Social Network

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា ជាការរំលឹកកម្ពុជារួចផុតពីរណ្តៅមរណៈ

ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៤) នៅបរិវេណរង្វង់មូល មុខសាលាខេត្ត ក្នុងបុរីរដ្ឋបាល ទីរួមខេត្តត្បូងឃ្មុំ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ យុវជន សិស្ស និស្សិត អង្គការ សមាគមន៍ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអានសុន្ទរកថារបស់តេជោ ហ៊ុន សែន ដោយមានខ្លឹមសារអត្ថន័យដ៏ជ្រាលជ្រៅនៃកម្លាំងមហាសាមគ្គីជាតិក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ពួក ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត លើកឡើងថា ជ័យជម្នះ៧មករាបានផ្តល់កំណើតទីពីរដល់ប្រជាជនកម្ពុជាគ្រប់រូប និងបានផ្ដល់ក្ដីសង្ឃឹមចំពោះអនាគតរបស់ប្រទេសជាតិ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រដែលគ្មានកម្លាំងណាអាចមកបំភ្លៃ បំផ្លើសនិងបំផ្លាញបានឡើយ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា ៤៥ឆ្នាំក្រោយការរំដោះចេញពីរបបវាលពិឃាត ប៉ុលពត, កម្ពុជាបានប្រែ ក្លាយ ពីប្រទេស មានប្រជាពលរដ្ឋត្រឹម ៥លាននាក់ មកជាប្រទេសមានប្រជាពលរដ្ឋប្រមាណជា ១៦ លាន នាក់, ពីប្រទេសគ្មានចំណូលសេដ្ឋកិច្ចជាតិក្លាយជាប្រទេសមានចំណូលសេដ្ឋកិច្ចជាង ២៤ពាន់ លានដុល្លារ, កម្ពុជា ដែលធ្លាប់គ្មានអ្នកទេសចរ ក្លាយជាប្រទេសស្វាគមន៍អ្នកទេសចរជាង ៦លាននាក់ក្នុងមួយឆ្នាំ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្ថែមថា កម្ពុជាបានរើខ្លួនចេញពីប្រទេសក្រីក្រ ប្រទេសគ្មានអ្វីសោះ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាបនា ពេលបច្ចុប្បន្ន ព្រមទាំងកំពុងប្រឹងប្រែងអភិវឌ្ឍន៍ឲ្យក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ កម្ពុជា ដែលធ្លាប់តែជាប្រទេសឯកោ ក្លាយជាប្រទេសធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងពិភពលោក មានសិទ្ធិស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់តំបន់ និងថ្នាក់អន្តរជាតិផងដែរ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត សូមឲ្យប្រជាជនខ្មែរគ្រប់រូប ចូលរួមអបអរសាទរ ខួប៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជាយើងទាំងមូល បានរួចជីវិតពី រណ្តៅ មរណៈ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហានរបស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជនយើង ដែលត្រូវចង់ចាំទុកក្នុងក្រអៅបេះដូងជានិរន្តន៍៕