោះ ថន វណ្ណឌី ។

នៅកន្លែងកើតហេតុ ថ្នាក់ដឹកនាំយោធា កំពូលៗ និងថ្នាក់ដឹកនាំនៃ រាជរដ្ឋាភិបាល សំខាន់ៗ បានចុះទៅទីនោះ ដើម្បីបញ្ជាកម្លាំង ដឹកនាំជួយ សង្គ្រោះរាវរកសព ពីក្នុងរណ្ដៅដី ដូចជា នាយឧត្ដមសេនីយ៍ ទៀ បាញ់ នាយឧត្ដមសេនីយ៍ ម៉ឹង សំផន នាយឧត្ដមសេនីយ៍ ប៉ុល សារឿន លោកឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា រដ្ឋមន្ដ្រីក្រសួង ធនធានទឹក លោក លឹម គានហោ អភិបាលរាជធានីភ្នំពេញប៉ា សុជាតិវង្ស ស្នងការនគរបាល រាជធានីភ្នំពេញឧត្តមសេនីយ៍ជួន សុវណ្ណ មេបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញឧត្តមសេនីយ៍ទោ រ័ត្ន ស្រាង អភិបាលតាមបណ្ដាខណ្ឌ និងថ្នាក់ដឹកនាំមន្ដ្រី ពាក់ព័ន្ធជាច្រើននាក់ផ្សេង ទៀត អមដោយ អ្នកយកព័ត៌មាន ទាំងជាតិ និងអន្ដរជាតិចុះ ទៅកាន់ទីនោះ ។

ក្រុមជួយសង្គ្រោះបាន បញ្ជូនអូរប័រជា ច្រើនគ្រឿង រថយន្ដស្ទូចតូចធំ អេស្កាវ៉ាទ័រ រថយន្ដពន្លត់អគ្គិភ័យ រថយន្ដសង្គ្រោះបន្ទាន់ និងឧបករណ៍ ជួយសង្គ្រោះ ជាច្រើនផ្សេងទៀត ។ ជុំវិញការ ធ្លាក់ឧទ្ធម្ភាគចក្រ ពេលកំពុង ហ្វឹកហាត់ខាងលើនេះ មិនទាន់ត្រូវបាន ថ្នាក់ដឹកនាំយោធាជាន់ខ្ពស់ណាម្នាក់ បញ្ជាក់ជាផ្លូវការនៅឡើយទេ ប៉ុន្ដែបើយោងតាមសាក្សី ដែលឃើញផ្ទាល់ភ្នែក និងរយៈ រូបភាពវីដេអូ ដែលគេថតបាន បង្ហាញថា ឧទ្ធម្ភាគចក្រ ពេលរៀបហោះឡើង ទៅលើអាកាសវិញ ស្រាប់តែដាំក្បាលចូល ទៅក្នុងរណ្ដៅដីតែម្ដង ។

លោក ជា ចាន់សារឿន អាយុ៣៥ឆ្នាំ ដែលអះអាងថា គាត់ជាមនុស្សទី១ ដែល ឃើញហេតុការណ៍នេះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា ខណៈគាត់កំពុងអង្គុយហូប បាយនៅមុខផ្ទះ និងមើលឧទ្ធម្ភាគចក្រ ហ្វឹកហាត់នេះ ហោះ ក្រវែលចុះឡើងៗជាច្រើនជុំ ស្រាប់តែជុំចុង ក្រោយដាំក្បាល ចុះចូលទៅក្នុងរណ្ដៅដី តែម្ដងទៅ គឺគ្មានប៉ះនឹងគែមដីនៅលើ រណ្ដៅនោះឡើយ។

លោក ជា ចាន់សារឿន នៅពេលដែល ឃើញ ឧទ្ធម្ភាគចក្រធ្លាក់ចូល ទៅក្នុងរណ្ដៅដី យ៉ាងដូច្នេះ ភ្លាមៗនោះ លោកបានឃើញជន រងគ្រោះម្នាក់ ដែលមានស្មារតី នៅរឹងខ្ទាតចេញពី ឧទ្ធម្ភាគចក្រ ហើយស្រវ៉េស្រវ៉ា លោក ក៏ប៊ីដុងទឹកបោះទៅឱ្យជនរងគ្រោះតោង រួចមកក៏មាន ប្រជាពលរដ្ឋជា ច្រើននាក់ផ្សេងទៀត ចុះមកជួយស្រង់ពីក្នុងទឹក ដោយឡែក ជនរងគ្រោះ៤ នាក់ផ្សេង ស្លាប់នៅក្នុងនោះ តែម្ដង ។

បើយោងតាមការលើក ឡើងរបស់ លោកទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា អនុប្រធានទី១ នៃគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្ដរាយ បានបញ្ជាក់ថា ចាប់តាំងពី ឆ្នាំ ១៩៩៧ រហូតដល់ឆ្នាំ ២០១៤ ករណីធ្លាក់យន្ដហោះ និងឧទ្ធម្ភាគចក្រនៅ ក្នុងប្រទេសកម្ពុជា កើតឡើង ចំនួន ៥ ដង មកហើយ។ សូមបញ្ជាក់ថា យន្តហោះដែលផលិត នៅប្រទេសចិននេះ រាជរដ្ឋាភិបាលកម្ពុជា បានទិញពីប្រទេសចិនក្នុង កម្ចីការប្រាក់ទាប ចំនួន១២គ្រឿង ដែលមានតម្លៃទឹកប្រាក់ ១៩៥ លានដុល្លារសហរដ្ឋអាម៉េរិក ហើយ ដែលទើបតែនឹងដាក់ សម្ពោធឲ្យប្រើប្រាស់ កាលពីពេល ថ្មីៗកន្លងទៅនេះ។

មន្ត្រីទ័ពអាកាសកម្ពុជា បានឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដឹងថា សព្វថ្ងៃនេះ អាកាសយាន្តនិក ផ្នែកបើកបរ ឧត្ថម្ភភាចក្រ ទទួលបានការវិកវើន នៅប្រទេសចិន និងវៀតណាម ខណៈអ្នកបើកបរ មួយចំនួនទៀតកំពុង វិកវើន នៅក្នុងប្រទេស៕

ដកស្រង់ពី៖ គេហទំព័រ ដើមអម្ពិល