Social Network

ដល់ក! ចាប់ខ្លួនមន្រ្តីនគរបាលក្រសួងមហាផ្ទៃ២នាក់ ពីបទជួញដូរគ្រឿងញៀន, ដកហូតថ្នាំមួយចំនួន និងរថយន្ត១គ្រឿង

(ត្បូងឃ្មុំ)៖ កម្លាំងនគរបាល ខេត្តត្បូងឃ្មុំ បាននិងកំពុងបន្ត ប្រតិបត្តិ ការបង្ក្រាបគ្រឿងញៀន តាមបទបញ្ជារបស់ រាជរដ្ឋាភិបាល ជាក់ស្តែងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលស្រុកពញាក្រែក បានចាប់ខ្លួន ជនសង្ស័យ២នាក់ ពីបទរក្សាទុក និងជួញដូរ គ្រឿងញៀន ព្រមទាំងដកហូត ថ្នាំញៀនមួយចំនួន និងរថយន្តមួយ គ្រឿងផងដែរ ។

អ្វីដែលធ្វើឲ្យ ចាប់អារម្មណ៍ និងហួសចិត្តនោះ គឺជនសង្ស័យទាំង២នាក់ ជាមន្រ្តីនគរបាល ក្រសួងមហាផ្ទៃ ដែលមានឪពុក និងម្តាយជាមន្រ្តី នគរបាលផងដែរ ។ មន្រ្តីនគរបាល ស្រុកពញាក្រែក បានបញ្ជាក់ថា ប្រតិបត្តិការចាប់ខ្លួន ជនសង្ស័យទាំង ២នាក់ បានធ្វើឡើងនៅចំណុច ត្រពាំងអ្នកតា ស្ថិតនៅភូមិក្បាលដំរី ឃុំត្រពាំផ្លុង ស្រុកពញាក្រែក ។

មន្រ្តីនគរបាលបានបន្តថា ជនសង្ស័យទាំង ២នាក់ រួមមាន: ទី១-ឈ្មោះ ទូចសុគុណ អាយុ ៣២ឆ្នាំ ជាមន្ត្រីពន្ធធានាគារ ម៣ (គុកត្រពាំងផ្លុង) និងទី២-ឈ្មោះ ប៉ាល់ សីហា អាយុ ១៩ឆ្នាំ បម្រើការងារអង្គភាព នាយដ្ឋានការពារ ក្រសួងមហាផ្ទៃ ។ បើតាមមន្រ្តី នគរបាលដដែល ពេលចាប់ខ្លួននោះ កម្លាំងរកឃើញ ម្សៅក្រាមពណ៌សរ ចំនួន២កញ្ចប់ នៅឈ្មោះទូច សាគុណ កាន់ជិះក្នុងរថយន្តម៉ាក Highlander ពណឹទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2P-5445 ។

បន្ទាប់មកកម្លាំងយើង បានឆែករកឃើញ នៅក្រោមពូករថយន្ត បាន ១កញ្ចប់ធំទៀត ។ ជុំវិញប្រតិបត្តិការនេះ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា «ចំពោះរឿងនេះ ខ្ញុំមិនលើកលែង ជាដាច់ខាត ហើយបើមានអ្នកណា អន្តរាគមន៍ខ្ញុំនឹងបញ្ជូន ឈ្មោះទៅសម្តេចក្រឡាហោម និងឯឩ អគ្គឲ្យជ្រាបតែម្តង ហើយលោក ចាន់គឹមសេង អគ្គនាយកពន្ធនាគារ ក៏បានប្រាប់មកខ្ញុំថា ត្រូវធ្វើតាមច្បាប់ យ៉ាងតឹងរឹងបំផុត » ។

មន្រ្តីនគរបាលម្នាក់ សូមមិនបញ្ចេញឈ្មោះ បានលួចបញ្ជាក់ថា សម្រាប់ជនសង្ស័យ ប៉ាល់ សីហា មានឪពុកជា នគរបាលអន្តោប្រវេសន៍ ច្រកទ្វារត្ររពាំងផ្លុង និងមានម្តាយជា នគរបាលនៅអគ្គ ភស្តុភារដែរ ហើយពួកគេទាំង ២នាក់ បានធ្វើសកម្មភាព នៅតំបន់នេះយូរមកហើយ តែជាលើកទី១ ដែលកម្លាំងនគរបាល ចាប់បាន ។

បើតាមមន្រ្តីនគរបាល ចាប់តាំងពីយុទ្ធនាការ បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេសមក នគរបាលខេត្តត្បូងឃ្មុំ ៣នាក់ហើយ ដែលត្រូវបានបង្ក្រាប ដោយនគរបាលទី១ បម្រើការងារផ្នែកព្រហ្មទណ្ឌ ។ យ៉ាងណាក៏ដោយ ចំពោះជនសង្ស័យ ម្នាក់ឈ្មោះ ប៉ាល់ សីហា ត្រូវបានលោក ឧត្តមសេនីយ៍ឯក ជឹម សារឿន ប្រធាននាយក ដ្ឋាននគរបាលតម្រួត ការពារបានបដិសេធថា ជននេះបានផ្ទេរទៅ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ហើយពុំមែននៅអង្គភាព លោកទៀតទេ ៕