Social Network

ក្រសួងអធិការកិច្ចនិងរដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំស្តីពីការចុះធ្វើអធិការកិច្ចសម្រាប់ឆ្នាំ ២០២៤

(ត្បូងឃ្មុំ)៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត រួមជាមួយឯកឧត្តម យី ម៉ៅ អនុរដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូ ក្រសួងអធិការកិច្ច បានអញ្ជើញបើកកិច្ចប្រជុំស្តីពីការចុះធ្វើអធិការកិច្ចសម្រាប់ឆ្នាំ ២០២៤ ដោយកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ(ក) សាលាខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថា “ទោះបីជាក្រសួង ស្ថាប័ន មន្ទីរអង្គភាពបានធ្វើការងារប្រកបដោយ ប្រសិទ្ធភាព និងភាពរីកចម្រើនយ៉ាងណាក៏ដោយ ក៏មិនអាចខ្វះបានឡើយ ក្នុងការពិនិត្យនិងវាយតម្លៃ កិច្ចការងារដែលបានអនុវត្តនោះដែរ ដូចនេះហើយ គ្រប់ស្ថាប័ន មន្ទីរអង្គភាពទាំងអស់ត្រូវមានការធ្វើអធិការកិច្ចជាចាំបាច់ ដើម្បីពិនិត្យនិងវាយតម្លៃលើកិច្ចការងារដែលបានអនុវត្ត និងកំណត់បញ្ហាផ្សេងៗដើម្បីធ្វើការដោះស្រាយ”។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម យី ម៉ៅ អនុរដ្ឋលេខាធិការ និងជាគណៈប្រតិភូតំណាងអធិការកិច្ច បានធ្វើការជម្រាបជូននៅខ្លឹមសារផ្សេងៗដែលក្រុមការងារអធិការកិច្ចបាន ចុះអនុវត្ត ក៏ដូចជាបានបានពាំនាំនៅអនុសាសន៍ផ្សេងៗរបស់ឯកឧត្តមរដ្ឋមន្ត្រី សំដៅធ្វើយ៉ាងណាឱ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀតលើ មុខងារ តួនាទីភារកិច្ចដែលបានដាក់ចេញ ដើម្បីធ្វើឱ្យសម្រេចបាននៅផែនការយុទ្ធសាស្ត្រតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

សូមជម្រាបជូនផងដែរថា៖ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង បើកបង្ហាញនូវការចុះធ្វើអធិការកិច្ចលើ ការអនុវត្តតួនាទី-ភារកិច្ច ការគ្រប់គ្រងការផ្តល់សេវាសាធារណៈ ការអនុវត្តគម្រោងសាងសង់ជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធ ក្នុងការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធនៅរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក សាលាដំបូងខេត្ត ពន្ធនាគារខេត្ត ស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញក្រោមឱវាទ និងអង្គភាពពាក់ព័ន្ធនៅក្នុងខេត្តត្បូងឃ្មុំ៕