Social Network

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ដឹកនាំប្រតិភូ អញ្ជើញចូលរួមអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម នៅខេត្តប៊ិញភឿក

(តៃនិញ) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរិតចំណងសម្ព័ន្ធមេត្រីភាព រវាងខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រភូខេត្ត ចូលរួមតាមការអញ្ជើញរបស់គណៈកម្មាធិការប្រជាជន ខេត្តប៊ិញភឿក ដើម្បីប្រារព្ធពិធីអបអសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៤ និងចូលឆ្នាំថ្មី ប្រពៃណីជាតិ វៀតណាម ដែលបានប្រារព្ធធ្វើឡើងនៅទីរួមខេត្តប៊ិញភឿក ។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានសម្តែងក្តីរំភើបរីករាយ ដោយមានការទទួលស្វាគមយ៉ាងកក់ក្តៅពីសំណាក់ ថ្នាក់ដឹកនាំខេត្តប៊ិញភឿក និងបានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ របស់ឯកឧត្តម ង្វៀន ម៉ាញ់ភឿង លេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តតៃនិញ និង លោកជំទាវ ត្រើន ទ្វៀនមិញ ប្រធានគណកម្មាធិការប្រជាជនខេត្តប៊ិញភឿក ដែលបានខិតខំដឹកនាំខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ បង្កបាននូវភាពសុខសាន្ត ជូនដល់ប្រជាជនក្នុងខេត្តទាំងមូល ។

ឯកឧត្តម សង្ឃឹមជឿជាក់ថា ទំនាក់ទំនងរវាងខេត្តប៊ិញភឿក និងខេត្តទាំង៦ ពិតជាកាន់តែមានការរីកចម្រើនថែមទៀត ចំពោះសមិទ្ធផលលើគ្រប់វិស័យ ដែលខេត្តប៊ិញភឿក និងខេត្តទាំង៦ សម្រេចបានកន្លងមក គឺពិតជាមានអត្ថន័យ និងមានសារៈសំខាន់យ៉ាងធំធេងសម្រាប់កិច្ចអភិវឌ្ឍ ធ្វើឲ្យកាន់តែមានភាពស្អិតរមួតថែមទៀតនូវកិច្ចទំនាក់ទំនងដែលមានលក្ខណៈជា” អ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃ សហប្រតិបត្តិការទូលំទូលាយ និងប្រកបដោយស្ថេរភាពស្ថិតស្ថេរចីរកាល”រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។

ដោយឡែក ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាម ក្នុងនាមថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ សូមប្រសិទ្ធិពរជ័យសិរីសួស្ដី ដល់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ កម្មាភិបាល បុគ្គលិក កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តតៃនិញ សូមបានប្រកបទៅដោយសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា និងទទួលបានជោគជ័យគ្រប់ភារកិច្ចដែលបក្ស និងរដ្ឋប្រគល់ជូន ។

សូមបញ្ជាក់ផងដែរថា ក្រៅពីប្រតិភូខេត្តត្បូងឃ្មុំ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាប្រតិភូ មកពីខេត្តចំនួន៥ ផ្សេងទៀត រួមមាន ÷ ខេត្តកំពង់ចាម កំពង់ធំ មណ្ឌលគិរី ស្ទឹងត្រែង និង ខេត្តក្រចេះ ផងដែរ ៕