Social Network

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផល គ្រឿងញៀនប្រចាំឆ្នាំ ២០២៣ និងផ្សព្វផ្សាយផែនការ ស្ដីពីយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៩ រយៈពេល មួយឆ្នាំ (ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤)

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ណុប ឡងឌី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រឿងញៀនខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល គ្រឿងញៀនប្រចាំឆ្នាំ ២០២៣ និងផ្សព្វផ្សាយផែនការ ស្ដីពីយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៩ រយៈពេលមួយឆ្នាំ (ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤) នៅសាលប្រជុំ ក ជាន់ទី ២ សាលាខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយក-នាយករង រដ្ឋបាលសាលាខេត្ត ស្នងការ ស្នងការរង(ទទួលផែនគ្រឿងញៀន) នគរបាលខេត្ត, ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតាមបន្ទាត់ព្រំដែន, សមាជិក លេខាធិការដ្ឋាន នៃមន្ទីរជំនាញជុំវិញខេត្ត, កងរាជអាវុធហត្ថខេត្ត, បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត, អភិបាល អភិបាលរង ក្រុង-ស្រុក ទាំង៧, អធិការ អធិការរងក្រុង-ស្រុក ទីចាត់ការអន្តរវិស័យសាលាខេត្ត នាយក-នាយករង ការិយាល័យប្រឆាំងគ្រឿងញៀន ប្រធានក្រុមការិយាល័យ BLO និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើង គឺដើម្បីពិនិត្យសភាពការណ៍ របាយការណ៍ និងលទ្ធផលការងារ របស់លេខាធិការដ្ឋានគ្រឿងញៀនខេត្តត្បូងឃ្មុំ ចំពោះផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៨ ប្រចាំឆ្នាំ ២០២៣ តាមរយៈ វិធានការផ្សព្វផ្សាយអប់រំ វិធានការអនុវត្តច្បាប់ វិធានការព្យាបាលស្ដារនីតិសម្បទា និងសមាហរណកម្ម កិច្ចសហប្រតិបត្តិការអន្តរជាតិ និងទិសដៅបន្ត ដែលត្រូវបានចាត់តាំងអនុវត្តតាមគ្រប់មធ្យោបាយ គ្រប់រូបភាព ដោយមានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន និងទទួលបានលទ្ធផលជាវិជ្ជមាន ដែលកត្តាទាំងអស់នេះ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយឥទ្ធិពល ការប្រើប្រាស់ និងជួញដូរ សារធាតុញៀននៅក្នុងខេត្តត្បូងឃ្មុំផងដែរ។

តមក លោកឧត្តមសេនីយត្រី ហុង ណាក់ ស្នងការរងខេត្តត្បូងឃ្មុំ ទទួលផែនគ្រឿងញៀន បានអានរបាយការណ៍ស្ដីពីលទ្ធផលបូកសរុបការងារគ្រឿងញៀន នាឆ្នាំ២០២៣ កន្លងទៅ ដោយកងកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន អនុវត្តច្បាប់រួមគ្នា ជាមួយកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបើកប្រតិបត្តិការយ៉ាងក្ដៅគគុក ដោយបានបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ២៦៣ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៤៧០នាក់ (ស្រី ២៩នាក់) រឹបអូសថ្នាំញៀនប្រភេទ មេតំហ្វេមីន (ICE) ទម្ងន់ ៥,៥២២.២៧ ក្រាម, ប្រភេទ WY ទម្ងន់ ២.៨១ ក្រាម, ប្រភេទ MDMA ចំនួន ២ គ្រាប់, និងមធ្យោបាយ មានរថយន្ត ចំនួន ៦ គ្រឿង, ម៉ូតូ ចំនួន ១២៤ គ្រឿង, ទូរស័ព្ទដៃ ចំនួន ២២៨ គ្រឿង, ជញ្ចីងថ្លឹងថ្នាំញៀន ចំនួន ១៦ គ្រឿង, អាវុធ ប្រភេទ AK 47 ចំនួន ១ ដើម, គ្រឿងអលង្ការ ចំនួន ៥ ខ្សែ និងអាវុធកែច្នៃ ដាវ មួយចំនួន ផងដែរ ។

បន្ថែមលើនេះ ឯកឧត្តម ណុប ឡងឌី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រឿងញៀនខេត្តត្បូងឃ្មុំ បានធ្វើការផ្សព្វផ្សាយ នៅផែនការ ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី ៩ ក្នុងអំឡុងរយៈពេល មួយ ឆ្នាំ គិតចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ជូនអង្គប្រជុំជ្រាប និងបានលើកឡើងថា យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងការពារកិត្តិយស កិត្យានុភាពជាតិ បញ្ចៀសឲ្យបាននូវភាពរងគ្រោះដោយសារឧក្រិដ្ឋកម្មគ្រឿងញៀន សំដៅធ្វើឲ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមកាន់តែមានភាពល្អប្រសើរឡើងថែមទៀត ក៏ដូចជាការថែរក្សានូវសុខុមាលភាពសង្គម លើកកម្ពស់ការអភិវិឌ្ឍធនធានយុវជន និងបង្កើនភាពកក់ក្ដៅនៅក្នុងសង្គមគ្រួសារ របស់ប្រជាពលរដ្ឋ ។

ឯកឧត្តម ប្រធានលេខាធិការដ្ឋានគ្រឿងញៀនខេត្ត បន្តថា ក្នុងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ បានកត់សម្គាល់ឃើញថា សភាពការណ៍បទល្មើសគ្រឿងញៀននៅលើសកលលោក នៅតែបន្តវិវត្តប្រែប្រួលយ៉ាងស្មុគស្មាញ និងគ្រោះថ្នាក់បំផុត ដោយក្រុមឧក្រិដ្ឋជនគ្រឿងញៀនបន្តធ្វើសកម្មភាពខ្លាំងក្លាជាងមុន ក្នុងការលួចលាក់កែច្នៃផលិតគ្រឿងញៀនខុសច្បាប់ គ្រប់ទម្រង់រូបភាព ជាពិសេសការផលិតគ្រឿងញៀនសំយោគ ដែលងាយស្រួលក្នុងការផលិត មិនរើសភូមិសាស្ត្រ ឬទីតាំងផលិត ងាយរកសារធាតុគីមីផ្សំ និងឧបករណ៍សម្រាប់ផលិត ព្រមទាំងទទួលបានបរិមាណគ្រឿងញៀនសំយោគច្រើនជាងមុន។

ទាំងនេះ គឺទាមទាឱ្យមានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន ត្រូវយកចិត្តទុកដាក់ចាត់វិធានការដោះស្រាយឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ណុប ឡងឌី បានសំណូមពរដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្រ និងផ្សព្វផ្សាយផែនការ ស្ដីពីយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៩ នេះ សហការរួមគ្នាអនុវត្តឲ្យសម្រេចបាននូវការប្ដេជ្ញាចិត្តថា កម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន ៕