Social Network

អាជ្ញាធរចុះដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋនៅខេត្តត្បូងឃ្មុំ ក្រោយពួកគាត់ចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ និងមានទំនាស់ជាមួយក្រុមហ៊ុន

(ត្បូងឃ្មុំ)៖ លោក ប៉ុល សុផា អគ្គនាយកចម្ការកៅស៊ូ និងជាតំណាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ហាក់ សុខមករា អភិបាលរង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះបើក វេទិការសាធារណៈ ស្តីពីនីតិវិធីក្នុង ការគ្រប់គ្រង កាន់កាប់ដីធ្លី និងការដោះស្រាយ វិវាទដីធ្លី ដើម្បីពន្យល់ដល់ ប្រជាពលរដ្ឋទាំង ៦ភូមិ ក្នុងឃុំគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អំពីបញ្ហាដែលពួកគាត់ បានចូលកាន់កាប់ដី វិនិយោគរបស់រដ្ឋ ដោយខុសច្បាប់ ។

លោក ធួន ជេដ្ឋា ប្រធានមន្ទីរ រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដីដែលមានទំនាស់នេះ គឺក្រុមហ៊ុន សុភក្ដិនីកា អ៊ិនវេសមេនគ្រុប ខូអិលធីឌី បានកាន់កាប់អស់រយៈពេល៣០ឆ្នាំ មកហើយ ព្រមទាំងបានចេញ ប័ណ្ណកម្មសិទ្ធិរួចរាល់ដែរ ដែលមានទំហំ ១,៥១៩ហិចតា ចំពោះដីដែលមាន ទំនាស់ជាមួយពលរដ្ឋ គឺមានចំនួន ២៩៥ហិចតា ស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួងកសិកម្ម ។

លោក ប៉ុល សុផា បានធ្វើការពន្យល់ថា ក្រោយការរំដោះឆ្នាំ ១៩៧៩ រដ្ឋាភិបាលបានប្រមូលចំការ កៅស៊ូចាស់ៗ ទាំងអស់ មករៀបចំឲ្យដំណើរ ការឡើងវិញ ដោយពីដើមឡើយ ដីទាំងអស់នេះសុទ្ធតែជាដីសម្បទាន ដែលក្រុមហ៊ុនធំៗទាំងបារាំង និងខ្មែរ បានធ្វើវិនិយោគ លើចម្ការកៅស៊ូនោះ ការវិវត្តន៍បានធ្វើរហូតឆ្លង កាត់ដំណាក់ការជាបន្តបន្ទាប់ រហូតដល់ការធ្វើអវិនិយោគ ។ លោក ប៉ុល សុផា បានពន្យល់ពាក្យថា អវិនិយោគនេះ មានន័យថារដ្ឋ ឈប់ធ្វើការវិនិយោគ ដោយផ្ទេរវិស័យ វិនិយោគ ទៅឲ្យឯកជនជា អ្នកអភិវឌ្ឍ ដែលជាដៃគូរបស់រដ្ឋ ជាអ្នកវិនិយោគ ។ ក្នុងនោះមានក្រុមហ៊ុន សហគ្រាសចម្ការកៅស៊ូទាំង៧ ក្រុមហ៊ុនសម្ភារៈកសិកម្ម និងក្រុមហ៊ុនជលផល ដែលគណៈកម្មការអវិនិយោគ កើតឡើងតាំងពី ឆ្នាំ២០០៣ បន្តរហូតដល់ឆ្នាំ២០០៧ ទើបចាប់ផ្តើមធ្វើអវិនិយោគ បន្តរហូតដល់ឆ្នាំ២០០៩ ក្រុមហ៊ុនសុភក្តិនីកា អ៊ិនវេសមេនគ្រុប ខូអិលធីឌី ខាងលើ ក៏បានដេញថ្លៃបាន ហើយមានប្លង់ដី ច្បាស់លាស់គ្រប់គ្រាន់ ដែលមានសិទ្ធិគ្រប់គ្រង ប្រើប្រាស់ និងអាស្រ័យផល ដែលមានប្លង់ដីតម្កល់ នៅក្រសួងកសិកម្ម ជាដីឯកជនរបស់រដ្ឋ ដែលមានក្រសួងកសិកម្ម ជាអ្នកគ្រប់គ្រង ដោយក្រុមហ៊ុនជួលដីនេះ មានកាតព្វកិច្ច បង់ពន្ធប្រចាំឆ្នាំ ជារៀងរាល់ឆ្នាំជូនរដ្ឋ យ៉ាងទៀងទាត់ផងដែរ ។

