Social Network

អភិបាលខេត្តកំពង់ចាម​៖ ប្រទេសជាតិមួយរីកចម្រើន មិនដោយសារធនធានធម្មជាតិទេ គឺដោយសារធនធានមនុស្សខ្លាំងពូកែ

អភិបាលខេត្ត កំពង់ចាម លោក លន់ លឹមថៃ បានលើកយកនូវ ប្រសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ កម្ពុជាថា ប្រទេសជាតិមួយ ដែលរីកចម្រើនខ្លាំង មិនមែនដោយ សារប្រទេសនោះ មានធនធាន ធម្មជាតិច្រើននោះទេ គឺដោយសារ ប្រទេសនោះមានធនធាន មនុស្សខ្លាំងពូកែច្រើន ដែលជាកត្តាសំខាន់ ក្នុងការអភិវឌ្ឍ ប្រទេសជាតិ ឲ្យមានការរីក ចម្រើនប្រកបដោយ ស្ថិរភាព និងនិរន្តរភាព។

 លើកឡើងបែបនេះ របស់លោកអភិបាល ខេត្តកំពង់ចាម  ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៧នេះ សំណេះសំណាលជា មួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យបឹងកុក ស្ថិតក្នុងក្រុងកំពង់ចាម។

ក្នុងនោះលោក លន់ លឹមថៃ បានលើក ទឹកចិត្តឲ្យ លោកគ្រូ អ្នកគ្រូ បន្ដខិតខំ ប្រឹងប្រែងបង្រៀន និងលើកទឹកចិត្ត ដល់សិស្សានុសិស្ស ខំប្រឹងប្រែងរៀនសូត្រ ហើយនៅពីក្រោយ ការលើកទឹកចិត្តនេះ គឺជាចក្ខុវិស័យវែងឆ្ងាយ ដែលសំដៅដល់ការ កសាងធនធានមនុស្ស សម្បូរបែប និងអភិវឌ្ឍប្រទេសជាតិឲ្យ មានការរីកចម្រើន។

ក្រៅពីលើកទឹកចិត្ត សិស្សានុសិស្ស ឲ្យខិតខំរៀន លោកអភិបាលខេត្ត ក៏មិនភ្លេចឡើយ នូវសារជាគន្លឹះ សំខាន់ៗទាក់ទងនឹង ការគោរពច្បាប់ ចរាចរណ៍ គ្រឿងញៀន អនាម័យ បរិស្ថានសំរាម សុខភាពជាដើម។

បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានបង្ហាញឲ្យឃើញ ច្បាស់ថែមទៀត នូវចក្ខុវិស័យរបស់ រដ្ឋបាលខេត្តកំពង់ចាម  ក្នុងអាណត្តីទី២ នៃក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោយពីព្រឹត្តិការណ៍ សម្ពោធបណ្ណាល័យ កំពង់ចាម ដែលជាបណ្ណាល័យ បោះបង់ចោល អស់រយៈពេលជិត កន្លះសតវត្ស ត្រូវបានធ្វើឡើងយ៉ាងអធិក អធមកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៦ ថ្នាក់ដឹកនាំ ពាក់ព័ន្ធ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និស្សិត យុវជនសហភាព សហព័ន្ធយុវជន កម្ពុជាខេត្ត សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ សិស្សានុស្សិស ស្ថាប័នក្រុមហ៊ុន ឯកជន ប្រតិភូបរទេស និងប្រជាពលរដ្ឋ  ប្រមាណ៣,០០០នាក់។

សូមបញ្ជាក់ថា អគារសិក្សាចាស់ ទ្រុឌទ្រោមនៃ វិទ្យាល័យបឹងកុក ក៏ត្រូវបានរុះរើ និងកំពុងកសាងថ្មីនូវ អគារសិក្សា១ខ្នង កម្ពស់៣ជាន់ មាន១៨បន្ទប់ និង ទីចាត់ការ១ខ្នង មាន៣បន្ទប់ ជាមួយនឹង អំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមកដល់ ថ្ងៃនេះ ការសាងសង់នេះ សម្រេចបានប្រមាណជាង៩០%ហើយ។

គួរបញ្ជាក់ថា កាលពីអំឡុងខែសីហា ឆ្នាំ២០១៦ ខណៈដែលសម្តេចបានជួបសំណេះសំណាល និងត្រួតពិនិត្យការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៃខេត្តកំពង់ចាម សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេចផ្តល់នូវសមិទ្ធផលថ្មីៗ បន្ថែមទៀតសម្រាប់ជាប្រយោជន៍សាធារណៈ ដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម រួមមានដូចខាងក្រោម៖

ទី១៖អគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង១៨បន្ទប់ និងសាងសង់ទីចាត់ការ១ខ្នង មាន៣បន្ទប់ ស្ថិតនៅអនុវិទ្យាល័យបឹងកុក ភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម បច្ចុប្បន្នសម្រេចជិត១០០ភាគរយ
ទី២៖អគារអន្តេវាសិកដ្ឋាន១ខ្នង កម្ពស់២ជាន់ ស្មើនឹង១០បន្ទប់ និងជួសជុលដំបូលអគារចាស់ៗ នៅសាលាគរុកោសល្យ និងវិក្រឹត្យការបច្ចុប្បន្នសម្រេចបាន៧០ភាគរយ
ទី៣៖អគារ១ខ្នង កម្ពស់២ជាន់ ស្មើនឹង២៤បន្ទប់ និងជួសជុលអាគារចាស់ៗឡើងវិញ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម បច្ចុប្បន្នសម្រេចបាន៧០ភាគរយ
ទី៤៖អគារសិក្សា នៅឃុំល្វារ ស្រុកចំការលើ ១ខ្នង (១៨បន្ទប់) ទីចាត់ការ១ខ្នង (៣បន្ទប់) និងផ្ទះគ្រូ១ខ្នង មាន៣ល្វែងបច្ចុប្បន្ន សម្រេចបាន៧០ភាគរយ
ទី៥៖ផ្លូវចាក់កៅស៊ូ នៅឃុំល្វា ស្រុកចំការលើ ប្រវែង១៤គីឡូម៉ែត្រ កំពុងពង្រីកចិញ្ចើមផ្លូវ និងចាក់ដីលើតួផ្លូវ បានប្រវែង៩គីឡូម៉ែត្រ
ទី៦៖ផ្លូវបេតុងកៅស៊ូ នៅស្រុកស្រីសន្ធរ ប្រវែង២១គីឡូម៉ែត្រ បានឈូសឆាយរួចទាំងស្រុងហើយ ហើយកំពុងចាក់ដីពង្រីក ចិញ្ចើមផ្លូវបាន៤គីឡូម៉ែត្រ៕

ដកស្រង់ពី៖FRESH NEWS