Social Network

រដ្ឋបាលខេត្តត្បូងឃ្មុំ ផ្សព្វផ្សាយការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ

(ត្បូងឃ្មុំ) ៖ ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពី ការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជូនដល់ស្ថាប័នជំនាញ និងរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ទាំង ៧ ក្នុងក្របខ័ណ្ឌខេត្តត្បូងឃ្មុំ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ។

ក្នុងនោះមានការចូលរួមពី សំណាក់លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត តំណាងរតនាគារខេត្ត តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អភិបាល- អភិបាលរង ក្រុង-ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ និងអ្នកពាក់ព័ន្ធសរុបជាង ២០០នាក់។ លោក គឹម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ចំណាប់អារម្មណ៍ ដោយបានលើកឡើងថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីផ្សព្វផ្សាយសារាចរណែនាំ ស្តីពី ការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនដល់ថ្នាក់ដឹកនាំ រដ្ឋបាល ឃុំសង្កាត់ ក្រុង ស្រុក និង មន្រ្តីជំនាញនីមួយៗ សំរាប់ជាចំណេះដឹង យកទៅអនុវត្តការងារឲ្យបានត្រឹមត្រូវ តាមបទដ្ឋានគតិយុត្តិ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

ក្នុងឱកាសនោះ ឯកឧត្តម ពាង ណារិទ្ធ បានលើកឡើងថា កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការអនុវត្តជាអាទិភាពនូវគោលនយោបាយសំខាន់ជាសារវ័ន្តដែលត្រូវបានកំណត់ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងដំណើរឆ្ពោះទៅមុខ នៅលើមាគ៌ានៃការកែទម្រង់ស៊ីជម្រៅ ក្នុងការអភិវឌ្ឍសមិទ្ធផលនានានៅក្នុងមូលដ្ឋាន ឱ្យមានការរីកចំរើន ទាំងគោលនយោបាយសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។

ឯកឧត្តមអភិបាលរងខេត្ត បន្តថា រាជរដ្ឋាភិបាលបានចាត់ទុកថវិកាឆ្នាំ២០២៤ ដែលជាឆ្នាំទី១ នៃនីតិកាលទី៧ នៃរដ្ឋសភា គឺជាថវិការយុទ្ធសាស្រ្តនៃការរក្សាសមិទ្ធផល ដែលសម្រេចបានដោយលំបាកកន្លងមក និងសម្រាប់គាំទ្រដល់ការសម្រេចឱ្យខានតែបាននូវគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បន្តរក្សាសន្តិភាព, ស្ថិរភាព ក៏ដូចជា ទ្រទ្រង់នូវដំណើរការវិវឌ្ឍន៍ឈានឡើងរបស់កម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រកបដោយគុណភាព និងចីរភាពតទៅមុខឥតឈប់ឈរ ។

ក្នុងនោះដែរ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវគោលនយោបាយ បើកប្រាក់បៀវត្សជូនមន្ត្រីរាជការពីរដងក្នុងមួយខែ ដើម្បីជួយសម្រួលដល់ជីវភាព និងលើកកំពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ, ការវិនិយោគលើធនធានមនុស្ស និងការជំរុញអនុវត្តនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៧-២០២៥, ការផ្តល់អាទិភាពទៅលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ការកែទម្រង់សំដៅលើកកម្ពស់ និងកែលម្អប្រសិទ្ធភាព និងគុណភាពសេវាសាធារណៈលើគ្រប់វិស័យ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ ក៏ដូចជាសេចក្តីត្រូវការរបស់ប្រជាជន។

ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ ក៏ដូចជាទីចាត់ការហិរញ្ញវត្ថុ សាលាខេត្ត ដែលបានយកចិត្ត ទុកដាក់ជួយជ្រោមជ្រែង ដល់មន្ត្រីជំនាញថ្នាក់មូលដ្ឋានឃុំ-សង្កាត់ ក្រុង-ស្រុក ក្នងការសម្របសម្រួលឲ្យមានការប្រជុំផ្សព្វផ្សាយ បង្ហាញអំពីនីវិធី និងរបៀបនៃការអនុវត្តការងារ ក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីរៀបចំឲ្យមានការអនុវត្តថវិការ នៅរដ្ឋបាលថ្នាក់មូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព។

បន្ថែមលើនេះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានណែនាំដល់ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរដ្ឋបាលឃុំ/សង្កាត់ ក្រុង/ស្រុកទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ បន្ថែម និងត្រូវលើកឡើងជាសំនួរ បញ្ហាប្រឈមដែលអនុវត្តកន្លងមក ដើម្បីដកបទពិសោធន៍ការងារនិងបង្កើនសមត្ថភាពរបស់ខ្លួនសម្រាប់យកទៅអនុវត្តន៍ការងាររៀបចំថវិកាជាក់ស្តែងទទួលបានជោគជ័យ៕