Social Network

អភិបាលរងខេត្តត្បូងឃ្មុំ ណែនាំឲ្យអាជ្ញាធរក្រុងស្រុកទាំង៧ ផ្សព្វផ្សាយឱ្យបានឆាប់រហ័ស នៃការកែសម្រួលទំហំប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំផ្សព្វផ្សាយការកែសម្រួលអនុក្រឹត្យលេខ៨៨ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅសាលប្រជុំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត។

បន្ទប់ពីលោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តត្បូងឃ្មុំ បានឡើងអនុក្រឹត្យលេខ៣៧១ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ជូនដល់អង្គពិធីរួចមក ៖ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត បានណែនាំឱ្យអាជ្ញាធរក្រុងស្រុកទាំងអស់ ផ្សព្វផ្សាយឱ្យបានឆាប់រហ័ស នៃការកែសម្រួលទំហំប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩។

ឯកឧត្តម បានបន្តថា ៖ ដោយផ្អែកលើភាពប្រសើរឡើងនូវស្ថានភាពនៃជំងឺកូវីដ១៩ និងការដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីជំនួយសង្គមមានលក្ខណៈអចិន្រ្តៃយ៍ និងប្រក្រតី ហើយគ្រោងនឹងដាក់ឱ្យអនុវត្តនៅក្នុងខែមេសា ឆ្នាំ២០២៤ ដើម្បីបន្តការគាំទ្រដល់គ្រួសារមានបណ្ណសមធម៌ និងដើម្បីអនុវត្តយុទ្ធសាស្ត្រចាកចេញ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ៣៧១ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៨៨ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយផ្តល់ប្រាក់ឧបត្ថម្ភ ចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២៤ តាមទំហំប្រាក់ឧបត្ថម្ភថ្មី ដែលប្រាក់ឧបត្ថម្ភក្នុងទំហំថ្មីនេះ គឺត្រូវបានបែងចែកទៅតាមប្រភេទបណ្ណសមធម៌ និងកម្រិតនៃភាពក្រីក្រដដែល ប៉ុន្តែបានបញ្ឈប់ការឧបត្ថម្ភលើចំនួនសមាជិកគ្រួសារ ដោយរក្សាទុកនូវអត្រាឧបត្ថម្ភសម្រាប់លក្ខខណ្ឌផ្សេងទៀតឱ្យនៅដដែល ។

ឯកឧត្តម អភិបាលរងខេត្ត បញ្ជាក់ថា ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ ផ្តល់ការគាំទ្រ និងការបង្កលក្ខណៈដល់ដំណើរការនៃការផ្សព្វផ្សាយ ដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដែលជាអ្នកសម្របសម្រួលផ្សព្វផ្សាយបន្ត ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងក្រោយពីទទួលបានការផ្សព្វផ្សាយនេះរួច សូមរដ្ឋបាលឃុំ សង្កាត់ ដោយមានការសម្របសម្រួលពីរដ្ឋបាលក្រុង ស្រុក កំណត់យកថ្ងៃណាមួយ ដើម្បីធ្វើការផ្សព្វផ្សាយដល់មេភូមិ អនុភូមិ និងសមាជិកភូមិ បន្តធ្វើការផ្សព្វផ្សាយ និងចែកបណ្ណផ្សព្វផ្សាយ តាមខ្នងផ្ទះអ្នកទទួលផល ឱ្យបានរួចរាល់មុនថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់អនុវត្តទំហំប្រាក់ឧបត្ថម្ភថ្មីនេះ ជៀសវាងមានការយល់ច្រឡំណាមួយ។

ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ និងសហការី របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរផែនការខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ រួមទាំង ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ដែលបានផ្តល់កិច្ចសហការ និងប្រតិបត្តិតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងរយៈពេលកន្លងមក ក៏ដូចជាការសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនផ្សេងទៀតផងដែរ៕