Social Network

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ដឹកនាំប្រតិភូ អញ្ជើញចូលរួមអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម នៅខេត្តតៃនិញ

(តៃនិញ) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរិតចំណងសម្ព័ន្ធមេត្រីភាព រវាងខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រភូខេត្ត ចូលរួមតាមការអញ្ជើញរបស់គណៈកម្មាធិការប្រជាជន ខេត្តតៃនិញ ដើម្បីប្រារព្ធពិធីអបអសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៤ និងចូលឆ្នាំថ្មី ប្រពៃណីជាតិ វៀតណាម ដែលប្រារព្ធធ្វើឡើងនៅទីរួមខេត្តតៃនិញ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានសម្តែងក្តីរំភើបរីករាយ ដោយមានការទទួលស្វាគមយ៉ាងកក់ក្តៅពីសំណាក់ ថ្នាក់ដឹកនាំខេត្តតៃនិញ និងបានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ របស់ឯកឧត្តម ង្វៀន ថាញ់តឹម លេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តតៃនិញ និងឯកឧត្តម ង្វៀន ថាញ់ង៉ុក ប្រធានគណកម្មាធិការប្រជាជនខេត្តតៃនិញ ដែលបានខិតខំ ដឹកនាំខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ បង្កបាននូវភាពសុខសាន្ត ជូនដល់ប្រជាជន ក្នុងខេត្តទាំងមូល ។

ឯកឧត្តមបណ្ឌិត រំលឹកថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្នុងខេត្តត្បូងឃ្មុំទាំងអស់ នៅតែចងចាំមិនភ្លេច ចំពោះសច្ចធម៌ប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលបានជួយគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធតស៊ូវាយរំដោះជាតិ និងប្រជាជន។

ដោយឡែក ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាម ក្នុងនាមថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ សូមប្រសិទ្ធិពរជ័យសិរីសួស្ដី ដល់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ កម្មាភិបាល បុគ្គលិក កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តតៃនិញ សូមបានប្រកបទៅដោយសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា និងទទួលបានជោគជ័យគ្រប់ភារកិច្ចដែលបក្ស និងរដ្ឋប្រគល់ជូន ។

សូមបញ្ជាក់ផងដែរថា ក្រៅពីប្រតិភូខេត្តត្បូងឃ្មុំ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ជាប្រតិភូ មកពីខេត្តចំនួន៣ ផ្សេងទៀត រួមមាន ÷ ខេត្តកំពង់ចាម ព្រៃវែង និង ខេត្តស្វាយរៀងផងដែរ ៕