Social Network

ឯកឧត្តម ចាយ បូរិន អញ្ជើញសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ ជាសមាជិកគណបក្សឃុំ ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក អាណត្តិ៥ ឆ្នាំ ២០២៤

(ត្បូងឃ្មុំ) ៖ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិនប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ ជាសមាជិកគណបក្សឃុំ ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក អាណត្តិទី៥ ឆ្នាំ ២០២៤ នៅស្នាក់ការគណបក្សស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពី ក្រុមការងារចុះមូលដ្ឋាស្រុកតំបែរ លោក នាដ្ឋ រ៉ាវុធ ប្រធានគណៈកម្មាធិការគណបក្សស្រុក លោក សុខ សារិទ្ធ និងលោក-លោកស្រី ជាអនុប្រធានគណៈកម្មាធិការគណបក្សស្រុក សមាជិកគណបក្សស្រុក ក្រុមប្រឹក្សាឃុំ ជាសមាជិកគណបក្សឃុំ ដែលជាអង្គបោះឆ្នោតចំនួន៤៧រូបនិងអ្នកពាក់ព័ន្ធផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ បានថ្លែងថា សមាជិក សមាជិកា ម្នាក់នៃក្រុមប្រឹក្សាឃុំ ទាំង ៧ ក្នុងស្រុកតំបែរ នឹងក្លាយជាសន្លឹកឆ្នោតផ្លូវការ ១សន្លឹក ដ៏មានសារៈសំខាន់ដើម្បីគាំទ្រ និងជ្រើសរើសបេក្ខភាព សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ ឆ្នាំ២០២៤។

ឯកឧត្តម បានថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្ស ទាំងអស់ ដែលបានបោះឆ្នោតគាំទ្រការជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៤ កន្លងមក និងបានកោតសរសើរដល់ក្រុមការងារសមាជិក សមាជិកាស្រុកឃុំទាំងអស់ ដែលជាកម្លាំងស្នូលដ៏រឹងមាំក្នុងមូលដ្ឋានដែលបានលះបង់ ទាំងកាយ ទាំងចិត្ត និងបេះដូង ដោយទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានអ្នកគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានសំលេងលើសលប់នៅក្នុងអាណត្តិទី៥នេះ។

ឯកឧត្តម ចាយ បូរិន បានលើកទឹកចិត្ត ដល់សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំទាំងអស់ ដែលជាអង្គបោះឆ្នោតត្រូវតែគាំទ្រសម្ដេចតេជោ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយមិនត្រូវឱ្យសន្លឹកឆ្នោតណាមួយក្លាយជាសន្លឹកឆ្នោតឥតបានការជាដាច់ខាត ទាំងនេះ ទាមទាឲ្យអង្គបោះឆ្នោតទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងរឹងមាំ ព្រមទាំងថែរក្សាសុខភាព សុវត្ថិភាពឱ្យបានល្អ ចូលរួមបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ ខាងមុខនេះ បន្តគាំទ្រពេញទំហឹង នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ ជាការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សា ឃុំ/សង្កាត់ ក្នុងតំណែង ជាអង្គបោះឆ្នោត នៅក្នុងក្របខណ្ឌ នៃភូមិភាគនីមួយៗ៕