Social Network

ឯកឧត្តម អ៊ាង សុផល្លែត និងឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីភាព ក្នុងពិធីក្រុងពាលីបួងសួងសុំជីកស្តារទន្លេស្ងួត ដើម្បីប្រែក្លាយជាសួនឧទ្យានទន្លេស្ងួត សម្រាប់ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ) ៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ រួមដំណើរដោយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីក្រុងពាលីបួងសួងសុំជីកស្តារទន្លេស្ងួត ដើម្បីប្រែក្លាយជាសួនឧទ្យានទន្លេស្ងួត សម្រាប់ស្រុកអូរាំងឪ ដែលស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

ពិធីនេះប្រព្រឹត្តទៅ ដោយការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ៅ ឌុង ឯកឧត្តម ហុក ពេជ្រហោះ និងលោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កម្លាំងទាំង បី ប្រភេទ មន្ត្រីរាជការ អាជ្ញាធរស្រុក ឃុំ និងអ្នកពាក់ព័ន្ធជាច្រើនរូប ។

ពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដី នេះ ធ្វើឡើងដើម្បីសុំឲ្យក្រុមការងារ ដំណើរការជីកស្តារទន្លេស្ងួត នេះ ឲ្យប្រព្រឹត្តទៅ ដោយសុខសប្បាយ មិនមានឧបសគ្គអន្តរាយណាមួយ មករារាំងរំខាន និងតាមជួយថែរក្សាដល់ក្រុមការងារជីកស្តារ ឲ្យជួបតែភាពត្រជាក់ត្រជុំ សុខដុមរមនា និងគ្មានការរំខានផ្សេងៗប្រែក្លាយទីស្ថាននេះ ជាសួនឧទ្យានទន្លេស្ងួត  ដ៏ស្រស់ស្អាត សម្រាប់ស្រុកអូរាំងឪ ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា ការរៀបចំតំបន់ទន្លេស្ងួត ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិនេះ នឹងបានជួយពង្រីកជីវភាពសហគមន៍ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិអព្យាក្រឹតកាបូន និងក្លាយជាអាងទឹក សម្រាប់ការស្រោចស្រពស្រែចំការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅពេលខាងមុខ។

លើសពីនេះ ការអភិវឌ្ឍតំបន់ទន្លេស្ងួត ក៏បានបង្ហាញពីការដឹងគុណគោរពប្រតិបត្តិទីតាំងប្រវត្តិសាស្រ្តដ៏ចំណាស់ តំបន់ប្រាសាទព្រះធាតុបាស្រី ដែលមានភាពស័ក្កសិទិ្ធ និងជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋឆ្ងាយជិតទាំងពួង។

តំបន់ទន្លេស្ងួត មានផ្ទៃដី១៤ហិកតា ក្នុងនោះ ឧទ្យានទន្លេស្ងួត គ្រោងរៀបចំបង្កើតឱ្យមានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន ជាដំណាក់កាលៗ ដូចជា កន្លែងជិះទោងកម្សាន្ត លើផ្ទៃដីទំហំប្រមាណ ៨៧៥០ម៉ែត្រការ៉េ ដែលគ្រោងនឹងសាងសង់រួចរាល់ នៅមុនរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ លើសពីនេះ តំបន់ទេសចរណ៍ធម្មជាតិ ដែលមានកន្លែងលេងកីឡា (បាល់ទះ និង បាល់ទាត់) កន្លែងធម្មជាតិ វប្បធម៌ ប្រវត្តិសាស្រ្ត ទស្សនាទេសភាព កន្លែងស្ទូចត្រី កន្លែងចិញ្ចឹមត្រី និងប្រព័ន្ធធារាសាស្រ្ត សម្រាប់បម្រើឱ្យការស្រោចស្រពស្រែចំការប្រជាពលរដ្ឋផងដែរ។

តំបន់ប្រវត្តិសាស្ត្រប្រាសាទព្រះធាតុបាស្រី មានប្រាសាទបុរាណ ព្រះវិហារ ទីសក្ការៈបូជា ទីទួលបុរាណ និងទន្លេស្ងួតនេះ ដែលមានអាយុកាលយូរលង់ណាស់មកហើយ។ ទីតាំងនេះត្រូវក៏ជាទីគោរពសក្ការៈរបស់ព្រះមហាក្សត្រ ជាច្រើនព្រះអង្គនាសម័យបុរាណ ក្នុងនោះរួមមានស្ដេចកន ដែលជាអតីតក្សត្រខ្មែរមួយព្រះអង្គសោយរាជ្យនៅព្រះរាជាណាចកម្ពុជា ក៏បានមកបន់ស្រន់ សុំជ័យជោគក្នុងការធ្វើសឹកសង្រ្គាម នាសម័យបុរាណនោះដែរ។

ចាប់ពីពេលនោះមក វត្តព្រះធាតុបាស្រី និងតំបន់ទន្លេស្ងួត បានក្លាយជាដែនដី ដែលពោរពេញដោយជំនឿ និងការគោរពរហូតមក។ សូមជម្រាបជូន គម្រោងស្ថាបនា សួនឧទ្យានទន្លេស្ងួត មានបណ្តោយខាងត្បូង ៨១៥ ម៉ែត្រ បណ្តោយខាងជើង ៨៤៩ម៉ែត្រ ទទឹងខាងកើត ១៧២ ម៉ែត្រ និងទទឹងខាងលិច ១៦៩ម៉ែត្រ ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ៕