Social Network

រដ្ឋបាលខេត្ដត្បូងឃ្មុំ និងមន្ទីរអប់រំយុវជន និងកីឡាខេត្ដ បានរៀបចំពិធីបេីកការប្រកួតកីឡាសិស្សបឋម ជ្រេីសរេីសជេីងឯកថ្នាក់ខេត្ដប្រចាំឆ្នាំ២០២៣-២០២៤

ត្បូងឃ្មុំ៖ ដើម្បីចំរាញ់យកក្រុមកីឡាករ កីឡាការីនី មានសមត្ថភាព បច្ចេកទេសខ្ពស់ ទេពកោសល្យ ត្រៀមចូលរួមប្រកួតកីឡាសិស្សបឋម ជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលរៀបចំដោយ មន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០២៣-២០២៤ រយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបរិវេនទីលានបាល់ទាត់ វិទ្យាល័យ សម្ដេចតេជោហ៊ុនសែន សួង សង្កាត់សួង ក្រុងសួង ខេត្ដត្បូងឃ្មុំ។

ពិធីបើកការប្រកួតកីឡានេះ ធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងនៃគណៈអភិបាលខេត្ដត្បូងឃ្មុំ។ ក្នុងនោះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមកីឡាករ កីឡាការនី ទាំង៧ក្រុងស្រុក ក្នុងខេត្ដត្បូងឃ្មុំ មានដូចជា បាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម មន្រ្តីដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

នាឱកាសនោះ ឯកឧត្តម ប៉េង សម្បត្តិ បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេច បតីតេជោ ហ៊ុន សែនអតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់វិស័យកីឡា។ ជាពិសេសក្នុងគ្រាដែលកម្ពុជាជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ជោគជ័យទទួលបានលទ្ធផលមេដាយមាសយ៉ាងច្រើនសន្ធឹកសន្ធាប់នាពេលកន្លងមក។

បន្ថែមពីនោះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្តេជ្ញាចិត្តខ្ពស់ និងខិតខំប្រឹងប្រែងកំណែទម្រង់គ្រប់ទិដ្ឋភាពទាំងក្នុងក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌបច្ចេកទេស ដោយផ្អែកលើគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ផែនការឆ្ពោះទៅមុខ ដោយផ្តោតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ កីឡាសម្រាប់ការហាត់ហ្វឹកហ្វឺន ការបណ្តុះបណ្តាលធនធានមនុស្ស ទាំងបរិមាណ និងគុណភាព និងការរៀបចំប្រកួតកីឡាគ្រប់ប្រភេទប្រកបដោយស្តង់ដា ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងនៃគណៈអភិបាលខេត្ដត្បូងឃ្មុំ ក៏បានផ្ដាំផ្ញើដល់ប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ជាពិសេសគួរយកពេលវេលាលេងកីឡា ប្រសើរជាងយកពេលវេលាទៅប្រើប្រាស់អ្វីដែរមិនបានត្រឹមត្រូវ ឬប្រព្រឹត្តអបាយមុខផ្សេងៗ ដែលបង្កឲ្យមានផលប៉ះពាលដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

ក្នុងនោះត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៏ ពាក់មួកសុវត្តិភាពពេលជិះម៉ូតូ ពាក់ខ្សែក្រវ៉ាត់ពេលបើក និងជិះរថយន្ត ត្រូវចេះយោគយល់ អធ្យាស្រ័យពេលធ្វើដំណើរ បញ្ជៀសអោយបានការបង្កគ្រោះថ្នាក់ដោយយថាហេតុផងដែរ ។ សូមបញ្ជាក់ថា៖ ការប្រកួតកីឡា ធ្វើឡើងក្នុងគោលបំណង ចម្រាញ់រកកីឡាករដែលមានសមត្ថភាព ជាពិសេសបានចូលរួមជួយផ្សព្វផ្សាយជូនដល់ប្រជាជនយើងឲ្យស្រលាញ់វិស័យកីឡា ដើម្បីសាងមិត្ដភាព សាមគ្គីភាព សុវត្ថិភាព និងសន្តិភាពក្នុងតំបន់ ក៏ដូចជាប្រទេសជាតិ មានការរីកចម្រើនតទៅមុខផងដែរ ៕