Social Network

ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញបើកសិក្ខាសាលា ផ្សព្វផ្សាយសេចក្តីណែនាំបំពេញបន្ថែម លើសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ខេត្តត្បូងឃ្មុំឆ្នាំ(២០២៥-២០២៧)

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំបំពេញបន្ថែម លើសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ខេត្តត្បូងឃ្មុំឆ្នាំ(២០២៥-២០២៧)។

ក្នុងនោះដោយមានការអញ្ជើញចូលរួមពីសំណាក់ តំណាងគណៈកម្មាធិការរបស់ក្រុមប្រឹក្សាខេត្ត ក្រុមការងារកសាងផែនខេត្ត នាយកទីចាត់ការរបស់រដ្ឋបាលខេត្ត អភិបាលក្រុងស្រុក តំណាងក្រុមការងារកសាងផែនការ ក្រុង ស្រុក លោក លោកស្រីនៅតាមមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប ដែលធ្វើឡើងនៅសាលប្រជុំ គ សាលាខេត្ត។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត បានលើកឡើងថា អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ តាមអាណត្តិនិងក្នុងឆ្នាំនីមួយៗបានកំណត់ឱ្យក្រុមប្រឹក្សានីមួយៗរៀបចំផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគក្នុងដែនសម្ថកិច្ចរបស់ខ្លួន។

ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរៀបចំដំណើរការ កម្មវិធីវិនិយោគ៣ឆ្នាំរំកិល ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងដែនសម្ថកិច្ច និងដើម្បីដោះស្រាយបញ្ហា តម្រូវការ ការលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តម អភិបាលរងខេត្ត បានមានប្រសាសន៍បន្តថា៖ “កិច្ចប្រជុំនេះគឺធ្វើឡើងក្នុងគោលបំណង ដើម្បីណែនាំដល់រដ្ឋបាល ក្រុង ស្រុក ទាំងអស់ក្នុងខេត្ត និងរដ្ឋបាលខេត្តឱ្យរៀបចំ និងកំណត់តម្រូវការគម្រោងវិនិយោគជាអាទិភាពរបស់ប្រជាពលរដ្ឋសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិការរបស់ខេត្ត និងសម្រាប់ប្រើប្រាស់ជាធាតុចូលដល់មន្ទីរ អង្គភាពក្នុងការរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួន។

បន្ថែមពីនោះ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត បានធ្វើការណែនាំ និងជម្រុញលើកទឹកចិត្តបន្ថែមដល់គ្រប់មន្ទីរទាំងអស់ដែលពាក់ព័ន្ធ ជាពិសេសមន្ទីរផែនការខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវធ្វើយ៉ាងណាចូលរួមសហការនិងធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់ទៅតាមកម្មវិធីដែលបានដាក់ចេញដើម្បីធ្វើយ៉ាងណាឱ្យមានភាពប្រសើរឡើងក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាជននៅតាមមូលដ្ឋាន៕