កំពង់ធំ៖ មានការបាញ់តគ្នា ជាច្រើនគ្រាប់ រវាងជនសង្ស័យ ជាអ្នកដឹកឈើ គ្រញូង ជាមួយអង្គរក្ស លោក ព្រះរាជអាជ្ញារង ខេត្ដកំពង់ធំ កាលពី ម៉ោងជាង ៦ព្រឹក ព្រលឹមថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០១៤ នៅភូមិ ត្រពាំងវែង សង្កាត់ ស្រយូវ ក្រុង ស្ទឹងសែន បន្ទាប់ពី មានការដេញ បង្ក្រាប រថយន្ដហុងដា ពណ៌ស្លែ ដឹកឈើគ្រញូង រួចមក ។
ប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាដូចខាងលើ ជនសង្ស័យម្នាក់ ដែលគេស្គាល់ថា ឈ្មោះ សន ប៉ុន ភេទប្រុស អាយុ៣៥ ឆ្នាំ មានទីលំ នៅភូមិ ត្រពាំងវែង សង្កាត់ ស្រយូវ ក្រុង ស្ទឹងសែន បានបើកឡាន ម៉ាកហុងដា CRV ពណ៌ស្លែ ពាក់ស្លាក លេខខេមរភូមិន្ទ 1 2-០553 ដឹកឈើ គ្រញូង ដោយធ្វើដំណើរតាម បណ្ដោយផ្លូវជាតិលេខ៦ ពីជើងឆ្ពោះ ទៅទិសខាងត្បូង ។ ដោយមានការ សង្ស័យសមត្ថកិច្ច អាវុធហត្ថបានដេញ តាមពីក្រោយហើយ រាយការណ៍ជូន លោកព្រះរាជអាជ្ញារង សាយ ណូរ៉ា ។
បន្ទាប់មកលោក សាយ ណូរ៉ា ជាមួយ អង្គរក្សរបស់លោក ពីរនាក់ទៀតបានទៅដល់ ពេលនោះជនសង្ស័យ បានបើកឡាន ចូលក្នុង ផ្ទះនៅ ភូមិ ត្រពាំងវែង សង្កាត់ ស្រយូវ ហើយចុះពីលើ ឡាន ឈរអែប ជញ្ជាំងផ្ទះ ដោយក្នុងដៃមាន កាន់កាំភ្លើងខ្លី ។ នៅពេលនោះ អង្គរក្ស លោក សាយ ណូរ៉ា ក៏ដើរចូលទៅជន សង្ស័យបានអារម៉េកាំភ្លើង បញ្ចូលគ្រាប់ ហើយដើរសៀរ ទៅក្រោយផ្ទះ ហើយ បានបាញ់សំដៅអង្គរក្ស លោក សាយ ណូរ៉ា និងកម្លាំងអាវុធហត្ថ ចំនួន៤ទៅ ៥គ្រាប់ ។ អង្គរក្សលោក សាយ ណូរ៉ា ក៏បានបាញ់ តទៅវិញ ដោយកាំភ្លើង AK ៤ទៅ៥គ្រាប់វិញដែរ ។ ប៉ុន្ដែការបាញ់ តគ្នានេះពុំមាន នរណាម្នាក់រងគ្រោះឡើយ ។ ជនសង្ស័យ បានរត់គេចខ្លួន ចេញពីភូមិ ត្រពាំងវែង ចូលទៅភូមិ ពោធិ៍តាអ៊ុន រួចសុំផ្ទះប្រជាពលរដ្ឋ លាក់ខ្លួន តែដោយម្ចាស់ផ្ទះ ភ័យក៏រត់ចុះមក សំងំនៅផ្ទះ អ្នកជិតខាង ។ ពេលសមត្ថកិច្ច ទៅដល់មិនមាន នរណាហ៊ានចូល ទៅឆែកឆេ ក្នុងផ្ទះនោះឡើយ សមត្ថកិច្ច បានត្រឹមព័ទ្ធផ្ទះ នោះរង់ចាំទទួល បទបញ្ជា ។ សមត្ថកិច្ច រាប់សិបនាក់ មានអាវុធហត្ថ ប៉ូលិស មេព្រៃ និង ព្រះរាជអាជ្ញារង បានហ៊ុមព័ទ្ធផ្ទះនោះ រហូតដល់ម៉ោង៩ ទើបហៅប្រពន្ធជនសង្ស័យឱ្យចូលទៅ ក្នុងផ្ទះ ដើម្បីឆែករក មើលប្ដីរបស់ខ្លួន ប៉ុន្ដែបន្ទាប់ ពីប្រពន្ធចូល ពិនិត្យក្នុងផ្ទះ ពុំឃើញប្ដី ទើបសមត្ថកិច្ច ចូលទៅឆែក-ឆេរតាមក្រោយ តែពុំបានរកឃើញជន សង្ស័យឡើយ ។ គេពុំដឹងថា ជនសង្ស័យ ចាកចេញ ពីផ្ទះនោះពីពេលណាឡើយ ។ លោកព្រះរាជអាជ្ញារង បាន បញ្ជាឱ្យដក កម្លាំងចេញ ដោយបំបែរ ទិសដៅទៅ រុករកកន្លែងផ្សេង ។ ប៉ុន្ដែរហូតមកដល់ម៉ោង ១២ ថ្ងៃ ដដែលនោះ មិនទាន់មានសេចក្ដីរាយការណ៍ ថា ចាប់ ជនសង្ស័យបាននៅឡើយទេ ។ លោកព្រះរាជអាជ្ញារង បានសម្រេច រឹបអូសឡាន និងឈើគ្រញូង យកទៅកាន់រដ្ឋបាល ព្រៃឈើ ស្ទោង ដើម្បីធ្វើការ វាស់វែង ។ លោក តុង យី នាយផ្នែក រដ្ឋបាល ព្រៃឈើ ស្ទោងបានឱ្យដឹងថា ឈើ គ្រញូង នៅក្នុងឡាន នោះមាន ២៦ដុំ ស្មើនឹងជិត ៣០០ គីឡូក្រាម ។ ផ្នែក រដ្ឋបាល ព្រៃឈើ កំពុងចងក្រងសំណុំ រឿងតាមជំនាញ។ ដោយឡែកចំពោះ ករណីប្រើប្រាស់ អាវុធខុសច្បាប់ និង ការបាញ់ប្រហារ មកលើសមត្ថកិច្ចខាង ប៉ូលិស និង អាវុធហត្ថ ជាអ្នកចងក្រង សំណុំរឿងបញ្ជូន ទៅតុលាការ ។
សូមបញ្ជាក់ថា ជនសង្ស័យខាង លើពុំមាននរណា ដឹងច្បាស់ធ្វើអ្វីពិត ប្រាកដទេ។ អ្នកខ្លះថា ធ្វើទាហាននៅ ទិសប្រាសាទព្រះវិហារ តែអ្នកខ្លះទៀត ថាជាអ្នករកស៊ីដឹកឈើ តែប៉ុណ្ណោះ៕
ដកស្រង់ពី៖ គេហទំព័រ រស្មីកម្ពុជា