Social Network

សម្តេចពញាចក្រី ហេង សំរិន អញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគ២ ក្នុងខេត្តត្បូងឃ្មុំ នៅការិយាល័យលេខ ២០០៣

(ត្បូងឃ្មុំ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគ២ ក្នុងខេត្តត្បូងឃ្មុំ នៅការិយាល័យលេខ ២០០៣ ដែលការិយាល័យបោះឆ្នោតនេះ ស្ថិតនៅពុទ្ធិកវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ក្នុងបរិវេណវត្តហៅវត្តវិហារទទឹម ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួមឯកឧត្តម ជា សុផារ៉ា សមាជិកក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ លោក លោកស្រី ជាអង្គបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប្រកបដោយទឹកមុខសប្បាយរីយរាយផងដែរ ។

បើតាម លោក ហ៊ាង សុផល ប្រធានគណកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ខេត្តត្បូងឃុំ និងខេត្តកំពង់ចាម ស្ថិតនៅមណ្ឌលភូមិភាគ ២ មានអាសន:ចំនួន ៨អាសន: ដោយខេត្តត្បូងឃ្មុំ មានចំនួន ០១ ការិយាល័យ គឺការិយាល័យលេខ ២០០៣ ដែលការិយាល័យបោះឆ្នោតនេះ ស្ថិតនៅពុទ្ធិកវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន (ហៅវត្តវិហារទទឹម)។

ការចាប់ផ្តេីមបេីកដំណេីរការការិយាល័យបោះឆ្នោតនៅវេលាម៉ោង ៧:០០នាទីព្រឹក និងបិទបញ្ចប់វេលាម៉ោង ១៥:០០នាទីរសៀល។ លោកប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានបញ្ជាក់ថា ខេត្តត្បូងឃ្មុំ មានអង្គបោះឆ្នោតសរុបចំនួន ៥៤៤រូប ក្នុងនោះ មានអង្គបោះឆ្នោតជាតំណាងរាស្រ្តក្នុងមុខតំណែង ចំនួន៨រូប និងអង្គបោះឆ្នោតសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មានចំនួន ៥៣៦រូប ។

ក្នុងនោះ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ខេត្តត្បូងឃ្មុំ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៉ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។

ក្រោយពីបិតបញ្ចប់ការបោះឆ្នោតនិងរាប់សន្លឹកឆ្នោតរួចមក ជាលទ្ធផលសន្លឹកឆ្នោតបានការ ចំនួន៥៤២សន្លឹកនោះ បណ្ដាគណបក្សនយោបាយទទួលបានរួមមាន ៖ *ទី១៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន៤៥៤សំឡេង *ទី២៖ គណបក្សឆន្ទៈខ្មែរ ទទួលបាន៨៨សំឡេង *ទី៣៖ គណបក្សកម្លាំងជាតិ មិនទទួលបានសំឡេង *ទី៤៖ គណបក្សហ្វ៊ុនស៉ិនប៉ិច មិនទទួលបានសំឡេង។

ចំពោះសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ធានាបានល្អ បិទបញ្ចប់ការបោះឆ្នោតដោយជោគជ័យ ក្នុងបរិយាកាសល្អប្រសើរ ពុំមានគណបក្សណាមួយជំទាស់ ឬក៏មានការគំរាមកំហែង អំពើហិង្សាអ្វីនោះឡើយ។ សូមបញ្ជាក់ថា ៖ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០០៥ ព្រឹទ្ធសភាកើតឡើងដោយការបោះឆ្នោតជាអសកលផង ជ្រើសតាំងផង និងចាត់តាំងផង សម្រាប់រយៈពេល៦ឆ្នាំ។ សមាជិកព្រឹទ្ធសភា មានសមាជិកស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភា។

ក្នុងនោះសមាជិក ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិក ២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។ អនុលោមតាមច្បាប់នេះ សមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នេះ មានចំនួន៦២រូប។

ក្នុងនោះសមាជិក ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិក ២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប និង៥៨រូបផ្សេងជ្រើសរើសតាមការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។ មណ្ឌលបោះឆ្នោតត្រូវរៀបចំ និងបែងចែកជា ៨ភូមិភាគ ហើយអាសនៈត្រូវបែងចែកតាមភូមិភាគ ដូចខាងក្រោម៖ * ភូមិភាគទី១ រាជធានីភ្នំពេញ មាន៦ អាសនៈ * ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន៨ អាសនៈ * ភូមិភាគទី៣ ខេត្តកណ្ដាល មាន៥ អាសនៈ * ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន១០ អាសនៈ * ភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន៧ អាសនៈ * ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧ អាសនៈ * ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន៩ អាសនៈ * ភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន៦ អាសនៈ។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៉ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។ សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិកសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប៕