Social Network

ក្បាលដីចំនួន៤៨៩២ ត្រូវបានរៀបចំពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

(បងប្អូនប្រជាពលរដ្ឋដែរជាម្ចាស់ក្បាលដី ត្រូវមានកាតព្វកិច្ចក្នុងការត្រួតពិនិត្យមើល ឈ្មោះ កម្មសិទ្ធដី និងប្រភេទដី អោយបានត្រឹមត្រូវ ដើម្បីកុំឲ្យមានបញ្ហាទៅថ្ងៃក្រោយទៀត)នេះ ជាការលើកឡើងរបស់លោក ប៉ូច សុធារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយ សំណង់ និងសុរិយោដី និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តត្បូងឃ្មុំ ។

នៅក្នុងពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារនូវការវិនិច្ឆ័យចំនួន៤ភូមិ ស្មើ៤.៨៩២ក្បាលដី ស្ថិតនៅឃុំពពែល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ។

ក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យនាឱកាសនោះ ធ្វើឡើងនៅបរិវេណវត្តពពេល ក្រោមវត្តមានលោក លី សុភាលីន អភិបាលនៃគណៈអភិបាលស្រុកពញាក្រែក ក្នុងនោះ ក៏មានការចូលរួមពី នាយករដ្ឋបាលសាលាស្រុក ប្រធានភូមិបាលស្រុក មន្ត្រីវាលចុះវាស់វែង និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

ជាមួយគ្នានោះ លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងភូមិខាងលើ សូមបង្កលក្ខណៈផ្ដល់ភាពងាយស្រួល និងចូលរួមសហការអោយ បានរលូនជាមួយក្រុមការងាចុះបញ្ជីដីធ្លី ដើម្បីអោយការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីអោយប្រជាពលរដ្ឋ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ដែលជាឯកសាររដ្ឋបាលបញ្ជាក់ពី សិទ្ធិជាម្ចាស់ដីស្របច្បាប់ ។

មានប្រសាសន៍នាឱកាសនោះ លោក ប៉ូច សុធារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយ សំណង់ និងសុរិយោដីខេត្ត បានលើកឡើងថា ៖ ៖ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ នាពេលនេះគឺមានរយៈពេល ១៥ថ្ងៃគិតចាប់ពីថ្ងៃទី០៩ ដល់២៤ ខែមករា ឆ្នាំ២០២៤ (ដោយពុំគិតពីថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាក់ឡើយ)។

លោក បានបន្ថែមថាបានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីទាំងអស់ ដែលបានចូលរួមសហការណ៍ជាមួយមន្ត្រីជំនាញសុរិយោដី ដើម្បីធ្វើការវាស់វែងឲ្យមានលក្ខណៈងាយស្រួលនិងឆាប់រហ័ស។

ម្យ៉ាងទៀត ប្រជាពលរដ្ឋដែលជាម្ចាស់ដីទាំង៤ភូមិ នៅក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំទាំងអស់ សូមចូលរួមក្នុងការត្រួតពិនិត្យប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដែលបានបិទប្រកាសផ្សព្វផ្សាយជាសាធារណៈកុំបីខកខានឡើង ដោយមន្ត្រីជំនាញនៅប្រចាំការនៅកន្លែងបិទផ្សាយ ដើម្បីរង់ចាំជួយពន្យល់បងប្អូន និងទទួលនូវរាល់ការសុំកែតំរូវរបស់បងប្អូនផងដែរ។

បើតាមការលើកឡើងពីលោក ជា ប៊ុណ្ណា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយ សំណង់ និងសុរិយោដីស្រុកពញាក្រែក បានឲ្យដឹងថា ៖ ការអនុវត្តការងារចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ របស់ក្រុមទី២ ប្រចាំស្រុកពញាក្រែក បានរៀបចំបិទផ្សាជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ មកពិនិត្យ ឈ្មោះ .ថ្ងៃខែឆ្នាំកំណើត.រូបរាងដី.ទំហំដី.ប្រភេទទ្រព្យ. ចំនួន៤ភូមិ មានភូមិជាំធ្លក ទួលចាន់ ទួលកណ្ដាល និងភូមិពពេល ក្នុងឃុំពពេល ស្រុកពញាក្រែក ដែលមានក្បាលដីសរុបចំនួន៤៨៩២ក្បាលដី ក្នុងនោះរួមមាន ៖ ភូមិជាំធ្លក មានចំនួន៨៥៧ក្បាលដី ភូមិទួលចាន់ មានចំនួន៤៩៨ក្បាលដី ភូមិទួលកណ្ដាល មានចំនួន ៦២៩ក្បាលដី និងភូមិពពេល មានចំនួន ២៩០៨ក្បាលដី៕