Social Network

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡាបាលទាត់ដណ្ដើមពានរង្វាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីអបអរថ្ងៃជ័យជំនះ ៧មករា រដូវកាលទី៣ ឆ្នាំ២០២៤ នៅឃុំជំនីក ស្រុកក

(ត្បូងឃ្មុំ) រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ ដណ្ដើមពានរង្វាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅឃុំជំនីក ស្រុកក្រូចឆ្មារ ដើម្បីអបអរថ្ងៃជ័យជំនះ ៧មករា រដូវកាលទី៣ ឆ្នាំ២០២៤ ។

ពិធីនេះ ប្រព្រឹត្តទៅនៅទីលានបាល់ទាត់ភូមិជំនីក ស្ថិតនៅឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អភិបាល-អភិបាលរង ស្រុក អាជ្ញាធរស្រុក/ឃុំ កម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក អាប់ឌុលហាមីត រ៉សេត ប្រធានគណៈកម្មការរៀបចំការប្រកួត បានឱ្យដឹងថាអ្នកផ្តួចផ្តើមបង្កើតអោយមានព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ នេះ ឡើង រួមមាន លោក អាប់ឌុលហាមីត រ៉េសត ជាប្រធាន, លោក ហាំ ម៉ាទីន ជាអនុប្រធាន, លោក ស្លេះ ហ្វីន ជាអនុប្រធាន និង លោក អ៉ីសា សុកក្រី ជាអនុប្រធានទទួលបន្ទុករដ្ឋបាល ដោយមានក្រុមកីឡាឆ្នាំនេះ មកពីតាមបណ្ដាឃុំ និងក្លឹប ចំនួន ២១ក្រុម ទាំងកីឡាវ័យចាស់ និងក្រុម U-១៨ មានកីឡាករប្រមាណ ជាង ៣០០ នាក់ ។

លោកប្រធានគណៈកម្មការបានឲ្យដឹងបន្តថា ឆ្លងតាមរយៈនៃការប្រកួតអស់រយៈពេល ៥ ថ្ងៃ កីឡាករប្រកួត បានយកអស់កម្លាំងកាយចិត្តប្រឹងប្រែងអស់ពីសុវត្ថិភាព ទេពកោសល្យក្នុងការប្រកួតប្រជែងប្រកបដោយទឹកចិត្តក្លៀវក្លា ក្នុងនាមជាអ្នកកីឡា និងឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ទាំងការគោរពវិន័យ បទបញ្ជា បច្ចេកទេស ស្រឡាញ់យោគយល់អធ្យាស្រ័យ គឺជាសក្ខីកម្ម បង្ហាញថាយុវជនបានយល់ច្បាស់ នូវមនះសិកាកីឡា ដែលជាគម្រូមួយដ៏ល្អសម្រាប់ទៅថ្ងៃអនាគត។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា ការរៀបចំការប្រកួតកីឡាបាល់ទាត់ នៅស្រុកក្រូចឆ្មារ នេះឡើង គឺដើម្បីអបអរសាទរខួបលើកទី៤៥ នៃទិវាជាតិជ័យជំនះ «៧ មករា ១៩៧៩ - ៧ មករា ២០២៤» ដណ្តើមពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងគោលបំណងបង្កើនចំណងសាមគ្គីភាព មិត្តភាព សុខភាព ផ្តល់ភាពសប្បាយរីករាយ ដល់យុវជន និងប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិមុនៗ បន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុក្ខដាក់ខ្ពស់លើវិស័យកីឡា ដោយបានលើកកម្ពស់វិស័យកីឡានៅលើឆាកអន្តរជាតិ និងតំបន់។

កីឡានាំមកនូវសុខភាព សាមគ្គីមិត្តភាព បើគ្មានសុខភាព និងសន្តិភាពនោះទេ យើងមិនអាចលេងកីឡាបាននោះឡើយ។

ដូច្នេះហើយ សូមក្មួយៗយុវជន ក៏ដូចជាភាគីពាក់ព័ន្ធ សូមចូលរួម ជម្រុញ និងអភិវឌ្ឍន៍វិស័យកីឡា នៅក្នុងមូលដ្ឋាន សហគមន៍ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលថា «យុវជនម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទ ក្នុងមួយជីវិត»។

ក្នុងនោះវិស័យអប់រំកាយ និងកីឡា បាននឹងកំពុងដើរតួរនាទីសំខាន់ ជាយាន ក្នុងការអភិវឌ្ឍន៍សង្គម សន្តិភាព ដូចពាក្យថា «កីឡារស់ក្នុងសន្តិភាព»។ 

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណ ចំពោះការខិតខំរបស់ លោក អាប់ឌុលហាមីត រ៉សេត ប្រធានគណៈកម្មការ និងសហការី ក៏ដូចជាម្ចាស់ជំនួយ តែងតែរៀបចំព្រឹត្តការណ៍ប្រកួតកីឡានេះឡើង ដែលពេលនេះ ជាលើកទី ៣ ហើយ ក្នុងដំណើរការនៃការប្រកួតជាបន្តបន្ទាប់ ប៉ុន្មានឆ្នាំ មកនេះ សំដៅលើកកម្ពស់វិស័យកីឡានៅក្នុងតំបន់ ឱ្យកាន់តែមានភាពលេចធ្លោរ ពីព្រោះកីឡានាំមកនូវសុខភាព សាមគ្គីភាព មិត្តភាព ហើយបើគ្មានសុខភាព និងសន្តិភាពនោះទេ យើងមិនអាចលេងកីឡាបាននោះទេ។

ឯកឧត្តមបណ្ឌិត បានសម្តែងនូវការកោតសរសើរ ចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមសហការ ក្នុងការរៀបចំការប្រកួតកីឡា ប្រកបដោយជោគជ័យ។ ជាចុងក្រោយ ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា និងឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក៏បានប្រគល់លិខិតសរសើរ ដល់ក្រុមការងារ អាជ្ញាធរមូលដ្ឋាន គណៈកម្មការដឹកនាំការប្រកួត និងប្រគល់ជូនជ័យលាភី ដល់កីឡាករ ចាប់ពីចំណាត់ថ្នាក់លេខ១ ដល់លេខ៤ អមដោយពានរង្វាន់១ មេដាយ ម្នាក់១ៗ និងថវិកាមួយចំនួន និងបានថតរូបអនុស្សាវរីយ ជាមួយក្រុមកីឡាករផងដែរ។

សូមជម្រាបជូនថា ក្រុមជើងឯក លេខ ១ បានទៅលើ យុវជនប៉ើស២ , ក្រុងជើងឯករង លេខ ២ បានទៅលើ រស្មីសន្តិភាពពង្រ១ , ក្រុមលេខ ៣ បានទៅលើ យុវជនខ្ពប២ និងក្រុមលេខ៤ បានទៅលើ យុវជនភូមិអំពិល៕