Social Network

ឯកឧត្តម ជា សុផារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបូកសរុបការងារគណបក្សខេត្តត្បូងឃ្មុំឆ្នាំ២០២៣ និងលើកទិសដៅភារកិច្ចឆ្នាំ២០២៤ និងការប្រកាសតែងតាំងបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ និងការតែងតាំងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុកទាំង ៧ ក្នុងខេត្តត្

(ត្បូងឃ្មុំ) ៖ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ជា សុផារ៉ា សមាជិកគណ:អចិន្រ្តៃយ៍គណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបការងារគណបក្សខេត្តត្បូងឃ្មុំឆ្នាំ២០២៣ និងលើកទិសដៅភារកិច្ចឆ្នាំ២០២៤ និងការប្រកាសតែងតាំងបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ និងការតែងតាំងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុកទាំង ៧ ក្នុងខេត្តត្បូងឃ្មុំ។

ពិធីប្រព្រឹត្តទៅ នៅសាលប្រជុំធំស្នាក់ការគណៈបក្សស្រុកត្បូងឃ្មុំ ស្ថិតនៅភូមិទួលវិហារ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្ត, សមាជិកគណៈកម្មាធិការគណបក្សខេត្ត, សមាជិកគណៈអចិន្ត្រៃយ៍គណបក្ស ក្រុង-ស្រុក ឃុំ-សង្កាត់, ក្រុមការងារយុវជនគណបក្សខេត្ត, សមាគមនារីខេត្ត, យុវជន គ ២.៧៨ ខេត្ត, សមាជិកក្រុមប្រឹក្សាជាសមាជិកគណបក្សប្រជាជនកម្ពុជាទាំង ៦៤ឃុំ-សង្កាត់, ប្រធានសាខាបក្សវិទ្យាល័យ អនុវិទ្យាល័យ និងសាលាបឋមសិក្សា សរុបទាំងអស់ចំនួន ១.៨៨៣នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម វង សូត បានអានសេចក្តីសម្រេច របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស្តីពីការតែងតាំងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នូវបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា មណ្ឌលភូមិភាគទី២ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដោយមានបេក្ខជនពេញសិទ្ធចំនួន ៨រូប និងបម្រុង ចំនួន ៨រូប សរុបចំនួន១៦រូប ជូនអង្គពិធីទាំងមូលបានជ្រាប និងបានស្គាល់។

នាពេលនោះដែរ ឯកឧត្តម ស៊ាក ឡេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ បានអានសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាល ស្តីពីការចាត់តាំងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុង-ស្រុក រួមមាន ៖ ១-ឯកឧត្តម អ៊ាង សុផល្លែត ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ២-ឯកឧត្ដម ចាយ បូរិន ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ៣-ឯកឧត្ដម ធា គ្រុយ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងសួង ខេត្តត្បូងឃ្មុំ ៤-ឯកឧត្ដម ថេង ច័ន្ទសង្វារ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៥-ឯកឧត្តម ផារ៉ា មង្គល ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និង៦-ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ទន្ទឹមនោះ ក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុង-ស្រុក ក្នុងខេត្តត្បូងឃ្មុំត្បូងឃ្មុំ ក៏បានប្តេជ្ញាចិត្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវលក្ខន្តិកៈបក្ស និងគោរពអនុវត្តនូវគោលការណ៍ និងសេចក្តីសម្រេចនានា របស់គណបក្សដែលបានដាក់ចុះឱ្យទទួលបានជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់ និងប្តេជ្ញាគោរពនិងចូលរួមអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាជាពិសេស គឺគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម ពាង ណារិទ្ធ អនុប្រធាន និងជាប្រធានគណៈប្រចាំការគណបក្សខេត្ត ក៏បានអានសេចក្តីព្រាងរបាយការណ៍បូកសរុបការងារគណបក្សខេត្ត ឆ្នាំ២០២៣ និងទិសដៅភារកិច្ចការងារគណបក្ស ឆ្នាំ២០២៤ ជូនអង្គពិធីទាំងមូលជ្រាបផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ជា សុផារ៉ា បានកោតសសើរ និងវាយតម្លៃខ្ពស់ ដល់ឯកឧត្តម លោកជំទាវ ដែលជាប្រធានក្រុមការងារមុន ដែលបានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានតាមបណ្តា ក្រុង-ស្រុក ឱ្យសម្រេចបាននូវសា្នដៃជាច្រើន ក្នុងការចូលរួមចំណែកថែរក្សា សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច លើកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ខេត្តត្បូងឃ្មុំ ជាពិសេសគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ឱ្យទទួលបានការគាំទ្រ និងទទួលជ័យជម្នះគ្រប់អាណត្តិ។

ឯកឧត្តម ជា សុផារ៉ា ក៏បានផ្ដាំផ្ញើដល់ ឯកឧត្តម ប្រធានក្រុមការងារចុះមូលដ្ឋានតាមបណ្តា ក្រុង-ស្រុក ដែលទើបទទួលបានការចាត់តាំងមុខតំណែងថ្មី ត្រូវបន្តខិតខំប្រឹងប្រែង ពង្រឹងការងារ ឱ្យកាន់តែខ្លាំងក្លាទៀត ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍ ខេត្តត្បូងឃ្មុំ ឱ្យមានការរីកចម្រើនថ្មីៗ បន្ថែមទៀត ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្ស ដែលថ្នាក់កណ្ដាល បានដាក់ចុះ ឲ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានរឹងមាំ ដោយឈរលើមាគ៌ារបស់គណបក្ស ដើម្បីអនុវត្តនូវការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោត នៅអាណត្តិបន្តទៀត ឲ្យទទួលបានលទ្ធផលជោគជ័យដ៏ត្រចះត្រចង់៕