Social Network

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាគណៈអធិបតី ប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ដាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ។

ក្នុងពិធីប្រកាសក្រុមការងារនាឱកាសនោះ ធ្វើឡើងនៅសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ ក្នុងនោះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធាន/អនុប្រធាន/សមាជិកក្រុមការងារចុះមូលដ្ឋានខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

បន្តាប់ពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានឡើងអានសេចក្ដីសម្រេចរបស់រារដ្ឋាភិបាលកម្ពុជា ដែលបានចាត់តាំងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ព្រមទាំងឯកឧត្តម លោកជំទាវ ជាអនុប្រធាន/សមាជិកសរុប៩២រូប។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានបន្តអានសេចក្ដីសម្រេចរបស់រារដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានចល័ត និងទទួលបន្ទុកតាមបណ្ដាក្រុង/ស្រុក ដែលបានចាត់តាំងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជាប្រធានក្រុមការងារចុះមូលដ្ឋានចល័ត . ឯកឧត្តម ម៉ឹង មករា ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមេមត់ .ឯកឧត្តម ចាយ បូរិន ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ .ឯកឧត្តម ស៊ាង ប៊ុនលាង ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកក្រូចឆ្មារ .ឯកឧត្តម ឆេង គឹមស៊ុន ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូរាំងឪ .ឯកឧត្តម ជួប ប៉ារីស៍ ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពញាក្រែក .លោកជំទាវ ដាំ ដារីនី ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកត្បូងឃ្មុំ .និង ឯកឧត្តម ធា គ្រុយ ជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងសួង ។

ក្នុងនោះ ឯកឧត្តមបណ្ឌិត បានអានសេចក្ដីសម្រេចក្រុមលេខាធិការដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលខេត្តត្បូងឃ្មុំ ដែលបានចាត់តាំងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ជាប្រធានក្រុមលេខាធិការដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលខេត្តត្បូងឃ្មុំ .ឯកឧត្តម កេង ប៊ុនណា ទទួលបន្ទុកស្រុកត្បូងឃ្មុំ .ឯកឧត្តម ពាង ណារិទ្ធ ទទួលបន្ទុកក្រុងសួង. ឯកឧត្តម ចេង ប៊ុណ្ណារ៉ា ទទួលបន្ទុកស្រុកមេមត់.ឯកឧត្តម គន់ រ័ត្នមុនី ទទួលបន្ទុកស្រុកពញាក្រែក . ឯកឧត្តម ម៉ៅ ឌុង ទទួលបន្ទុកស្រុកអូរាំងឪ .ឯកឧត្តម ហុក ពេជ្រហោះ ទទួលបន្ទុកស្រុកក្រូចឆ្មារ និងលោកជំទាវ នី ចាន់ធីតា ទទួលបន្ទុកស្រុកតំបែរ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ដាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានលើកឡើងថា ក្រុមការងារចុះមដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ទាំងបច្ចេកទេស និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការអនុវត្តគោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងការអនុវត្តគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ។ ឯកឧត្តមបណ្ឌិត ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំមានជំនឿយ៉ាងមុតមាំថា សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលទទួលបានសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តឆ្លើយតបគាំទ្រអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធាន ដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីសម្រេចបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះចំនួន៥គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេក វិទ្យា» សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តមបណ្ឌិត ប្រធានក្រុមការងារ បានផ្តាំផ្ញើដល់សមាជិក សមាជិកា ក្រុមការងារទាំងអស់ត្រូវសហការគាំទ្រដល់មូលដ្ឋានដែលចុះបំពេញការងារ ក្នុងការតម្រង់ទិស ណែនាំ និងវាយតម្លៃអំពីសមត្ថភាព ធនធាន និងសក្តានុពល នៃការអភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំងបញ្ហាប្រឈមនានា ដើម្បីគាំទ្រក្នុងការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់ នានារបស់រាជរដ្ឋាភិបាល សំដៅជំរុញការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ដោះស្រាយឆ្លើយតបបញ្ហាប្រឈមនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ឯកឧត្តមបណ្ឌិត បានជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវក្នុងនាមតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពជំនាញ អាជ្ញាធរមានសមត្ថកិច្ចនៅគ្រប់មូលដ្ឋាន ក្នុងការបំពេញការងារស្របតាមសមត្ថកិច្ចរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ និងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងគណនេយយ្យភាព។

កកម្ពស់ និងជំរុញដល់រដ្ឋបាលគ្រប់ថ្នាក់ក្នុងការពង្រឹងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការឆ្លើយតបនឹង គ្រោះមហន្តរាយ ទឹកស្អាត អនាម័យបរិស្ថាន និងការទប់ស្កាត់ជំងឺឆ្លងគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សុខុមាលភាពជូនប្រជាពលរដ្ឋ។

ជួយកៀរគរធនធាន មធ្យោបាយ សម្ភារមកពីប្រភពស្របច្បាប់នានា ដើម្បីចូលរួមគាំទ្រដល់ការ អភិវឌ្ឍមូលដ្ឋាន ការកសាងសមិទ្ធផលសង្គម និងដោះស្រាយចំគោលដៅនៃសេចក្តីត្រូវការរបស់មូលដ្ឋាន។

អនុវត្តតួនាទី និងភារកិច្ចផ្សេងទៀតដែលរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន បានប្រគល់ជូន។

ចប់ប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ដាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត បានប្រគល់សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលជូន ឯកឧត្តម លោកជំទាវ់ ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុក ក្រុងទាំង៧ ទូទាំងខេត្តត្បូងឃ្មុំ ផងដែរ៕