Social Network

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

(ត្បូងឃ្មុំ) ៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង លោក ហ៊ាង សុផល ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ដើម្បីផ្សព្វផ្សាយអំពីដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ក្នុងបរិវេណសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះធ្វើឡើង ដោយមានការអញ្ជើញរួមពី ឯកឧត្តម លោកជំទាវ លោក-លោកស្រី តំណាងអង្គការ សមាគមន៍ តំណាងគណបក្សនយោបាយទូទាំងខេត្ត អភិបាល អភិបាលរងស្រុក/ក្រុង ទាំង ៧ តំណាងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ លោក ហ៊ាង សុផល បានលើកឡើងពីស្ថានភាពទូទៅ នៃដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កន្លងទៅថ្មីៗនេះ ប្រព្រឹត្តទៅយ៉ាងរលូន រក្សាបានសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ដោយទទួលបានការបិទបញ្ចប់ការបោះឆ្នោតដោយជោគជ័យ ក្នុងបរិយាកាសល្អប្រសើរ ស្របតាមគោលការណ៍ច្បាប់ និងតាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយស្ថិតក្នុងបរិយាកាសសេរី ត្រឹមត្រូវយុត្តិធម៌ គ្រប់គណបក្សនយោបាយ និងបេក្ខជន បានចូលរួមបោះឆ្នោតប្រកបដោយបរិយាកាសរីករាយ ។

លោកប្រធានគណៈកម្មការ បានបន្តលើកឡើង ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា «ក្រុមប្រឹក្សា» គឺជាការបោះឆ្នោតអសកល។ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែងទាំងអស់ ជាអ្នកបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សាទាំង ពីរ ប្រភេទ គឺក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ/ឃុំ។

ដូច្នេះ អ្នកបោះឆ្នោតត្រូវបោះឆ្នោត ២ (ពីរ) ដង ក្នុងពេលតែមួយ ដោយប្រើសន្លឹកឆ្នោត ២ (ពីរ) ប្រភេទ ផ្សេងគ្នា។ ទន្ទឹមនោះ លោកបាន ផ្សព្វផ្សាយបញ្ជីឈ្មោះ ទីតាំងការិយាល័យចុះឈ្មោះ និងទីតាំងការិយាល័យបោះឆ្នោត, ផ្សព្វផ្សាយតារាងចំនួនការិយាល័យបោះឆ្នោត ចំនួនអ្នកបោះឆ្នោត និងចំនួនអាសនៈសមាជិកក្រុមប្រឹក្សា, ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០២៥ ស្តីពីការចុះឈ្មោះអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ និងផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ០១៨គ.ជ.ប.ស.ជ.ណ ស្តីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ និងបញ្ជីបេក្ខជនឈរឈ្មោះ ទៅតាមដំណាក់កាលៗ ដល់អង្គពិធីជ្រាបផងដែរ ។

លោក លោក ហ៊ាង សុផល ប្រធានគណៈកម្មការ បានបន្តថា ដើម្បីធានាឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ទទួលបានជោគជ័យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ក៏ដូចជាគណៈកម្មការរៀបចំការបោះឆ្នោតរាជធានី ខេត្ត គណបក្សនយោបាយ អាជ្ញាធរពាក់ព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចូលរួមអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួន នៅគ្រប់ដំណាក់កាល នៃដំណើរការបោះឆ្នោត ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌សម្រាប់ការបោះឆ្នោតនេះ។

បន្ថែមលើនេះ លោក ហ៊ាង សុផល ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានជម្រាបជូនផងដែរ អំពីនីតិវិធីនៃការចុះឈ្មោះអ្នកសង្កេតការណ៍ ជាតិ និងអន្តរជាតិ ការចុះឈ្មោះអ្នកសារព័ត៌មានជាតិ អន្តរជាតិ និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់សង្កេតមើលតាមការិយាល័យចុះឈ្មោះបោះឆ្នោត ព្រមទាំងកាលបរិច្ឆេទនៃការដាក់ពាក្យបានកំណត់នៅក្នុងប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

បន្ទាប់មកក៏មានជាសំណួររបស់ភាគីចូលរួមក្នុងកិច្ចប្រជុំបានសួរថា តើបេក្ខជនដែលបានឈរឈ្មោះបោះឆ្នោតជាក្រុមប្រឹក្សាស្រុក តើត្រូវតម្រូវឲ្យមានទីលំនៅស្ថិតនៅក្នុងស្រុកនឹងដែលគាត់ឈរឈ្មោះនឹង ដែរឬទេ? លោក ហ៊ាង សុផល ក៏បានឆ្លើយតបថា បេក្ខជនដែលគាត់ បានឈរឈ្មោះបោះឆ្នោតជាក្រុមប្រឹក្សាស្រុក មិនតម្រូវទាល់តែគាត់(បេក្ខជនឈរឈ្មោះ) មានទីលំនៅ នៅក្នុងក្រុង/ស្រុក ដែលគាត់ឈរឈ្មោះនេះទេ គឺគ្រាន់តែមានទីលំនៅក្នុងរាជធានី ខេត្ត នឹង បានហើយ ។មានមតិសំណេះសំណាលក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការ ធ្វើឲ្យដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តទី៥ ឆ្នាំ២០២៤ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ប្រព្រឹត្តទៅដោយរលូនប្រកបដោយ សុខសុវត្ថិភាព ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ស្របតាមគោលការណ៍ច្បាប់ និងតាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពិតប្រាកដនៅកម្ពុជា។

ឯកឧត្តម ម៉ៅ ឌុង បានគូសបញ្ជាក់ថា យោងតាមប្រតិទិននៃការបោះឆ្នោតដែល គ.ជ.ប បានសម្រេចរួចហើយ ចំពោះការរបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។

ទាំងនេះ ទាមទាឲ្យមានការចូលរួម អនុវត្ត និងគាំទ្រ ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកបោះឆ្នោត និងអង្គបោះឆ្នោតទាំងអស់ ដើម្បីឱ្យដំណើរការបោះឆ្នោតក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ/ឃុំ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិយាកាសល្អប្រសើរ៕