Social Network

ខេត្តត្បូងឃ្មុំ ប្រារព្ធពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ចរៈមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១

ខ្លឹមសារប្រកាសអនុសំវច្ឆរ មហាសន្និបាត មន្ត្រីសង្ឃ ទូទាំងប្រទេស លើកទី ៣១ ឆ្នាំ២០២៤ នៅខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្ធពិធីផ្សព្វផ្សាយ ជាផ្លូវការ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអគ្គាធិការង ពុទ្ធិកសិក្សាជាតិ និងជាព្រះអនុប្រធានថេរៈសភា នៃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តម ចាន់ សេងចុង អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ។

ក្នុងពិធីផ្សព្វផ្សាយនោះដែរ ធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ព្រះមេគណ/អនុគណខេត្ត ព្រះគ្រូចៅអធិការគ្រប់វត្តអារាមក្នុងខេត្ត ព្រះមន្ត្រីសង្ឃទូទាំងខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត និងលោកអាចារ្យ សរុបប្រមាណជាង៧០០នាក់។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានសម្តែងការកោតសរសើរ ចំពោះមន្ត្រីមន្ទីរធម្មការ និងសាសនាខេត្ត ព្រះមេគណ ព្រះអនុគណខេត្ត ស្រុក-ក្រុង ព្រះចៅអធិកា អាចារ្យ និងគណៈកម្មការគ្រប់វត្តទូទាំងខេត្ត ដែលបានរួមគ្នាទ្រទ្រង់ព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើន ស្របទៅនឹងសង្គមជាតិ។

ក្នុងនោះ អង្គសន្និបាតរយៈពេល១ថ្ងៃ ត្រូវបានចូលរួមការពិភាក្សា ចែករំលែក ផ្លាស់ប្តូរយោបល់ ផ្តល់ចំណេះដឹង បទពិសោធន៍ ដែលជាចក្ខុវិស័យ រកឲ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានា ធ្វើការដោះស្រាយប្រកបដោយតម្លាភាព និងសមធម៌។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានអំពាវនាវដល់មន្ត្រីធម្មការ ព្រះសង្ឃ អាចារ្យ គណៈកម្មការគ្រប់វត្តទូទាំងខេត្ត ត្រូវរួមគ្នាបន្តថែរក្សា ការពារ អភិរក្ស អភិវឌ្ឍន៍ព្រះពុទ្ធសាសនា ជាសាសនារបស់ជាតិ ឲ្យកាន់តែមានភាពរុងរឿងស័ក្កិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទ និងពង្រឹងគុណភាពពុទ្ធិកសិក្សា ដើម្បីអភិវឌ្ឍធនធានបុព្វជិតឲ្យកាន់តែមានសុក្រិត្យភាព និងគុណភាពខ្ពស់ផងដែរ ។

បើតាមរបាយការណ៍របស់ លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ គិតមកដល់ពេលនេះ នៅខេត្តត្បូងឃ្មុំ មានវត្តចំនួន២៥៥វត្ត ក្នុងនោះ គណៈធម្មយុត្តមានចំនួន៩វត្ត និងអាស្រមចំនួន៦កន្លែង។

មានព្រះសង្ឃសរុបចំនួន២៧៧៣អង្គ ភិក្ខុ៧៣៥អង្គ សាមណេរ២០៣៨អង្គ លោកអាចារ្យមានចំនួន៩៩៣ គណៈកម្មការវត្តមានចំនួន១៧២០។ ចំពោះវិស័យពុទ្ធិកសិក្សា បានបណ្ដុះបណ្ដាល ព្រះសង្ឃតាំងពីថ្នាក់ធម្មវិន័យ ថ្នាក់ពុទ្ធិកបឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា ដោយគិតមកដល់ពេលនេះ មានសាលាពុទ្ធិកវិទ្យាល័យ ០១កន្លែង សាលាពុទ្ធិកមធ្យមសិក្សាបឋមភូមិ ២កន្លែង និងសាលាពុទ្ធិកបឋមសិក្សាមាន១១កន្លែង ក្នុងនោះ មានសមណសិស្សសរុបចំនួន១២៦៦អង្គ (ពុទ្ធិកវិ ១៥០អង្គ,ពុទ្ធិកអនុវិ ៤០៣អង្គ ,ពុទ្ធិកបឋម៧១៣អង្គ)៕