Social Network

គណៈកម្មាការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំស្ដីពីកិច្ចការពារសន្តិសុខ សុវត្តិភាព និងសណ្ដាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោក ហ៊ាង សុផល ប្រធានគណៈកម្មាការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានណែនាំឱ្យភាគីពាក់ព័ន្ធត្រូវពង្រឹងកិច្ចសហការ ការងារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ។

ការថ្លែងរបស់លោក និងឯកឧត្តម ម៉ៅ ឌុង អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំស្ដីពីកិច្ចការពារសន្តិសុខ សុវត្តិភាព និងសណ្ដាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មាការរៀបចំការបោះឆ្នោតខេត្ត ស្ថិតនៅឃុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

តាមរយៈសេចក្ដីណែនាំរបស់ គ.ជ.ប នាពេលថ្មីៗនេះ លោក ហ៊ាង សុផល ប្រធានគណៈកម្មាការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្នុងគោលបំណងឱ្យដំណើរការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យ ស្ថិតក្នុងការធានាបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យគ្មានការគំរាមកំហែងនិងគ្មានអំពើហិង្សា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) សូមណែនាំដល់លេខាធិការដ្ឋាន សន្តិសុខបោះឆ្នោតនៃគ.ជ.បគណៈកម្មតាររាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ឱ្យយកចិត្តទុកដាក់សហការអនុវត្តតាមគោលការណ៍ និងវិធានការនានា ។

លោក បន្ដថា គណៈកម្មាការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ត្រូវសហការ និងពិគ្រោះយោបល់ ជាមួយអ្នកពាក់ព័ន្ធនានា ក៏ដូចជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការចាត់ចែងរៀបចំកម្លាំង ក្នុងការបំពេញភារកិច្ចជាភ្នាក់ងារសន្តិសុខបោះឆ្នោត តាមដំណាក់កាលនីមួយៗ ដើម្បីការពារមុខសញ្ញា និងគោលដៅសំខាន់ៗ ផ្អែកតាមចំនួនកម្លាំង ដែលបានកំណត់ក្នុងផែនការ អន្តរស្ថាប័នចាត់វិធានការនានា ដើម្បីការពារសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ សម្រាប់ដំណើរ ការនៃការបោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដោយអនុលោមតាមច្បាប់ ស្តីពីការបោះឆ្នោតជាធរមាន បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ព្រមទាំងផែនការ ឬក៏សេចក្តីណែនាំផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងការងារសន្តិសុខ ។

ជាមួយគ្នានោះ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ បានផ្ដាំផ្ញើដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដាន និងបង្កើនការផ្លាស់ប្តូរព័ត៌មាន អំពីសភាពការណ៍សន្តិសុខទូទៅ និងត្រូវស្នើសុំកិច្ចអន្តរាគមន៍ ពីកម្លាំងមានសមត្ថកិច្ច ឱ្យបានទាន់ពេលវេលា ក្នុងករណីមានការអុកឡុករំខាន ការគំរាមកំហែង ឬការប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ មានបញ្ហាសុខភាព ដែលអាចធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ខាងមុខនេះផងដែរ៕