Social Network

ឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន អញ្ជើញសំណេះសំណាល នាំយកអាវយឺតឯកសណ្ឋាន ផ្តល់ជូនមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ

រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកខេត្តត្បូងឃ្មុំ បានអញ្ជើញចុះសំណេះសំណាល និងនាំយកអាវយឺតឯកសណ្ឋាន ផ្តល់ជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ នៅសាលប្រជុំមន្ទីរ។

ក្នុងឱកាសនោះ ឯកឧត្តម ស សុីណា ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន សម្រាប់ការឧបត្ថម្ភនូវអាវយឺតឯកសណ្ឋានចំនួន៣១អាវ ផ្តល់ជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានទាំងអស់ ទុកប្រើប្រាស់ពាក់បំពេញការងារប្រចាំថ្ងៃ ចុះយកព័ត៌មាន និងព្រឹត្តិការណ៍កម្មវិធីផ្សាយផ្ទាល់នានានៅក្នុងខេត្ត ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា ក្រសួងព័ត៌មាន ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ។

ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដែលបានខិតខំសម្រេចបាននូវការងារជាច្រើន បំរើឲ្យវិស័យព័ត៌មាន ក្នុងនាមសេនាធិការឲ្យក្រសួងព័ត៌មាន។

ឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន ក៏បានជំរុញឲ្យ បន្តអនុវត្តន៍ការងារឲ្យកាន់តែសស្រាក់សស្រាំ រិះរកគំនិតថ្មីៗក្នុងការផលិតកម្មវិធី និងព័ត៌មានប្លែកៗ ជាពិសេសចុះយកព័ត៌មាន ផលិត ផ្សព្វផ្សាយ បង្ហាញនូវសមិទ្ធផលជាច្រើនដែលរដ្ឋបាលខេត្តត្បូងឃ្មុំខិតខំសម្រេចបាន ស្របតាមទិសស្លោកក្រសួងព័ត៌មាន ជាចុងក្រោយ ឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានផ្តាំផ្ញើមន្ត្រីនៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំទាំងអស់ បន្តសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ បង្កើនប្រសិទ្ធភាព និងគុណភាព ស្របតាមទសស្លោក ក្រោមទស្សនៈ ឯកឧត្តម នេត្រ ភក្ត្រា “ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន”៕