Social Network

ឯកឧត្តម ហុក ពេជ្រហោះ បើកកិច្ចប្រជុំការក្រុមការងារបណ្ដាញផ្សព្វផ្សាយសង្គម និងអ្នកនាំពាក្យរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ) ៖ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរង នៃគណៈអភិបាលខេត្ត ជាប្រធានក្រុមការងារបណ្ដាញផ្សព្វផ្សាយសង្គមខេត្ត និងជាប្រធានអ្នកនាំពាក្យរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំក្រុមការងារបណ្ដាញផ្សព្វផ្សាយសង្គម និងអ្នកនាំពាក្យរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំ(ខ)សាលាខេត្តត្បូងឃ្មុំ ។

ក្នុងកិច្ចប្រជុំនោះ មានការចូលរួមពីសំណាក់ ឯកឧត្តម ស ស៊ីណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ លោកនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត តំណាង ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តការសឹករងត្បូងឃ្មុំ តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក ទាំង៧ និងអ្នកពាក់ព័ន្ធជាច្រើនរូប ។

លោក ហ៊ាង សុភី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត បានអានសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារបណ្ដាញផ្សព្វផ្សាយសង្គម និងអ្នកនាំពាក្យរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ សមាសភាព និងតួនាទី និងរចនាសម្ព័ន្ធរបស់ក្រុមការងារ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត បានលើកឡើងថា ដោយយោងតាមការចាំបាច់របស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានបង្កើតក្រុមការងារបណ្ដាញផ្សព្វផ្សាយសង្គម និងជាអ្នកនាំពាក្យរបស់រដ្ឋបាលខេត្ត ដោយចងក្រងក្រុមការងារនេះ តាមបណ្តា មន្ទីរ-អង្គភាព ក្រុង-ស្រុក ជាសេនាធិការ ដើម្បីប្រមូលផ្តុំនៅប្រភពព័ត៌មាន ក្នុងការឆ្លើយតប បង្ការ ទប់ស្កាត់ បន្សាប រំលត់ រាល់ព័ត៌មានអវិជ្ជមានទាំងឡាយ ពិសេសព័ត៌មានក្លែងក្លាយ ឲ្យបានលឿនរហ័ស មានទម្ងន់ និងមានប្រសិទ្ធភាព។

 ឯកឧត្តម អភិបាលរងខេត្ត បន្តថា ក្រៅពីនេះសមាជិកក្រុមការងារ ត្រូវប្រមូលឯកសារ ចងក្រងជាខ្លឹមសារ រូបភាព វីដេអូ នូវចំនុចខ្លាំងតាមវិស័យជំនាញរៀងខ្លួង ដើម្បីយកទៅផ្សព្វផ្សាយ ឲ្យមហាជនបានដឹងនូវការខិតខំប្រឹងប្រែង និងការអភិវឌ្ឍន៍នានា ដែលជាផលវិជ្ជមានសម្រាប់រដ្ឋបាលខេត្តទាំងមូល។

ឯកឧត្តម ប្រធានក្រុមការងារបណ្ដាញផ្សព្វផ្សាយសង្គមខេត្ត បន្ថែមថា ការងារនេះទាមទាឱ្យគ្រប់សមាសភាពពាក់ព័ន្ធ ត្រូវមានភាពម្ចាស់ការ ទំនួលខុសត្រូវខ្ពស់ និងសហការអនុវត្តតួនាទី ភារកិច្ច ឱ្យបានល្អប្រសើរ តាមរយៈការតាមដាន និងវាយតម្លៃសភាពការណ៍ជាក់ស្តែង ដើម្បីឆ្លើយតបនឹងដាក់ចេញវិធានការ បង្ការ ទប់ស្កាត់ចំពោះជនឱកាសនិយម ដែលអាចបង្កអសន្តិសុខដល់សង្គម ។

ឯកឧត្តម ហុក ពេជ្រហោះ ប្រធានអ្នកនាំពាក្យរបស់រដ្ឋបាលខេត្ត គូសបញ្ជាក់ថា ក្រុមការងារដែលទទួលលើការងារតាមដានរាល់ការខំមិនភាពអវិជ្ជមាននានា នៅហ្វេសប៊ុកផេកសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងខេត្តត្បូងឃ្មុំ បន្តយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងសូមបន្ថែមតាមដានផេកឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏ដូចជាផេកថ្នាក់ដឹកនាំនានា។

ជាចុងក្រោយ ហុក ពេជ្រហោះ អភិបាលរងខេត្ត ក៏ស្នើសូមឲ្យសមាជិកក្រុមការងារទាំងអស់ រាល់ទទួលបានប្រភពព័ត៌មានអវិជ្ជមានទាំងឡាយណា នៅលើបណ្តាញផ្សព្វផ្សាយសង្គមនានា សូមរាយការណ៍ចូលមកក្រុមតេលេក្រាមដែលបានចងក្រងរួច ដើម្បីពិនិត្យ ភាក្សាគ្នា ស្វែងរកប្រភព និងរកដំណោះស្រាយ ដើម្បីឆ្លើយតប បន្សាប និងរំលត់ ឲ្យបានលឿន និងទាន់ពេលវេលា៕