តំណាងក្រសួងកសិកម្ម រូបនេះបានបញ្ជាក់ថា ដីដែលពាក់ព័ន្ធ ២៩៥ហិចតា ជាដីរបស់រដ្ឋមិនមែន ជាដីរបស់ឯកជន ឬរបស់នរណាម្នាក់ឡើយ តាមការស្រាវជ្រាវផ្ទាល់ ដែលមានឯកសារផ្ទាល់ ដែលលោកអភិបាលស្រុក និងមន្ត្រីជំនាញ បានបញ្ជាក់ច្រើនដងមកហើយ ។ នៅក្នុងវេទិការនោះ ប្រជាពលរដ្ឋ បានលើកឡើងនូវចម្ងល់ និងសំណូមពរស្នើឲ្យ ខាងអាជ្ញាធរបញ្ជាក់ថា ដីដែលមានទំនាស់នេះ ជាដីរបស់រដ្ឋ ពិតប្រាកដមែនអត់ និងធ្វើការសុំដី ដើម្បីកាន់កាប់ ដោយមួយគ្រួសារ ត្រឹមទទឹង២៥ម៉ែត្រ និងបណ្តោយ ៥០ម៉ែត្រ ក៏គ្រប់គ្រាន់ដែរ ។ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដីនេះជាដីឯកជនរបស់រដ្ឋ ដែលជួលទៅឲ្យក្រុមហ៊ុន សម្រាប់វិនិយោគ ដែលមានប្លង់យ៉ាង ច្បាស់លាស់ពិតប្រាកដ ក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម យ៉ាងពិតប្រាកដ សម្រាប់សំណើ ប្រជាពលរដ្ឋសុំដីនោះ ជាគោលការណ៍របស់រដ្ឋ ដីឯកជនរបស់រដ្ឋ តាមច្បាប់នោះមិន អាចប្រគល់ឲ្យបាននោះទេ ។

លោកបានបន្ថែមថា ក្នុងនាមអាជ្ញាធរ មិនអាចកាត់ប្រគល់ដីរដ្ឋ ទៅឲ្យប្រជាពលរដ្ឋ ដោយខុសពីច្បាប់នោះ បានទេ ព្រោះដីនេះ ត្រូវបានការពារដោយច្បាប់ ធានាដោយរដ្ឋ ដែលឯកជនកាន់កាប់ ដោយមានការធានាត្រឹមត្រូវ ដែលខុសពីបំណងប្រជាពលរដ្ឋ ធ្វើការទាមទារចង់បាន ។ លោកអភិបាលរង ក៏បានធ្វើការ អំពាវនាវដល់ ប្រជាពលរដ្ឋ មិនត្រូវជឿការភូតភរ កុហកពីមេខ្យល់ ដើម្បីចង់បានដី របស់រដ្ឋមកធ្វើ ជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ គឺពិតជាខុសច្បាប់ ទាំងស្រុង ហើយវាមិនបាន ទទួលផលអ្វីវិញនោះទេ តែវាបានបណ្តាល ឲ្យខាតពេលវេលា ប្រកបរបររកស៊ីចិញ្ចឹម ជីវិតថែមទៀតនោះ ។

លោកបានបញ្ជាក់ ប្រាប់ប្រជាពលរដ្ឋថា បើសិនប្រជាពលរដ្ឋខ្វះខាត ដីបង្កបង្កើនផល ឬស្នាក់នៅ ឬមួយក្រីក្រ ពិតប្រាកដ ប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំ ទៅកាន់រាជរដ្ឋាភិបាល សុំរស់នៅលើដីសម្បទានសង្គមកិច្ច តាមរយៈភូមិ / ឃុំ / ស្រុក / ខេត្ត គណៈកម្មាធិកាដីធ្លីខេត្ត នឹងយកសំណើទៅ កាន់ថ្នាក់ជាតិ ដើម្បីដោះស្រាយ ជូនប្រជាពលរដ្ឋជាក់ ជាមិនខាន ៕